ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​​សហប្រជាជាតិ​បានរៀបចំ​កិច្ច​ប្រជុំ​ក្រោម​សំណើ​របស់​ប្រទេសរុស្ស៊ី​ ដើម្បី​ពិភាក្សា​ការអះអាង​របស់​ក្រុង​ម៉ូស្គូ​ថា អាមេរិកបាន​ផ្គត់ផ្គង់​ថវិកា​ឱ្យ «​សកម្មភាព​ជីវសាស្ត្រ​យោធា​» នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ​ពោល គឺ​ការអភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​ដោយ​សម្ងាត់​ក្នុង​មន្ទីរពិសោធន៍​អ៊ុយ​ក្រែ​ន​។ កិច្ចប្រជុំ​នេះ គឺ​ពោរ​​ពេញ​ទៅដោយ​ភាព​តានតឹង​។

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​​សហប្រជាជាតិ លោក​ វ៉ា​ស៊ី​លី​ នេ​​បេន​ហ្សី បាន​ព្យាយាម​រៀបរាប់​អំពី​សេណារីយោ​មួយ ដែលមាន​ការរីក​រាល​ដាល​ភ្នាក់ងារ​ជីវសាស្ត្រ​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​។ រីឯ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រ​ជា​ជាតិ​លោកស្រី​លីន​ដា ថូ​មាសហ្គ្រី​ហ្វៀ​ល បាន​ព្រមាន​ថា រុស្ស៊ី​អាច​ប្រើប្រាស់​ការចោទប្រកាន់​ទាំង​នេះ​ ដើម្បី​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។​

​ការចោទប្រកាន់​ទៅវិញ​ទៅ​​មក​ទាំងនេះ បានធ្វើឱ្យ​មានការ​​ចោទសួរ​ថា ​តើ​មាន​អ្វីខ្លះ​ពីក្រោយ​ការអះអាង​ទាំងនេះ ហើយ​តើ​ជាក់​​ស្ដែង អ្វី​កំពុង​កើតឡើង​?

​កាលពី​ថ្ងៃអាទិត្យ សប្ដាហ៍​មុន ក្រសួងការបរទេស​រុស្ស៊ី​បានធ្វើ​ការចោទប្រកាន់​លើ​បណ្ដាញ​សង្គម Twitter ថា សហរដ្ឋអាមេរិក និង​អ៊ុយ​ក្រែ​ន​កំពុង​អនុវត្ត «​កម្មវិធី​ជីវសាស្ត្រ​យោធា​» នៅក្នុង​ទឹកដី​របស់​ប្រទេស​នេះ​។ ក្រុង​ម៉ូស្គូ​បាន​អះអាងថា កងកម្លាំង​លុកលុយ​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន បាន​រក​​ឃើញ​ភ័ស្តុតាង​នៃ​ការ «​បោស​​សម្អាត​អាសន្ន​» ដើម្បី​បំបាត់ដាន​នៃ​កម្មវិធី​នេះ​។​

​រុស្ស៊ី​ក៏បាន​ចេញផ្សាយ​ឯកសារ ដែល​ពួកគេ​អះអាងថា បង្ហាញ​ពី​សកម្មភាព​សម្ងាត់​រប​ស់​អាមេរិក​នៅ​បណ្ដា​មន្ទីរពិសោធន៍​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្រុង​កៀវ ក្រុង​កា​កៀវ និង​ក្រុង​ធំៗ​ដទៃទៀត​។ រុស្ស៊ី​មិនបាន​បញ្ជាក់ថា ពួកគេ​បាន​រកឃើញ​ឯកសារ​ទាំងនេះ​នៅទីណា​ទេ​។​

​ប្រទេស​ចិន បាន​ជួយ​បន្ទរ​ការ​​អះអាង​របស់​ក្រុង​ម៉ូស្គូ ហើយ​បាន​ជួយ​គាំទ្រ​រុស្ស៊ី​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​។ អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​ការអះអាង​របស់​រុស្ស៊ី​បាន​រកឃើញ ការគាំទ្រ​នៅ​សហរដ្ឋអាមេរិក​ផ្ទាល់ ជា​​ពិសេស​ក្នុង​សមាគម​ស្ដាំ​ជ្រុល​​និយម​។ លោក ​ស្ទី​វ បា​ណុន អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក​ ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការអះអាង​នេះ​កម្មវិធី​វិទ្យុ​ផដ​ខាស War Room​។ កូនប្រុស​​ច្បង​របស់លោក ​ត្រាំ បាន​និយាយ​លើ​បណ្ដាញ​សង្គម Twitter ថា ​ការអះអាង​របស់​រុស្ស៊ី គឺជា​ការ​​ពិត​។ លោក​ តុ​ក​ឃឺ កាល​សុន ពិធីករ​ប៉ុស្តិ៍​ទូរទស្សន៍ Fox News​ ដ៏​ល្បី​ក្នុងចំណោម​អ្នកគាំទ្រ​របស់លោក​ ត្រាំ ក៏បាន​ធ្វើការ​គាំទ្រ​ចំពោះ​ការអះអាង​របស់​រុស្ស៊ី នៅលើ​កញ្ចក់​ទូរទស្សន៍​ផងដែរ​។​

