តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​រុករក​រ៉ែ​ធ្យូងថ្ម​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ​ដែលជា​អ្នក​នាំចេញ​ធ្យូង​​ថ្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​បាន​ហក់​ឡើង​យ៉ាងខ្លាំង​ក្រោម​ឥទ្ធិពល​នៃ​ការកើនឡើង​តម្លៃ​ឥន្ធនៈ​ក្រោយ​មានការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ​ប៉ុន្តែ​ការគំរាមកំហែង​នៃ​ការហាម​​ឃាត់​ការនាំចេញ​មួយទៀត​ដោយ​រដ្ឋាភិបាល កំពុង​រារាំង​អ្នក​ផលិត​ពី​ការបង្កើន​ការនាំ​​ចេញ​ភ្លាមៗ​ដែល​ទំនង​នឹង​រក្សា​ការកើនឡើង​តម្លៃ​មួយរយៈ​។​

​តម្លៃ​ធ្យូងថ្ម បាន​ឡើងដល់​កម្រិត​ខ្ពស់​កាលពី​សប្ដាហ៍​មុន (​ដោយ​យក​តម្លៃ​ពី​មូល​ប​ត្រ​ធ្យូងថ្ម Newcastle ជា​គោល​) ពោលគឺ កើនឡើង​ដល់​ ៤០០ ដុល្លារ ​ក្នុង ​១ ​តោន ថ្លៃ​ជាង​តម្លៃ​ដែល​ឡើង​ខ្ពស់បំផុត​ក្នុង​ខែតុលា ឆ្នាំមុន​គឺ ២៦៩​ ដុល្លារ ​ក្នុង ​១ ​តោន​។ អាស្រ័យ​ហេតុ នេះហើយ ទើប​តម្លៃ​ភាគហ៊ុន​របស់​អ្នក​ជីក​រ៉ែ​ធ្យូងថ្ម​កំពូល​របស់​ឥណ្ឌូនេស៊ី បាន​ហក់​ឡើង​ដោយ​បន្ថែម​ទៅលើ​ការ​កើនឡើង​ពីមុន​របស់​ពួកគេ​ដែល​កើនឡើង​ដោយសារ​តម្រូវការ​ថាមពល​ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន ចំពេល​មានការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​ពិភពលោក ក្រោយ​ការបិទ​ខ្ទប់​ដោយសារ​ជំងឺ​កូ​វីដ​ ១៩​។​

​ក្រុមហ៊ុន Adaro Energy Indonesia កើនឡើង​ខ្ពស់​ជាងគេ​ដោយ​ភាគហ៊ុន​របស់ខ្លួន​បាន​កើនឡើង ២៩​ ភាគរយ ចាប់តាំងពី​ប្រទេស​រុស្ស៊ី បានចាប់ផ្ដើម​ការ​លុកលុយ​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី ​២៤ ខែកុម្ភៈ​។ ក្រុមហ៊ុន Indika Energy និង​ក្រុមហ៊ុន Bukit Asam ដែលជា​មាន​រដ្ឋ​ជា​ម្ចាស់​ភាគហ៊ុន ក៏បាន​ឃើញ​ការ​កើន​​ឡើង​ភាគរយ ២​ ខ្ទង់​ផងដែរ​។​

​លទ្ធផល​នៃ​ការកើនឡើង​តម្លៃ​ភាគហ៊ុន​កាន់តែ​កើនឡើង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយ​​សារ​ការ​រឹតបន្តឹង​ការនាំចេញ​របស់​រដ្ឋាភិបាល​ដែល​រារាំង​អ្នក​​រុករក​រ៉ែ​ឥណ្ឌូនេស៊ី​ពី​ការទាញយក​ចំណូល​ភ្លាមៗ​ក្នុងអំឡុង​​ពេល​នៃ​ការឡើង​ថ្លៃ​នេះ​។​

