​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ ទី ​១១ មីនា ​ប្រទេស​រុស្ស៊ី ​បាន​ចោទប្រកាន់ សហរដ្ឋអាមេរិក និង​អ៊ុយ​ក្រែ​ន បាន​ឃុបឃិត​ប្រើប្រាស់​សត្វ​បក្សី​សត្វល្អិត និង​សត្វ​ប្រចៀវ​ ដើម្បី​បង្ក​ការរីក​រាលដាល​នៃ​មេរោគ​ធ្វើឱ្យ​អាមេរិក​ចោទប្រកាន់​រុស្ស៊ី​ថា កំពុង​បង្កើត​លេស​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​។​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហប្រជាជាតិ​លោក​ វ៉ា​ស៊ី​លី​ នេ​បេន​ហ្ស៊ី បានធ្វើការ​រៀបរាប់​យ៉ាង​វែង​អំពី​អ្វីដែល​រុស្ស៊ី​អះអាងថា​ ជា​ឧបាយកល​ប្រើប្រាស់​អា​​វុ​ធ​ជីវសាស្ត្រ ហើយ​បាន​និយាយថា សត្វ​បក្សី សត្វល្អិត និង​សត្វ​ប្រចៀវ ​ដែលមាន​មេរោគ​ទាំងនេះ អាច​ហោះ​ទៅ​ទិស​ខាងលិច​ព្រំដែន​អ៊ុយ​ក្រែ​ន​វិញ​។​

«​យើង​សូម​អំពាវនាវ​ឱ្យ​អ្នក​​គិត​អំពី​គ្រោះថ្នាក់​ជីវសាស្ត្រ​ពិតប្រាកដ​មួយ​ចំពោះ​ប្រជាជន​នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ​ដែល​អាច​បណ្ដាលមកពី​ការរីក​រាលដាល​ដែល​មិនអាច​គ្រប់គ្រង​បាន​នៃ​ភ្នាក់ងារ​ជីវសាស្ត្រ​ពី​អ៊ុយ​ក្រែ​ន​»​។ លោ​ក នេ​បេន​ហ្ស៊ី និយាយ​បែបនេះហើយ​បន្តទៀតថា​៖ «​ហើយ​ប្រសិនបើ​មាន​សេណារីយោ​បែបនេះ​នោះ អឺរ៉ុប​ទាំងអស់ នឹង​ត្រូវបាន​គ្របដណ្ដប់​»​។​

​តំណាង​ជាន់ខ្ពស់​របស់​អង្គ​​ការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​រំសាយ​អាវុធ​ប្រល័យ​​លោក​លោកស្រី​ អ៊ីហ្សូ​មីណា​កា​មី​តស៊ូ​ បាន​និយាយថា អង្គការសហប្រជាជាតិ «​មិនបាន​ដឹង​ពី​កម្មវិធី​អាវុធ​ជីវសាស្ត្រ​ណាមួយ​» នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ​ហើយ​បានចង្អុលបង្ហាញ​ថា ​មាន​បណ្ដាញ​ផ្លូវការ​សម្រាប់​រដ្ឋា​ភិ​បាល​ក្នុង​ការលើកឡើង​ពី​ការ​​ព្រួយបារម្ភ​អំពី​ការរំលោភ​លើ​អនុសញ្ញា​អាវុធ​ជីវសាស្ត្រ និង​ជាតិពុល​ដែល​ហាមឃាត់​ការ​​ប្រើប្រាស់​អាវុធ​បែបនេះ​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រ​ចាំ​អង្គការសហប្រជាជាតិ​លោកស្រី​ លីន​ដា ថូ​មី​សហ្គ្រី​ហ្វៀ​ល បាន​និយាយថា​៖ «​ចេតនា​នៅ​ពីក្រោយ​ការ​កុហក​ទាំងនេះ​ហាក់ដូចជា​ច្បាស់​​លាស់ ហើយ​វា​គួរឱ្យ​ព្រួយបារម្ភ​ណាស់​»៕

វីដេអូ៖