ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN ប្រធានាធិបតី​ហ្វាំ​ង​ឡង់​ លោក​ សូលី ​នី​និ​ស្តូ ដែល​បាន​ទើបតែ​បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា មេដឹកនាំ​រុស្ស៊ី​រូបនេះ​ «​មាន​បញ្ជី​» ការទាមទារ​របស់គាត់​ប៉ុន្តែ​ «​វា​ហាក់ដូចជា​ការផ្លាស់ប្ដូរ​រដ្ឋាភិបាល​អ៊ុយ​​ក្រែ​ន​មិនមាន​នៅក្នុង​បញ្ជី​ទៀត​ទេ​»​។​

​ក្នុងចំណោម​មេដឹកនាំ​លោក​ខាង​លិច​លោក​នី​និ​ស្តូ​មាន​ទំនាក់ទំនង​ញឹក​​ញាប់​ជាងគេ​ជាមួយ​លោក ពូ​ទីន​។​

​ទាក់ទង​នឹង​ជំនួប​ចុងក្រោយ​គេ លោក​ នី​និ​ស្តូ និយាយថា​៖ «​ពូ​ទីន ​មាន​បញ្ជី​របស់គាត់ យើងទាំងអស់គ្នា​ដឹងហើយ ប៉ុន្តែ​វា​ហាក់ដូចជា​ការផ្លាស់ប្ដូរ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​មិនមាន​នៅក្នុង​បញ្ជី​ទៀត​ទេ​។ នៅពេល​ខ្ញុំ​សួរ​លោក លោក​និយាយថា វា [​ការផ្លាស់ប្ដូរ​រដ្ឋា​ភិ​​បាល​] មិនដែល​នៅលើ​បញ្ជី​នោះទេ​»​។​

​លោក​បន្ថែមទៀតថា​៖ «​គាត់​ច្បាស់​ណាស់​ពេល​ខ្ញុំ​និយាយថា តើ​អ្នកបោះបង់​ការទាមទារ​នោះទេ គាត់​ថា​គាត់​មិនដែល​ទាមទារ​វា​ទេ​»​។​

​មន្ត្រី និង​អ្នកវិភាគ​លោកខាងលិច​ជាច្រើន​បាន​ឃើញថា កងកម្លាំង​រុស្ស៊ី​បាន​ផ្ដោតលើ​ការ​វា​សម្រុក​ទៅកាន់​រដ្ឋធានី​កៀវ ធ្វើឱ្យ​ពួកគេ​ប៉ាន់​ស្មានថា​ គោលដៅ​ចម្បង​របស់​លោក ពូ​ទីន ក្នុងការ​លុកលុយ​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ​គឺ​ការផ្ដួលរំលំ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​ វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ហើយ​តែងតាំង​រដ្ឋាភិបាល​ថ្មី​មួយ ដែល​នឹង​គាំទ្រ​រុស្ស៊ី និង​ប្រឆាំង​ការចូល​ជា​សមាជិក​នៃ​អង្គការ​ណា​តូ​។

​មុន​ការ​លុកលុយ​របស់​រុស្ស៊ី​ចាប់ផ្ដើម ចារកម្ម​របស់លោក​ខាងលិច បាន​អះ​​អាង​ថា​លោក ពូ​ទីន បានជ្រើសរើស​បេ​ក្ខ​​ជន​រួចរាល់​ហើយ សម្រាប់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ថ្មី​របស់​អ៊ុយ​ក្រែ​ន​។​

​បន្ថែម​ពីលើ​នេះ លោក ពូ​ទីន និង​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ជាច្រើន​ទៀតបាន​និយាយថា គោលដៅ​មួយ​នៃ​ការ​លុក​​លុយ​របស់​ពួកគេ គឺ​ការ​បោសសម្អាត​លទ្ធិ​ណា​ស៊ី​និយម​ក្នុង​រដ្ឋាភិបាល​អ៊ុយ​​ក្រែ​ន ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​​ពូជសាសន៍​លើ​ជនជាតិ​រុស្ស៊ី និង​ជន​ជាតិ​ជ្វី​ហ្វ បើទោះបី​លោក​​ ហ្សេ​ឡេ​ន​ស្គី គឺជា​ជនជាតិ​ជ្វី​ហ្វ​ក៏ដោយ​។​