​បច្ចុប្បន្ន​ឥណ្ឌូនេស៊ី គឺជា​ប្រទេស​នាំចេញ​ធ្យូងថ្ម​ធំជាងគេ​លើ​ពិភពលោក បន្ទាប់ពី​អូស្ត្រាលី និង​រុស្ស៊ី​។ ផលិតផល​របស់​ពួកគេ​ភាគច្រើន​ឆ្ពោះទៅ​អាស៊ីអាគ្នេយ៍ និង​ភាគ​ខាងកើត​នៃ​ទ្វីប ខណៈ​រុស្ស៊ី​ភាគ​​ច្រើន​បញ្ជូន​ទៅកាន់​អាស៊ី​ខាងកើត និង​អឺរ៉ុប​។​

​លោក Rory Simington អ្នកវិភាគ​ចម្បង​រប​ស់​ក្រុមហ៊ុន Wood Mackenzie បាន​ប្រាប់ Nikkei Asia នៅក្នុង​បទ​សម្ភាស​តាម​អ៊ី​មែ​ល​ថា​៖ «​យើង​នឹង​ឃើញ​មានឱកាស​បន្ថែម​សម្រាប់​ធ្យូងថ្ម​ឥណ្ឌូ​នេ​ស៊ី​នៅក្នុង​ទីផ្សារ​ដែលមាន​ស្រាប់​ដូចជា​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង ក៏ដូចជា​នៅក្នុង​ទីផ្សារ​អឺរ៉ុប​ផងដែរ​»​។​

​រហូតមកដល់​ពេលនេះ ទណ្ឌកម្ម​អន្តរជាតិ​ដែល​ដាក់​លើ​ទីក្រុង​ម៉ូស្គូ​ ភាគច្រើន​មិន​រាប់បញ្ចូល​លើ​វិស័យ​ថាមពល​ទេ ប៉ុន្តែ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​កាលពី​សប្ដាហ៍មុន បានចាប់ផ្ដើម​ហាមឃាត់​ការ​នាំចូល​ឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី ខណៈពេលដែល​ការ​រឹត​​បន្តឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ហា​និ​ភ័យ​នៃ​ការផ្គត់ផ្គង់​បាន​ជំរុញ​ឱ្យ​អ្នកទិញ​មួយចំនួន​ងាក​ទៅរក​ការផ្គត់ផ្គង់​ពី​ប្រទេស​ផ្សេង​រួចទៅហើយ​។​

​ដោយឡែក​ក្រុមហ៊ុន​ធ្យូងថ្ម​ឥណ្ឌូនេស៊ី​បានទទួល​ការ​សាក​​សួរ​ពី​អ្នកទិញ​ថ្មី​មកពី​ទ្វីបអឺរ៉ុប​។ នេះ​បើ​យោងតាម​លោក Hendra Sinadia នាយក​ប្រតិបត្តិ​នៃ​សមាគម​រុករក​រ៉ែ​ធ្យូងថ្ម​ឥណ្ឌូនេស៊ី​។​

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ហ្សា​ការ​តា​ កាលពី​ថ្ងៃទី ​៩ ខែមីនា​ថា​៖ «​ពួកគេ​កំពុង​ស្វែងរក​លទ្ធភាព​ ដើម្បី​ជំនួស​ធ្យូងថ្ម​ដែល​នាំចូល​ពី​ប្រទេស​រុស្ស៊ី​»​។​

​លោក​បាន​បន្ថែមថា ទោះបី​​ជា​យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ​អ្នករុករក​រ៉ែ​កំពុង​ផ្តោតលើ​ការបំពេញ​នូវ​កាតព្វកិច្ច​ទីផ្សារ​ក្នុងស្រុក​របស់​ពួកគេ​ដែល​អ្នក​​នាំចេញ​ត្រូវតែ​បែងចែក ​២៥ ភាគរយ​នៃ​ទិន្នផល​ធ្យូងថ្ម​របស់​ពួកគេ​សម្រាប់​ការលក់​ក្នុងស្រុក​។​

