សហរដ្ឋអាមេរិក​បាន​ទស្សន៍ទាយ​យ៉ាង​ត្រឹមត្រូវ​ថា រុស្ស៊ី​នឹងធ្វើ​ការ​​លុកលុយ​ចូលក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ បើទោះបីជា​មានការ​ច្រានចោល​ពី​ក្រុង​ម៉ូស្គូ ​និង​ការមិន​ជឿថា​ វានឹង​កើតឡើង​ដោយ​អឺរ៉ុប​ក៏ដោយ​។ ប៉ុន្តែ​ការ​ទស្សន៍ទាយ​ថា ​តើ​សង្គ្រាម​នេះ​នឹងត្រូវ​បញ្ចប់​ដោយ​របៀប​​ណា ​គឺ​ហាក់ដូចជា​ពិបាក​ណាស់​។​

​ឥឡូវនេះ​មាន​កិច្ចប្រឹងប្រែង​ការ​​ទូត​ចំនួន​ ៣​ ផ្សេងគ្នា​ក្រោម​ការ​​សម្របសម្រួល​នៃ​មេដឹកនាំ​បារាំង​អ៊ី​ស្រា​អែល និង​តួ​ក​គី ​ដើម្បី​ចាប់​​ផ្ដើម​ការចរចា​បញ្ឈប់​សង្គ្រាម​។ ​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បាន​ជួបនឹង​ជញ្ជាំង​ថ្ម ខណៈពេលដែល​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន បានចៀសវាង​ចូលរួម​ក្នុង​កិច្ចចរចា​ធំដុំ​ណាមួយ​។ នៅ​អាមេរិក​គេ​បាន​បង្កើត​គំរូ​សម្រាប់​ព្យាករ​សង្គ្រាម​ដោយ​គំរូ​មួយ​បង្ហាញ​អំពី​សង្គ្រាម​អូសបន្លាយ​យូរអង្វែង​ដែល​នឹង​បង្ក​ការស្លាប់ ​និង​ការបំផ្លិចបំផ្លាញ​មិនចាំបាច់​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ​ខណៈពេលដែល​គំរូ​មួយទៀត​បាន​ព្យាករ​ថា គោលដៅ​របស់​រុស្ស៊ី គឺ​កាត់​យក​ដែន​ខាងត្បូង​ និង​ខាងកើត​របស់​អ៊ុយ​ក្រែ​ន ​ដើម្បី​បង្កើន​តំណ​ភ្ជាប់​ផ្លូវគោក​ពី​ដែន​​ដី​រុស្ស៊ី​មកកាន់​ឧបទ្វីប​គ្រី​មា​។​

​សេណារីយោ​គួរឱ្យ​ភ័យខ្លាច​បំផុត គឺ​អង្គការ​ណា​តូ​ត្រូវ​ទាញ​ចូលក្នុង​សង្គ្រាម​នេះ​ដោយផ្ទាល់​មិន​ថា ដោយ​អ​ចេតនា ឬ​ដោយ​ចេតនា​។ កាលពី​ថ្ងៃអាទិត្យ​ ការ​ព្រួយបារម្ភ​អំពី​សេណារីយោ​នេះ បាន​កើនឡើង​យ៉ាងខ្លាំង​បន្ទាប់ពី​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ទៅលើ​មូល​ដ្ឋា​ន​ទ័ព​មួយ​នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន​​ ជិត​ព្រំដែន ជាមួយ​ប្រទេស​ប៉ូឡូញ​ ដែលជាសមាជិក​នៃ​អង្គការ​ណា​តូ​។ នៅ​ចុង​សប្ដាហ៍​រុស្ស៊ី បាន​ព្រមាន​ថា ​ការដឹកជញ្ជូន​អាវុធ​ពី​លោក​ខាង​​លិច​ចូលមក​ប្រទេស​អ៊ុយ​ក្រែ​ន ​គឺជា​ «​គោលដៅ​ស្របច្បាប់​»​ សម្រាប់​ការវាយប្រហារ​។​