​យ៉ាងណាមិញ លោក​ នី​និ​ស្តូ បាន​និយាយថា ការទាមទារ​របស់លោក ​ពូ​ទីន ក៏​រួមមាន​ការទទួលស្គាល់​ជា​ផ្លូវ​កា​រថា​ឧបទ្វីប​គ្រី​មា ​គឺជា​ដែនដី​របស់​រុស្ស៊ី ការទទួលស្គាល់​ឯករាជភាព​តំបន់ផ្ដាច់ខ្លួន​នៅ​តំបន់​ដុន​បាស ហើយ​ការ​​ផ្ដល់​ការកាន់កាប់​តំបន់​ដុន​បាសទាំងមូល​ទៅឱ្យ​ក្រុម​ផ្ដាច់ខ្លួន​។​

​កាលពី​សម័យ​សហភាព​សូ​វៀត​មេ​ដឹកនាំ​សូ​វៀត ​លោក ​នី​គី​តា គ្រូ​ស​ឆេវ បាន​កាត់​ដែនដី​គ្រី​មា​ពី​រុស្ស៊ី​ទៅឱ្យ​អ៊ុយ​ក្រែ​ន ដើម្បី​រក្សា​ភាពស្មោះត្រង់​របស់​ថ្នាក់ដឹកនាំ​អ៊ុយ​ក្រែ​ន​។ បន្ទាប់ពី​ការ​ដួលរលំ​នៃ​សហភាព​ប្រធានាធិបតី​រុស្ស៊ី ​លោក​ បូរី​ស យេ​ល​សិន បាន​ទទួលស្គាល់ថា ឧបទ្វីប​គ្រី​មា គឺជា​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​បន្ទាប់​បដិវត្តន៍​ផ្ដួល​រលំ​របប​គាំទ្រ​រុស្ស៊ី​ កាលពី​ឆ្នាំ​ ២០១៤ រុស្ស៊ី​បាន​បញ្ជូន​កងកម្លាំង​ទៅ​កាត់​យក​ឧបទ្វីប​គ្រី​មា​មក​រុស្ស៊ី​វិញ​។​

​នៅ​ឆ្នាំ ​២០១៤ ដដែល​សង្គ្រាម​ផ្ដាច់​ខ្លួន​បានកើត​ឡើង​នៅ​តំបន់​ដុន​បាស​នៅ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​ប្រជាជន​ភាគច្រើន​ជា​ជនជាតិ​រុស្ស៊ី ឬ​ជន​និយាយ​ភាសា​រុស្ស៊ី​។ មក​ត្រឹម​ពេល​ថ្មីៗ សង្គ្រាម​នៅ​ដុន​បាស បាន​ជាប់គាំង ខណៈ​ក្រុម​ផ្ដាច់ខ្លួន​គ្រប់​​គ្រង​ទឹកដី​មួយ​ភាគ​ធំ ហើយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​នៅ​គ្រប់គ្រង​ចំណុច​សំខាន់ៗ​ជាច្រើន​។ ឥឡូវនេះ លោក ពូ​ទីន ​ហាក់បីដូចជា​ចង់ឱ្យ​អ៊ុយ​ក្រែ​ន​បោះបង់​តំបន់​ដុន​បាស​ទាំងមូល​។​

​លោក ​នី​និ​ស្តូ បាន​និយាយថា លោក ពូ​ទីន ក៏​ចង់ឱ្យ​អ៊ុយ​ក្រែ​ន​ប្រកាន់​ជំហរ​អព្យាក្រឹត​មិន​ចូលបក្ស​សម្ព័ន្ធ ជា​​ពិសេស​អង្គការ​ណា​តូ​។ លោក​បាន​កត់សម្គាល់ថា ការទាមទារ​នេះ​អាច​ងាយ​សម្រេចបាន​ជាង​គេ ដោយសារ​ការលើកឡើង​របស់លោក​ ហ្សេ​ឡេ​ន​ស្គី ​ថា​លោក​អាច​បោះបង់​គោលបំណង​ចង់​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ដោយសារ​សម្ព័ន្ធភាព​លោកខាងលិច​ហាក់ដូចជា «​មិនបាន​ត្រៀមខ្លួន​ទទួលយក​អ៊ុយ​ក្រែ​ន​» ​នៅឡើយ​ទេ​។​

​រីឯ​គោលដៅ​របស់​រុស្ស៊ី​ក្នុង «​រំសាយ​យោធា​» របស់​អ៊ុយ​ក្រែ​ន លោក​ នី​និ​ស្តូ ​និយាយថា លោក ពូ​ទីន​ ចាត់ទុក​វា​ថា​ មិនជា​ការទាមទារ​នោះទេ ដោយសារ​កងកម្លាំង​លុកលុយ​របស់​រុស្ស៊ី កំពុង​អនុវត្ត​ការរំសាយ​យោធា​អ៊ុយ​ក្រែ​ន​ទៅហើយ​។ គេ​នៅ​មិនទាន់​ច្បាស់​ថា រុស្ស៊ី​មានន័យ​ដូចម្ដេច​នៅពេលដែល​ពួកគេ​និយាយថា «​រំសាយ​យោធា​» អ៊ុយ​ក្រែ​ន​។​

