​រុស្ស៊ីបាន​ព្រមាន​ថា ខ្លួន​នឹង​បាញ់​ប្រហារ​ទៅលើ​ការដឹកជញ្ជូន​សព្វាវុធ​របស់លោក​ខាងលិច​ទៅ​កាន់​ក្រុង​កៀវ ដោយ​ការ​គំរាម​នេះ នឹង​បង្កើន​ហានិភ័យ​នៃ​ការប៉ះទង្គិច​ដោយផ្ទាល់រ​វាង​ក្រុង​ម៉ូស្គូ និង​អង្គការ​ណា​តូ​ ក្នុងអំឡុងពេល​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​

​កាលពី​ថ្ងៃ​សៅរ៍ អនុរដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក ​សឺ​ហ្គេ រី​យ៉ាប​កូវ​ បាន​និយាយថា «​ការ​សប់​បំប៉ោង​ប្រ​ទេស​អ៊ុយ​ក្រែ​ន ​ជាមួយនឹង​អាវុធ​ពី​គ្រប់​ប្រទេស​» គឺ «​មិនមែន​គ្រាន់តែ​ជា​ច​ល​​នា​ដ៏​គ្រោះថ្នាក់​នោះទេ វា​ជា​អ្វីដែល​ប្រែ​ក្បួន​រថយន្ត​ទាំងនេះ​ទៅជា​គោល​​ដៅ​យោធា​ស្របច្បាប់​»​។​

​ប្រធានាធិបតី​អាមេរិក​ លោក ​ចូ បៃ​ដិ​ន និង​មេដឹកនាំ​លោកខាងលិច បាន​ច្រានចោល​សំណើ​ឱ្យ​បង្កើត​តំបន់​ហាម​​ឃាត់​មិនឱ្យ​ហោះហើរ​នៅលើ​អ៊ុយ​ក្រែ​ន ហើយ​និយាយថា អង្គការ​ណា​តូ​នឹងមិន​ត្រូវ​ទាញ​ចូលក្នុង​ការប្រយុទ្ធ​ជាមួយ​រុស្ស៊ី ឬ​បញ្ជូនទាហាន​ទៅ​ការពារ​អ៊ុយ​ក្រែ​ន​ទេ​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ លោក​​ខាងលិច​បាន​បញ្ជូន​ជំនួយ​អាវុធ​ជា​​ច្រើន​ទៅឱ្យ​អ៊ុយ​ក្រែ​ន​។ សហរដ្ឋអាមេរិក​បាន​សន្យា​ផ្ដល់ជំនួយ​យោធា​ចំនួន​ជាង ៦,៥​ ពាន់​លាន​ដុល្លារ​ទៅឱ្យ​អ៊ុយ​ក្រែ​ន​។ ចក្រភព​អង់គ្លេស​បាន​បញ្ជូន​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ប្រភេទ NLAW និង Javelin ចំនួន ៣ ៦១៥ គ្រាប់ ខណៈ​រដ្ឋ​សមុទ្រ​បាល់​ទិ​ក ដែលជា​ប្រទេស​អតីត​សមាជិក​សហភាព​​សូ​វៀត លី​ទុយ​អា​នី ឡា​ត​វី និង​អេ​ស្តូ​នី បាន​បញ្ជូន​អាវុធ​ប្រឆាំង​រថក្រោះ​ជាង ១០ ០០០ ​គ្រាប់​។​

​លោ​ក រី​យ៉ាប​កូវ ក៏បាន​ចោទប្រកាន់​អាមេរិក​ថា បាន​បង្ក​ឱ្យ​ទំនាក់ទំនង​កាន់តែ​តានតឹង​៕

វីដេអូ៖