សហរដ្ឋអាមេរិកបាន​ប្រាប់​សម្ព័ន្ធមិត្ត​របស់ខ្លួន​ថា ចិន​បានបង្ហាញ​សញ្ញា​ថា ពួកគេ​មាន​ឆន្ទៈ​ចំពោះ​ការ​​ផ្ដល់ជំនួយ​យោធា បន្ទាប់ពី​ទទួលសំណើសុំ​ឧបករណ៍ ដែល​រួមមាន​ប្រព័ន្ធ​ការពារ​ដែនអាកាស ពី​រុស្ស៊ី​ដើម្បី​គាំទ្រ​ការ​លុកលុយ​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការ​​រាយការណ៍​របស់​កាសែត Financial Times ផ្អែកលើ​ប្រភព​ដឹង​អំពី​ការ​​បញ្ជូន​សារ​ការទូត​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​ពួកគេ​។​

​បើតាម​ប្រភព​ទាំងនេះ ខ្លឹមសារ​នៃ​សារ​ការទូត​របស់​ក្រុង​វ៉ាស៊ីនតោន បាន​អះអាងថា រុស្ស៊ី​បានស្នើ​សុំ​ជំនួយ​ឧបករណ៍ ​៥ ​ប្រភេទ​ពី​ចិន ដែល​រួមមាន​មី​ស៊ី​ល​ការពារ​ដែនអាកាស ឧបករណ៍​ទាក់ទង​ចារកម្មដ្រូន រថ​ពាស​ដែក និង​រថយន្ត​ដឹកជញ្ជូន​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ ១ ​រូប​បាន​និយាយថា បញ្ជី​មាន​ភាពមិន​ត្រឹមត្រូវ ប៉ុន្តែ​មិន​ធ្វើការ​បំភ្លឺ​បន្ថែមទៀត​ទេ​។​

​យ៉ាងណាមិញ សារ​ការទូតដែល​ក្រសួងការបរទេស​អាមេរិក​បញ្ជូនទៅ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប និង​អាស៊ី មិនបាន​បញ្ជាក់​ទំហំ និង​ពេលវេលា នៃ​ជំនួយ​ដែល​ចិន នឹង​ផ្ដល់ឱ្យ​រុស្ស៊ី​។ អាមេរិក​ក៏​មិនបាន​បញ្ជាក់ប្រាប់​ក្នុង​សារ​នេះ​ថា​ពួកគេ​បាន​ប្រភពព័ត៌មាន​មកពីណា​ទេ​។​

​កាលពី​ថ្ងៃអាទិត្យ ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន បាន​និយាយថា ពួកគេ​មិនដឹង​អំពី​សំណើ​ណាមួយ​ពី​រុស្ស៊ី ឬថា ​ប្រទេស​ចិន ​បាន​យល់ព្រម​ផ្ដល់ជំនួយ​ទាំងនេះ​។ កាលពី​ថ្ងៃ​ចន្ទ​រុស្ស៊ី​ក៏បាន​ច្រានចោល​ថា ខ្លួន​មិន​ធ្វើសំណើ​ទៅកាន់​ប្រទេស​ចិន​ទេ​។​

​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ថា ​តើ​ចិន​បាន​យល់ព្រម​ផ្ដល់ជំនួយ​ដល់​រុស្ស៊ី​ដែរ ឬទេ ប៉ុន្តែ​បាន​ព្រមាន​ថា ​ប្រទេស​ចិន នឹង​ប្រឈម​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ពួកគេ​ផ្ដល់ជំនួយ​ទៅឱ្យ​រុស្ស៊ី​។​

​ប្រទេស​ចិន បាន​ព្យាយាម​បង្ហាញខ្លួន​ជា​ភាគី​អព្យាក្រឹត បើទោះបីជា​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​កំពុងតែ​រីក​​ចម្រើន​ក៏ដោយ​។ មន្ត្រី និង​សារព័ត៌មាន​ចិន​មួយចំនួន​បានបង្ហាញ​ភាពលម្អៀង​ចំពោះ​រុស្ស៊ី ហើយក៏​ជួយ​ផ្សព្វផ្សាយ​ការអះអាង​របស់​រុស្ស៊ី​ថា ​អាមេរិក និង​អ៊ុយ​ក្រែ​ន កំពុង​អនុវត្ត​កម្មវិធី​អាវុធ​ជីវសាស្ត្រ​៕