​បន្ទាប់ពី​មានការ​ទាមទារ​ទាំងអស់​នេះ លោក​ នី​និ​ស្តូ​ បាន​កត់សម្គាល់ថា​ដើម ឡើយ​ការដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន គឺជា​នុយ​សម្រាប់​ធ្វើការ​ទាមទារ​ការធានា​សន្តិសុខ​ពី​លោកខាងលិច និង​អង្គការ​ណា​តូ ប៉ុន្តែ​ឥឡូវនេះ​លោក ពូ​ទីន ហាក់ដូចជា​ធ្វើការ​ផ្ដោត​ការទាមទារ​ពាក់ព័ន្ធ​នឹង​អ៊ុយ​ក្រែ​ន​ច្រើនជាង​វិញ​។​

​យ៉ាងណាមិញ​លោក​ នី​និ​ស្តូ និយាយថា លោក ពូ​ទីន ​យល់ដឹង​យ៉ាងច្បាស់​អំពី​ហានិភ័យ​ដ៏​ខ្ពស់​នៃ​ការវាយប្រហារ​លើទឹក​ដី​របស់​សមាជិក​អង្គការ​ណា​តូ ហើយ​បើទោះបីជា​ការជួប​ជាមួយ​មេ​ដឹក​​នាំ​លោកខាងលិច​ដូចជា​ប្រធានាធិបតី​បារាំង អធិការបតី​អាល្លឺម៉ង់ និង​ជាមួយ​ខ្លួន​លោក​ផ្ទាល់​មិនសូវ​បាន​ផ្លែផ្កា​ក៏ដោយ​លោក​ហាក់ដូចជា​ចង់​រក្សា និង​បន្ត​ទំ​​នាក់​ទំនង​ទាំងនេះ​។ ប៉ុន្តែ​លោក ពូ​ទីន ​បាន​ព្រមាន​ថា ប្រសិនបើ​ណា​តូ​ជ្រៀត​​ជ្រែក​ដោយផ្ទាល់​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន «​រឿង​ដ៏​អាក្រក់​នឹង​កើតឡើង​»​។​

​ប្រទេស​ហ្វាំ​ង​ឡង់ និង​ប្រទេស​ជិត​​ខាង​របស់ខ្លួន ស៊ុយអែត បាន​ប្រកាន់​ជំហរ​អព្យាក្រឹត​មិន​ចូលបក្ស​សម្ព័ន្ធ​ចាប់តាំងពី​សម័យ​សង្គ្រាម​ត្រជាក់​មក ហើយ​មកដល់ពេលនេះ​ពួកគេ​នៅ​មិនទាន់​ចូល​ជា​សមាជិក​អង្គការ​ណា​តូ នៅឡើយ​ទេ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី ​លោក ស្រី​ម៉ា​រី​យ៉ា ហ្សា​ការ៉ូ​វ៉ា បាន​ព្រ​មាន​ថា​៖ «​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​មិនគួរ​រៀបចំ​គោលនយោបាយ​សន្តិសុខរ​បស់​ពួកគេ​ដោយ​ផ្អែកលើ​ការបំផ្លាញ​សន្តិសុខ​របស់​ប្រទេស​ដទៃ​ទេ ហើយ​ការចូល​ជា​សមាជិក​អង្គការ​ណា​តូ​អាច​បង្កឱ្យមាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ហើយនឹង​ប្រ​​ឈមមុខ​នឹង​ផលវិបាក​ផ្នែក​យោធា និង​នយោបាយ​មួយចំនួន​»​។​

​ពាក់ព័ន្ធ​នឹង​ការ​លុកលុយ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន លោក ​នី​និ​ស្ដូ ​និយាយថា ​ហ្វាំ​ង​ឡង់ «​មិន​ខ្លាច​ទេ ប៉ុន្តែ​ភ្ញាក់ឡើង​ពេញលេញ​ហើយ​»​។ លោក​ក៏បាន​បាន​បញ្ជាក់ថា ហ្វាំ​ង​ឡង់​រក្សា​សិទ្ធិ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ក្នុង​ការចូល​ជា​សមាជិក​ណា​តូ​ដែរ ឬទេ​៕

វីដេអូ៖