រុស្ស៊ី​បាន​ស្នើសុំ​ជំនួយ​យោធា​ និង​សេដ្ឋកិច្ច​ពី​ចិន​ បន្ទាប់​ពី​បើក​ការ​លុកលុយ​ចូល​អ៊ុយក្រែន​ នេះ​បើ​តាម​ការ​លើកឡើង​របស់​មន្ត្រី​អាមេរិក​ជា​ច្រើន​រូប​ ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​សេតវិមាន​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​គាំទ្រ​អ៊ុយក្រែន​។

ព័ត៌មាន​នេះ​ដំបូង​ត្រូវ​បាន​រាយការណ៍​កាសែត​ Financial Times ដោយ​ផ្អែក​លើ​ប្រភព​ក្នុង​រដ្ឋាភិបាល​អាមេរិក​ ហើយ​ការ​រាយការណ៍​ក្រោយ​មក​ត្រូវ​បាន​បញ្ជាក់​ដោយ​សារព័ត៌មាន​លោក​ខាង​លិច​ដទៃ​ទៀត​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ប្រភព​ទាំង​នេះ ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ថា ​រុស្ស៊ី​បាន​ស្នើ​សុំ​អ្វី​ខ្លះ​ទេ​។ សេតវិមាន​មិន​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ណា​មួយ​លើ​ការ​រាយការណ៍​ទាំង​នេះ​ទេ​។

ប្រភព​មួយ​ដែល​ដឹង​អំពី​ស្ថានភាព​នេះ​បាន​និយាយ​ថា​សហរដ្ឋអាមេរិក​ គឺ​កំពុង​ត្រៀម​ជូន​ដំណឹង​ទៅ​ឱ្យ​សម្ព័ន្ធ​របស់​ខ្លួន​ ខណៈ​ពេល​ដែល​ពួកគេ​ឃើញ​សញ្ញា​ថា ​ប្រទេស​ចិន​ ​កំពុង​ត្រៀម​ជួយ​រុស្ស៊ី​។ ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា ​រុស្ស៊ី​កំពុង​ខ្វះខាត​អាវុធ​ប្រភេទ​មួយ​ចំនួន​ ខណៈ​ការ​លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែន​ឈាន​ដល់​សប្ដាហ៍​ទី​៣​។

អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​លោក​ លីវ ប៉េងយូ​ បាន​និយាយ​ថា ​លោក​មិន​ដឹង​អំពី​គំនិត​ណា​មួយ​ដែល​ចិន​នឹង​ជួយ​រុស្ស៊ី​ទេ​។

«ចិន​មាន​ការ​ព្រួយ​បារម្ភ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​អ៊ុយក្រែន» លោក​ លីវ និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ស្ថានការណ៍​នឹង​ធូរ​ស្រាល ហើយ​សន្តិភាព​នឹង​ត្រលប់​មក​វិញ​ឱ្យ​ឆាប់​បំផុត»​។

ការ​រាយការណ៍​នេះ​បាន​កើត​ឡើង​ ខណៈ​ពេល​ដែល​ទីប្រឹក្សា​សន្តិសុខ​របស់​សេតវិមាន​លោក​ ជេក សូលីវ៉ាន់​ កំពុង​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​រ៉ូម​ ដើម្បី​ជួប​ជាមួយ​នឹង​ប្រមុខ​ការទូត​នៃ​បក្ស​កុម្មុយនី​ស្ត​ចិន​លោក​យ៉ាង ជៀរឈី​។

មុន​នឹង​ចាក​ចេញ​ទៅ​ទីក្រុង​រ៉ូម​ លោក​ សូលីវ៉ាន់​ បាន​ធ្វើ​ការ​ព្រមាន​ថា​ក្រុង​ប៉េកាំង​ ឬ​នរណា​ផ្សេង​ទៀត​នឹង​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ប្រសិន​បើ​ពួកគេ​ជួយ​ក្រុង​ម៉ូស្គូ​ ជៀសវាង​ពី​ការ​ដាក់​ទណ្ឌកម្ម​ ប៉ុន្តែ​លោក​បដិសេធ​មិន​បញ្ជាក់​ថា​អាមេរិក​នឹង​ចាត់​វិធានការ​ដូចម្ដេច​ប្រសិន​រឿង​នេះ​កើត​ឡើង​៕