​អាមេរិក និង​អ៊ុយ​ក្រែ​ន ​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​យ៉ាងខ្លាំង​។ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ លោកស្រី ​ថូ​មាសហ្គ្រី​ហ្វៀ​ល​៖ «​ខ្ញុំ​នឹង​និយាយ​ម្ដងនេះ​ថា អ៊ុយ​ក្រែ​ន​មិនមាន​កម្មវិធី​អាវុធ​​ជីវសាស្ត្រ​ទេ​»​។ លោកស្រី​បាន​បង្វែរ​ការចោទប្រកាន់​ទៅ​ក្រុង​ម៉ូស្គូ​វិញ ដោយ​និយាយថា​៖ «​វា​គឺជា​ប្រទេស​រុស្ស៊ី ដែល​បាន​រក្សា​កម្មវិធី​អាវុធ​ជីវសាស្ត្រ​ជា​យូរ​មកហើយ​ដោយ​បំពាន​នឹង​ច្បាប់​អន្តរជាតិ​»​។​

​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​លោក ​សឺ​ហ្គី គី​ស្លី​ត​សា ​និយាយថា​​ ការ​អះ​​អាង​របស់​រុស្ស៊ី​ គឺជា «​ការ​ស្រមើ​ស្រ​មៃ​ដោយ​សតិ​មិន​ប្រក្រតី​»​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា ខ្លួន​មិនបាន​ដឹង​ពី​សកម្មភាព​អ៊ុយ​ក្រែ​ន​ណាមួយ​ដែល​បាន​រំលោភ សន្ធិសញ្ញា​អន្តរជាតិ​ណាមួយ រួមទាំង​សន្ធិសញ្ញា​ហាម​មិន​ឱ្យមាន​អាវុធ​ជីវសាស្ត្រ​។​

​តំណាង​ជាន់ខ្ពស់​អង្គការ​សហ​​ប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​រំសាយ​អាវុធ​ប្រល័យ លោកស្រី អ៊ី​ហ្សូ​មី ណា​កា​មី​តស៊ូ បាន​និយាយថា អង្គការសហប្រជាជាតិ «​មិនបាន​ដឹង​ពី​កម្មវិធី​អាវុធ​ជីវសាស្ត្រ​ណាមួយ​» នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ហើយ​បានចង្អុលបង្ហាញ​ថា មាន​បណ្ដាញ​ផ្លូវការ​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ការរំលោភ​លើ​អនុសញ្ញា​អាវុធ​ជីវសាស្ត្រ និង​ជាតិពុល ដែល​ហាមឃាត់​ការ​ប្រើប្រាស់​អាវុធ​បែបនេះ​។​

​កាលពី​សប្ដាហ៍​មុន រដ្ឋលេខា​​ធិ​ការទទួល​បន្ទុក​កិច្ចការ​ន​យោ​​បាយ​ក្រសួងការបរទេស​អាមេរិក​លោកស្រី ​វ៉ិ​ច​តូ​រី​យ៉ា នូ​ឡេ​ន ទទួល​ស្គាល់​ថា មាន​មន្ទីរពិសោធន៍​អ៊ុយ​ក្រែ​ន ដែល​ទទួល​ថវិកា​ពី​អាមេរិក​។

​ការលើកឡើង​របស់លោក​ស្រី នូ​ឡេ​ន ត្រូវបាន​គេ​ប្រើប្រាស់​ជាការ​បញ្ជាក់​នៃ​ការអះអាង​របស់​រុស្ស៊ី ប៉ុន្តែ​ការផ្គត់ផ្គង់​ប្រាក់​ទាំងនេះ ​គឺមាន​ឫសគល់​ក្នុង​ព្រឹត្តិការណ៍​បន្ទាប់​ពី​ការដួលរលំ​នៃ​សហភាពសូវៀត​។ កម្មវិធី​សហប្រតិបត្តិ​ការកាត់បន្ថយ​ការគំរាមកំហែង​ (CTR) គឺជា​កម្ម​វិធី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​ដែលជា​អតីត​រដ្ឋ​សហភាពសូវៀត ដើម្បី​បង្វែរ​អ្នកជំនាញ​វិទ្យាសាស្ត្រ​ឱ្យ​ចាក​ចេញពី​កម្មវិធី​អាវុធ​។ ក្រោម​កម្មវិធី​នេះ​មន្ទីរពិសោធន៍​ជីវសាស្ត្រ​អ៊ុយ​ក្រែ​ន គឺ​ដំណើរ​​ការ​ដើម្បី​ការឃ្លាំមើល​ជំងឺ​នៅក្នុង​សត្វ និង​មនុស្ស និង​ជា​ប្រព័ន្ធ​ផ្ដល់ដំណឹង​ជាមុន​អំពី​ជំងឺ​ថ្មី​។​

​ដើម្បី​បំពេញបេសកកម្ម មន្ទីរ​ពិសោធន៍​ទាំងនេះ​ត្រូវ​ប្រមូល និង​រក្សាទុក​សំណាក​មេរោគ​គ្រោះ​ថ្នាក់​ជាច្រើន​។ គេ​ដឹង​ជា​សាធារណៈ​ថា អង្គការ​សុខភាព​ពិភពលោក​បាន​ជំរុញ​ឱ្យ​អ៊ុយ​ក្រែ​ន​កម្ទេច​សំណាក​នេះ ដើម្បី​ចៀសវាង​វិបត្តិ​រីក​រាលដាល​ថ្មី ប្រសិនបើ​រុស្ស៊ី​ធ្វើ​​ការវាយប្រហារ​លើ​មន្ទីរ​ពិសោធ​ន៍​ទាំងនេះ​៕