សហរដ្ឋអាមេរិក​ហាក់​ដូចជា​ចង់​ប្រាប់​ពិភពលោក​ថា ខ្លួន​មិនមែន​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ទេ​។

អ៊ីរ៉ង់​បាន​អះអាង​ថា​ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ «មជ្ឈមណ្ឌល​ចារកម្ម​» របស់​អ៊ីស្រាអែល​នៅ​ទីក្រុង​អឺប៊ីល នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់។ ប៉ុន្តែ​សារព័ត៌មាន​ក្នុង​តំបន់​ បាន​រាយការណ៍​ថា​មីស៊ីល​អ៊ីរ៉ង់​បាន​ធ្លាក់​ជិត​ស្ថានកុងស៊ុល​ថ្មី​របស់​អាមេរិក​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​។ បន្ថែម​ពី​លើ​នេះ​អ៊ីស្រាអែល​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ការ​អះអាង​របស់​អ៊ីរ៉ង់​។

នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ជិត​វត្តមាន​អាមេរិក​នៅ​អ៊ីរ៉ាក់​លើក​ដំបូង​ ចាប់​តាំង​ពី​ក្រុង​តេអេរ៉ង់​ធ្វើ​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ អេន អាល់ អាសាដ​ កាល​ពី​ខែ​មករា ​ឆ្នាំ​ ២០២០ ដែល​ជា​ការ​សងសឹក​ចំពោះ​ការ​សម្លាប់​ឧត្ដមសេនីយ៍​របស់​ខ្លួន ១​ រូប​ ដោយ​អាមេរិក​។

«សហរដ្ឋអាមេរិក​មិនមែន​ជា​គោលដៅ​ដែល​បាន​គ្រោង​ទុក​នោះ​ទេ» អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក ​នេដ ប្រៃស និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «ពាក្យ​ចចាមអារ៉ាម​របស់​សារព័ត៌មាន​ជា​សាមញ្ញ​គឺ​ខុស»​។

ការ​វាយ​ប្រហារ​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​មហា​អំណាច​ពិភពលោក​កំពុង​ចរចា​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ប្រសិន​បើ​ការ​ចរចា​បាន​សម្រេច​ មាន​ន័យ​ថា​អ៊ីរ៉ង់​នឹង​អាច​នាំចេញ​ប្រេង​រាប់​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​ ខណៈ​ពេល​ដែល​លោក​ខាង​លិច​កំពុង​ស្វែង​រក​អ្វី​មក​ជំនួស​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​។

ការ​ទទួល​ស្គាល់​ថា​ អាមេរិក​គឺ​ជា​គោលដៅ​របស់​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​ នឹង​តម្រូវ​ឱ្យ​អាមេរិក​ធ្វើ​ការ​វាយ​ប្រហារ​សងសឹក​អ៊ីរ៉ង់​វិញ​ ចំ​ពេល​ដែល​ក្រុង​វ៉ាស៊ីនតោន​ចង់​ប្រើ​មធ្យោបាយ​ការទូត​ដើម្បី​ដោះស្រាយ​ភាព​តាន​តឹង​ជាមួយ​ក្រុង​តេអេ​រ៉ង់​៕