ក្តីសង្ឃឹម​សម្រាប់​ក្រុមហ៊ុន​លោកខាងលិច​មួយចំនួន ដែល​បាន​ជួល​យន្តហោះ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងប្រទេស​រុស្ស៊ី ចាប់ផ្ដើម​រលុប​ម្ដង​បន្តិចៗ ដោយសារ​អាជ្ញាធរ​នៅ​ទីនោះ​មានបំណង​រក្សាទុក​យន្តហោះ​ទាំង​​នេះ ខណៈពេលដែល​ប្រធានាធិបតី​រុស្ស៊ី លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ពិភាក្សា​ដោយ​បើកចំហ​អំពី​ការធ្វើជា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អាជីវ​កម្ម​បរទេស​។​

​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ មាន​យន្តហោះ​ចំនួន ៥២៣​ គ្រឿង ​ដែល​ក្រុម​ហ៊ុន​លោកខាងលិច បាន​ជួល​ទៅឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​។ នេះ​បើ​យោងតាម IBA ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​វិស័យ​អាកាសចរណ៍​។ ក្នុងចំណោម​នោះ យន្តហោះ​ ១០១ គ្រឿង គឺ​ជួល​ដោយ​ក្រុមហ៊ុន​អាកាស​ចរណ៍ S7 Airlines និង ​៨៩ ​គ្រឿង ជួល​ទៅឱ្យ​ក្រុមហ៊ុន Aeroflot​។ ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ ២ បាន​បញ្ឈប់​ការហោះហើរ​អន្តរជាតិ​ដោយ​លុបបំបាត់​រាល់​ឱកាស​នៃ​ការ​កាន់​កាប់​យន្តហោះ​នៅលើ​ដី​បរទេស​ឡើងវិញ​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ការ​លុក​លុយ​របស់លោក​ វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅលើ​អ៊ុយ​ក្រែ​ន សហភាព​អឺរ៉ុប ចក្រភព​​អង់គ្លេស សហរដ្ឋអាមេរិក និង​កាណាដា បាន​លុបចោល​ការជួល​យន្តហោះ​ទាំងអស់ ដែល​ការសម្រេច​នេះ​ នឹងមាន​ប្រសិទ្ធភាពចាប់ពី​ថ្ងៃទី ​២៨ ខែមីនា តទៅ​។ ក្រុមហ៊ុន​ម្ចាស់​យន្តហោះ បាន​រឹបអូស​យក​យន្តហោះ​រុស្ស៊ី​ជួល​ជាច្រើន​គ្រឿង នៅក្នុង​ទីក្រុង​ក្រៅ​រុស្ស៊ី បើ​គិត​ជា​សាច់ប្រាក់​មានតម្លៃ​ប្រមាណ​ជាង ​១២ ទៅ ១៥ ​ពាន់​លាន​ដុល្លារ​។​

​លោក​ Vitaly Guzhva​ សាស្ត្រាចារ្យ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យ Embry-Riddle Aeronautical University បាន​និយាយថា​៖ «​ការ​​យល់ស្រប​ជាទូទៅ គឺ​យើង​ប្រហែលជា​យក​វា​មកវិញ លែង​បាន​ហើយ​»​។​

​ក្រុមហ៊ុន AerCap ដែលជា​ក្រុម​ហ៊ុន​ជួល​យន្តហោះ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​សម្រាប់​យន្តហោះ​ពា​ណិ​ជ្ជ​កម្ម មាន​យន្តហោះ​ជួល​ចំនួន​ ១៤២ ​គ្រឿង ​នៅក្នុង​ប្រទេស​រុស្ស៊ី ច្រើនជាង​ក្រុមហ៊ុន​ដទៃទៀត​។ ​នេះ​បើ​យោងតាម IBA។​

​ក្រុមហ៊ុន AerCap បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ប៉ុន្តែ​បាន​និយាយ​នៅក្នុង​ការប្រកាស​ហិរញ្ញវត្ថុ​ថ្មីៗ​នេះ​ថា យន្តហោះ​របស់ខ្លួន​នៅក្នុង​ប្រទេស​រុស្ស៊ី​មាន គឺ​ប្រហែល​ស្មើនឹង ៥​ ភាគរយ​នៃ​យន្តហោះ​សរុប​របស់ខ្លួន​។ ក្រុមហ៊ុន SMBC Aviation Capital ដែលមាន​យន្តហោះ​ ៣៥​ គ្រឿង ​ជាប់​ក្នុង​រុស្ស៊ី​ក៏​មិនបាន​អត្ថាធិប្បាយ​លើ​អ​នា​គ​តនៃ​យន្តហោះ​របស់​ពួកគេ​ដែរ​។​

