​កាលពី​ថ្ងៃអាទិត្យ ទី ​១៣ ខែមីនា​ ប្រទេស​អ៊ីរ៉ង់ បានប្រកាស​ទទួលខុស​​ត្រូវ​ចំពោះ​ការវាយប្រហារ​មី​ស៊ី​ល​នៅ​ជិត​ស្ថាន​កុងស៊ុល​អាមេរិក​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ី​រ៉ា​ក់ ដោយ​និយាយថា ការវាយប្រហារ​នេះ គឺជា​ការ​សងសឹក​ចំពោះ​ការវាយប្រហារ​របស់​អ៊ីស្រា​អែល​នៅ​ប្រទេស​ស៊ី​រី ​កាលពីដើម​សប្ដាហ៍​មុន ដែល​សម្លាប់​ទាហាន​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉ង់​ចំនួន ​២ ​រូប​។​

​ការវាយប្រហារ​នេះ​បាន​ទាក់ទាញ​ការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ពីរ​ដ្ឋា​ភិ​​បាល​អ៊ី​រ៉ា​ក់ ដែល​បាន​ហៅ​វា​ថា ​ជា ​«​ការបំពានច្បាប់ និង​បទដ្ឋាន​អន្តរ​​ជាតិ​» ហើយ​ទាមទារ​ឱ្យមាន​ការបំភ្លឺ​ពី​ថ្នាក់ដឹកនាំ​អ៊ី​រ៉ង់​។ ក្រសួងការបរទេស​អ៊ី​រ៉ា​ក់ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​ក្រុង​បា​កដាដ​ ដើម្បី​ធ្វើការ​​តវ៉ា​ការវាយប្រហារ​នេះ ដោយ​និយាយថា វា​គឺជា​ការរំលោភ​ដល់​អធិបតេយ្យភាព​រប​ស់អ៊ីរ៉ា​ក់​។​

​សហរដ្ឋអាមេរិក ក៏​ថ្កោលទោស​ការ​​វាយប្រហារ​នេះ​ផងដែរ ប៉ុន្តែ​និយាយថា ខ្លួន​ហាក់ដូចជា​មិនមែនជា​គោលដៅ​នៃ​ការវាយប្រហារ​ទេ ហើយ​មិនមាន​ការខាតបង់​អគា​រ ឬ​បុគ្គលិក​ទេ​។​

​ដើមឡើយ​អ៊ី​រ៉ា​ក់បាន​រាយការណ៍​ថា ស្ថាន​កុងស៊ុល​ថ្មី​របស់​អាមេរិក​នៅ​ក្រុង​អា​ប៊ី​ល បាន​រង​ការវាយប្រហារ ប៉ុន្តែ​ក្រោយ​មានការ​បំភ្លឺថា ស្ថានកុងស៊ុល​អាមេរិក​មិនបាន​រង​ការ​វាយ​​ប្រហារ​ទេ ដោយមាន​ការរាយការណ៍​ថា មី​ស៊ី​លបាន​ធ្លា​ក់លើ​អគារ​គេហ​​ដ្ឋា​ន​នៅ​ជិត​នោះ កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​និយាយ​នៅលើ​គេហទំព័រ​របស់​ពួកគេ​ថា គោលដៅ​នៃ​ការ​វាយ​​ប្រហារ​នេះ​ គឺ​មជ្ឈមណ្ឌល​ចារកម្ម​របស់អ៊ីស្រា​អែល​នៅ​ក្រុង​អា​ប៊ី​ល ប៉ុន្តែ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ​។ មុន​ការវាយប្រហារ​នេះ​កើតឡើង កង​ឆ្មាំ​បដិវត្តន៍​បាន​ប្ដេជ្ញា​សងសឹក​ការវាយប្រហារ​ដោយ​អ៊ី​ស្រា​អែល​នៅ​ប្រទេស​ស៊ី​រី ដែល​បានសម្លាប់​ទាហាន​របស់ខ្លួន​ចំនួន ២ រូប​៕