​មាន​ចំណុច​មូលមតិ​មួយ​ក្នុងចំណោម​មន្ត្រី​អាមេរិក​ និង​អឺរ៉ុប​៖ ​ព្រឹត្តិការណ៍ ​២ ​សប្ដាហ៍​ចុងក្រោយ​នេះ​បាន​បង្ហាញថា ផែនការ​លុក​​លុយ​របស់​រុស្ស៊ី​ជាប់​ស្ទះ​ដោយ​បញ្ហា​ជាច្រើន​ហើយ​រយៈពេល​ ២ ទៅ​៣​សប្ដាហ៍​ខាងមុខ នឹង​បង្ហាញថា​អ៊ុយ​ក្រែ​ន​អាច​បន្ត​ឈរ​ជា​រដ្ឋ​ហើយ​ចរចា​ការបញ្ចប់​សង្គ្រាម​បានដែរ ​ឬទេ​? រហូតមកដល់​ពេលនេះ​ សូម្បីតែ​ការព្រមព្រៀង​ដ៏​សាមញ្ញ​ដូចជា​ការបង្កើត​ច្រក​មនុស្សធម៌ ក៏​ប្រឈម​នឹង​ការលំបាក​ផងដែរ​។ ឥឡូវនេះ​គេ​កំពុង​មានការ​ព្រួយ​​បារម្ភ​ថា ភាពយឺតយ៉ាវ​ក្នុងការ​​លុកលុយ​អាច​ជំរុញ​ឱ្យ​លោក ពូ​ទីន ​ចាត់វិធានការ​ធ្ងន់ធ្ងរ​ជាង​​មុន​ហើយ​ពង្រីក​ការ​លុកលុយ​បន្ថែមទៀត​។​

​ប្រទេស​ម៉ុ​ល​ដាវី ដែលជា​ប្រទេស​ក្រីក្រ​បំផុត​នៅ​អឺរ៉ុប មាន​ប្រជាជន​ដ៏​តិច​មាន​តំបន់​ផ្ដាច់ខ្លួន​និយាយ​ភាសា​រុស្ស៊ី​ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ​ងាយ​រងគ្រោះ​បំផុត គឺ​កំពុងមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ថា រុស្ស៊ីអាច​បន្ត​ការ​លុកលុយ​ចេញពី​អ៊ុយ​ក្រែ​ន​ចូលមកក្នុង​ទឹកដី​របស់ខ្លួន​។ បន្ថែម​ពីលើ​នេះ​ មានការ​ព្រួយបារម្ភ​ថ្មី​នៅ​ប្រទេស​ហ្ស​ក​ហ្ស៊ី ដែល​បានធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី​កាលពី​ឆ្នាំ ​២០០៨ ជុំវិញ​តំបន់​ផ្ដាច់ខ្លួន​ចំនួន ​២ ដែល​មកដល់​ឥឡូវនេះ​​ សង្គ្រាម​នេះ គឺ​ហាក់បីដូច​ជាការ​​សាកល្បង​ការ​លុកលុយ​បែបនេះ មុននឹង​អនុវត្ត​លើ​ប្រទេស​ធំ​ដូចជា​អ៊ុយ​ក្រែ​ន​។​

​យ៉ាងណាមិញ រដ្ឋបាល​ប្រ​ធា​នា​ធិបតី​អាមេរិក ​ចូ បៃ​ដិ​ន បានបញ្ជាក់​យ៉ាង​ថា កងទ័ព​អាមេរិក​នឹងមិន​ចូល​ប្រយុទ្ធ​ដោយផ្ទាល់​ជាមួយ​ទាហាន​រុស្ស៊ី​ទេ លុះត្រាតែ​រុស្ស៊ី​ធ្វើការ​វាយប្រហារ​ណាមួយ​ទៅលើ​សមាជិក​អង្គការ​ណា​តូ​។​