​ខណៈពេលដែល​ក្រុមហ៊ុន​ខាងលិច​នឹងត្រូវ​ប្រឈម​នឹង​ការខាតបង់​ប្រាក់​​កក់​លើ​ប្រាក់ចំណូល​ក៏ដូចជា​តម្លៃ​នៃ​យន្តហោះ​ទាំងនេះ ស្ថានភាព​នៅ​រុស្ស៊ី​ហាក់ដូចជា​មិន​នាំឱ្យ​មានការ​​ក្ស័យធន​នៃ​ឧស្សាហកម្ម​នោះទេ ហើយ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត វា​នាំឱ្យ​មានការ​ចោទសួរ​អំពី​មូលដ្ឋាន​ច្បាប់​សម្រាប់​ឧស្សាហ​កម្មនេះ ពោលគឺ​សិទ្ធិ​របស់​ភ​តិកៈ ឬ​ម្ចាស់​កម្មសិទ្ធិ​ក្នុងការ​កាន់កាប់​យន្តហោះ ដែល​បាន​បំពាន​លក្ខខណ្ឌ​នៃ​ការជួល​របស់​ពួកគេ​។​

​សហភាព​អឺរ៉ុប បានអនុញ្ញាត​ឱ្យមាន​ច្រករបៀង​អាកាស​តូច​មួយ​សម្រាប់​ការ​ត្រឡប់មកវិញ​នូវ​យន្ត​ហោះ​ដែល​បាន​ជួល​ពី​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ចាប់តាំងពី​ទីភ្នាក់ងារ​ដឹកជញ្ជូន​ផ្លូវអាកាស​សហព័ន្ធរុស្ស៊ី «​បានណែនាំ​» ​ថា ជើងហោះហើរ​អន្តរជាតិ​ទាំងអស់​ចេញពី​ប្រទេស​រុស្ស៊ី គួរតែ​ត្រូវបាន​ផ្អាក​ដោយ​ក្រុមហ៊ុន​អា​កាស​ចរណ៍​ក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន ចាប់ពី​ថ្ងៃទី​ ៦ ខែមីនា មក​ការអនុញ្ញាត​របស់​សហ​ភាព​អឺរ៉ុប​ចាត់ទុកថា​ ជា​មោ​ឃៈ​។ ​ទីភ្នាក់ងារ​នេះ ត្រូវបាន​គេ​ស្គាល់​ថា Rosaviatsiya ​ក៏ «​ណែនាំ​» ជើងហោះហើរ​មកកាន់​ប្រទេស​រុស្ស៊ី ​ត្រូវ​ផ្អាក ​បន្ទាប់ពី​ថ្ងៃទី​ ៨​ ខែមីនា​។​

​ជាធម្មតា​នៃ​កិច្ចសន្យាជួល​យន្ត​ហោះ​សម្រាប់​ម្ចាស់ អាច​ស្នើ​សុំឱ្យ​តុលាការ​ក្នុង​តំបន់​ធ្វើការ​អនុវត្ត​កិច្ចសន្យា ហើយ​បន្ទាប់មក​ចូលរួម​ជាមួយ​អ្នក​ជួល ​ដើម្បី​បញ្ជូន​យន្តហោះ​ត្រឡប់មកវិញ​ដើម្បី​សម្អាត និង​សេវា​កម្មជួល​ឡើងវិញ​។ ​យន្តការ​ផ្លូវ​​ច្បាប់​គឺ "​អនុសញ្ញា Cape Town" ដែលជា​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​អនុញ្ញាតឱ្យ​អ្នកផ្ដល់​ប្រាក់កម្ចី​ដែលមាន​ការធានា ដូចជា​អ្នក​ជួល​អាច​កាន់កាប់​វត្ថុ​បញ្ចាំ​របស់​ពួកគេ​មកវិញ​ពោល គឺយន្តហោះ​នេះឯង​។​

​បើតាម​ការអធិប្បាយ​ពី​សារព័ត៌​មាន The Financial Times តាម​យន្តការ​នេះ​ដំណើរការ​ទំនង​នឹងមិន​ដូច​បំណង​ដោយមាន​ករណី​លើក​លែង និង​ការពន្យារពេល​តិចតួច​។ ប្រទេស​រុស្ស៊ី​ គឺជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា Cape Town ប៉ុន្តែ​ការចុះ​​ហត្ថលេខាប្រៀបបាន​នឹង​ការចុះ​ហត្ថ​លេខា​ដោយ​ទឹក​ថ្នាំ​រលុប​អ៊ីចឹង​៕

វីដេអូ៖