​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី កំពុង​កំណត់​គោលដៅ​ទិន្នផល​ធ្យូង​ថ្ម​ចំនួន ៦៦៣​ លាន​តោន​នៅ​ឆ្នាំនេះ កើនឡើង ៨​ ភាគរយ ពី​ឆ្នាំ​​ ២០២១​។ ក្នុងចំណោម​ចំនួន​នោះ ២៥ ​ភាគរយ ឬ​ប្រហែល​ ១៦៦ ​លាន​តោន ​ត្រូវបាន​បែងចែក​សម្រាប់​ការ​​ផ្គត់ផ្គង់​ក្នុងស្រុក​នៅសល់​សម្រាប់​ការនាំចេញ​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី Sri Mulyani Indrawati បាន​និយាយថា ប្រាក់ចំណូល​រដ្ឋ​បានមកពី​វិស័យ​រ៉ែ និង​ធ្យូងថ្ម រួមទាំង​ពន្ធ​នាំចេញ និង​សួយ​​សារ​អាករ​បាន​ឈានដល់ ៨,៧​ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំមុន​ដែលជា​ចំនួន​ខ្ពស់បំផុត​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចុង​ក្រោយនេះ​។​ នោះ​តំណាងឱ្យ​ប្រហែល ៦​ ភាគរយ​នៃ​ប្រាក់ចំណូល​រដ្ឋ​សរុប​ក្នុង​ឆ្នាំ ​២០២១ ដែល​បាន​កើនឡើង​ជាង​ ២០​ ភាគ​រយ ពី​ឆ្នាំ ​២០២០​។​

​លោក Maisam Hasnain អនុប្រធាន និង​ជា​អ្នកវិភាគ​​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Moody''s Investors Service បាន​និយាយថា​៖ «​ការ​កើន​​ឡើង​នៃ​តម្លៃ​ធ្យូងថ្ម​នាពេល​ថ្មីៗ​នេះ នឹង​ជំរុញ​ប្រាក់ចំណូល​ពី​ការនាំចេញ​របស់​អ្នក​ជីក​រ៉ែ​​ធ្យូងថ្ម​ឥណ្ឌូនេស៊ី​។ ប៉ុន្តែបរិ​មាណ​នាំចេញ​របស់​អ្នករុករក​រ៉ែ និង​កំណើន​ប្រាក់ចំណូល​អាច​នឹងត្រូវ​បាន​រារាំង​ដោយ​គោល​​នយោបាយ​ក្នុងស្រុក និង​តម្លៃ​លើ​ការលក់​ដល់​ឧបករណ៍​ប្រើ​​ប្រាស់​អគ្គិសនី​ក្នុងស្រុក​។​

​បន្ថែម​ពីនេះ អាកាសធាតុ​មិនល្អ​ គឺជា​បញ្ហា​ប្រឈម​មួយទៀត​។ ​បាតុភូត​អាកាសធាតុ La Nina ដែល​បង្កឡើង​ដោយ​ភាព​ត្រជាក់​នៃ​មហាសមុទ្រ​​ប៉ាស៊ីហ្វិក កំពុង​រារាំង​ទិន្នផល​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​អ្នក​ផលិត​ធ្យូងថ្ម​ផ្សេងទៀត ដូចជា​អូស្ត្រាលី​ជាដើម​។​

​ការកើនឡើង​នៃ​តម្រូវការ​ថាមពល​សក​ល បាន​ទាញ​តម្លៃ​ឥន្ធនៈ​ប្រកួត ប្រជែង​ដូចជា​ប្រេង និង​ឧស្ម័ន ខណៈពេលដែល​ថាមពល​កកើត​ឡើងវិញ​មិនទាន់មាន​ការរីកចម្រើន​លឿន​គ្រប់គ្រាន់​ដើម្បី​កាត់​​បន្ថយ​ការខ្វះខាត​។​ កត្តា​ទាំង​​នេះ​អាចរួមចំណែក​ក្នុងការ​រក្សា​តម្លៃ​ធ្យូងថ្ម​ឱ្យ​ឡើងថ្លៃ ហើយ​បម្រើ​ជា​ប្រយោជន៍​ដល់​ផលិតករ​ក្នុងស្រុក​ផងដែរ​៕