​កាលពីដើម​សប្ដាហ៍ មាន​ក្ដីសង្ឃឹម​ផុសចេញ​ថា ការចរចា​ពិតប្រាកដ​នឹង​ចាប់ផ្តើម​ដែល​អាចបង្កើត​ច្រករបៀង​មនុស្សធម៌​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន ដើម្បី​គេចចេញ​ការ​បាញ់​ផ្លោង និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ហើយ​ប្រហែលជា​នាំទៅដល់​ការចរចា​សន្តិភាព​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក ​ឌី​មី​ទ្រី ប៉េ​សកូវ បាន​និយាយថា ប្រសិនបើ​អ៊ុយ​ក្រែ​ន​ធ្វើការ​កែប្រែ​រដ្ឋធម្មនុញ្ញ​មក​ប្រកាន់​ជំហរ «​អព្យាក្រឹតភាព​» ជាជាង​ចង់​ចូល​អង្គការ​ណា​តូ ទទួលស្គាល់​ឯករាជ្យភាព​តំបន់​ផ្ដាច់ខ្លួន ហើយ​ទទួលស្គាល់ថា ឧបទ្វីប​គ្រី​មា ​គឺជា​ដែនដី​របស់​រុស្ស៊ី​នោះ​ការប្រយុទ្ធ​បញ្ឈប់​ភ្លាមៗ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក ​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បង្ហាញ​ការបើកចំហ​ចំពោះ​ចរចា​លើ​ការ​ទាមទារ​របស់​រុស្ស៊ី​។ លោក​បាន​និយាយថា អ៊ុយ​ក្រែ​ន​បាន​កាត់​​បន្ថយ​បំណង​ចង់​ចូល​ជាស​មាជិ​ក​អង្គការ​ណា​តូ ដោយ​លើកឡើងថា សម្ព័ន្ធភាព​លោកខាងលិច​ហាក់ដូចជា «​មិនបាន​ត្រៀមខ្លួន​ទទួលយក​អ៊ុយ​ក្រែ​ន​»​។ ខណៈពេលដែល​លោក​ ហ្សេ​ឡេ​ន​ស្គី ​មិនបាន​និយាយថា លោក​នឹង​បោះបង់​ទឹកដី​ទាំងនេះ​ឱ្យ​រុស្ស៊ី លោក​បាន​និយាយថា​៖ «​យើង​អាច​ពិភាក្សា និង​ស្វែងរក​ការសម្របសម្រួល​មួយ​អំពី​របៀប​យើង​រស់​នៅលើ​ទឹកដី​ទាំងនេះ​»​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា ​លោក ពូ​ទីន ​នឹង​ទទួលយក​កិច្ចព្រមព្រៀង​ណាមួយ​ចរចា​ជាមួយ​លោក​ ហ្សេ​ឡេ​ន​ស្គី​។ មេដឹកនាំ​លោកខាងលិច​ដែល​បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយ​លោក ពូ​ទីន បាន​មើល​​ឃើញថា លោក ពូ​ទីន ​ហាក់ដូចជា​នៅ​ប្ដេជ្ញា​បន្ត​សង្គ្រាម​នេះ ហើយ​ការចរចា​ គឺ​គ្រាន់តែ​ការ​បង្វែរ​អារម្មណ៍​ពី​សកម្មភាព​យោធា​រុស្ស៊ី​នៅ​ទឹកដី​អ៊ុយ​ក្រែ​ន​។​

​ក្ដីសង្ឃឹម​ដ៏​ល្អ​បំផុត​នោះ​គឺថា ​លោក ពូ​ទីន ​សន្និដ្ឋានថា គាត់​ត្រូវតែ​កាត់បន្ថយ​គោលដៅ​របស់គាត់​ក្រោយពី​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាពិសេស​ទណ្ឌ​កម្ម​លើ​ធនាគារកណ្តាល​របស់​រុស្ស៊ី​។ ប៉ុន្តែ​ប្រសិនបើ​លោក ​ហ្សេ​​ឡេ​ន​ស្គី ពិតជា​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​លោក ពូ​ទីន ​នោះ​អាច​នាំឱ្យមាន​ការសម្រេច​ចិត្ត​ដ៏​លំបាក​មួយ​សម្រាប់​សហរ​ដ្ឋ​អាមេរិក​និង​លោកខាងលិច​៖ ថា​តើ​ត្រូវ​ដក​ទណ្ឌកម្ម​ណាមួយ​ដែល​ខ្លួន​បាន​សម្របសម្រួល​ជាមួយ​ប្រទេស​នានា​ជុំវិញ​ពិភពលោក​៕