​វិមាន​សំណាក់​ដា​យូ​តៃ (Duaiyutai State Guesthouse) នៅ​ទីក្រុង​ប៉េកាំង​ គឺជា​ទីកន្លែង​ដែល​រដ្ឋាភិបាល​ចិន​ប្រើប្រាស់​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​អន្តជាតិ ចាប់ពី​លោក​ ហេន​រី ឃី​ស៊ីន​ជឺ​រ រហូតដល់​លោក​ គីម ជុង​អ៊ុន​។ នៅ​ទីកន្លែង​នេះហើយ កាលពី​ថ្ងៃទី​ ៤ កុម្ភៈ ដែល​លោក​ប្រធានាធិបតី​ ស៊ី ជីន​ភីង ឈរ​ញញឹម​ស្វាគមន៍​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​កិច្ចប្រជុំ​កំពូល​កាលនោះ គឺជា​ជំនួប​ទល់មុខ​គ្នា​លើកដំបូង​ក្នុង​រយៈ ​២ ​ឆ្នាំ​រវាង​មេដឹកនាំ​ទាំង ​២ ហើយ​កើតឡើង​មុន​ពិធី​បើក​ការ​​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​ក្រុង​ប៉េកាំង ដោយមាន​លោក ពូ​ទីន ​ជា​ភ្ញៀវកិត្តិយស​របស់លោក​ ស៊ី​។ នេះ​គឺជា​មិត្តភាព​រវាង​មេ​ដឹក​​នាំ​ផ្ដាច់ការ​ធំ​បំផុត​របស់​ពិភពលោក ដែល​ទំនាក់ទំនង​ផ្ទាល់ខ្លួន បានរួម​បញ្ចូល​គ្នា​យ៉ាង​រលូន​ជាមួយនឹង​ទំនាក់ទំនង​ភូមិសាស្ត្រ​ន​យោ​បាយ មាន​លក្ខណៈ​ដូច​អា​ពា​ហ៍​​ពិពាហ៍​នយោបាយ​រវាង​រាជ​វង្សា​នុ​វង្ស​ក្នុង​យុគសម័យ​កណ្ដាល​។​

​លោក ​ស៊ី បាន​ពិពណ៌នា​ដ៏​ល្បី​​ល្បាញ​ថា លោក ពូ​ទីន ​គឺជា​ «​មិត្ត​ល្អ​បំផុត ស្និទ្ធស្នាល​បំផុត​» របស់លោក​ហើយ​កាលពី​ឆ្នាំ​ ២០១៨ បានផ្ដល់ «​មេដាយ​មិត្តភាព​» មាស​ដ៏​ធំ​មួយ​ទៅឱ្យ​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ នៅពេល​លោក​ធ្វើដំណើរ​ទស្សនកិច្ច​មក​ក្រុង​ប៉េកាំង​។ រីឯ​លោក ពូ​ទីន ​វិញ នៅ​ឆ្នាំ​ដដែល​បាន​ប្រាប់​កាសែត​បក្ស​កុម្មុយនីស្ត​ចិន People''s Daily ថា លោក ​ស៊ី គឺជា​មេដឹកនាំ​ពិភពលោក​តែ​ ១ ​គត់ ដែល​ចូល​រួមការ​ប្រារព្ធ​ពិធី​ខួបកំណើត​របស់លោក​។ លោក ពូ​ទីន និយាយ «​ខ្ញុំ​មិន​លាក់​រឿងនេះ​ទេ យើង​បាន​កាត់​សាច់ក្រក ហើយ​ផឹក​វ៉ូដ​កា​» នៅ​អំឡុងពេល​នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​អា​​ស៊ី​ប៉ាស៊ីហ្វិក​នៅ​កោះ​បាលី​។​

​ប៉ុន្តែ​ជំនួប​នៅ​ថ្ងៃទី​ ៤ កុម្ភៈ ហាក់ដូច​ជាមាន​ភាពកក់ក្ដៅ​តិចជាង​ជំនួប​មុនៗ ដោយ​មេដឹកនាំ​ទាំង​ ២ បាន​ចៀសវាង​ការ​ចាប់ដៃគ្នា ហើយ​អង្គុយ​ទល់មុខ​គ្នា​នៅ​តុ​ដ៏​វែង​មួយ​។ លោក ​ស៊ី បាន​និយាយ​ដោយមាន​កាយវិការ​រស់​រវើក ទៅកាន់​លោក ពូ​ទីន ​ដែល​ហាក់ដូចជា​មិន​ចង់​និយាយ​ច្រើន ហើយ​ឆ្លើយ​ទៅ​លោក​ស៊ី​វិញ​ដោយ​បង្ហាញ​ស្នាមញញឹម​រឿយៗ​។ បន្ទាប់ពី​ចូលរួម​ពិធី​បើក​កីឡា​អូឡាំពិក លោក ពូ​ទីន បាន​វិលត្រឡប់​ទៅ​រុស្ស៊ី​វិញ​នៅ​ថ្ងៃ​ដដែល ដោយ​ចំណាយពេល​តិចជាង ​១០ ​ម៉ោង​នៅក្នុង​ក្រុង​ប៉េកាំង​។​

​អ្វីដែល​សំខាន់​នោះបាន​កើត​​ឡើង​ក្រោយ​កិច្ចប្រជុំ ក្រោយ​វិមាន​ក្រឹម​ឡាំង​ចេញផ្សាយ​សេចក្ដី​ថ្លែង​ការណ៍​រួមមួយ​ប្រវែង ១៥ ទំព័រ​ជាមួយ​ចិន​។ សេចក្ដីថ្លែងការណ៍​នេះ​សរសេរថា​ «​និន្នាការ​មួយ​បាន​លេចឡើង​ឆ្ពោះទៅរក​ការ​បែង​​ចែក​អំណាច​ឡើងវិញ​នៅក្នុង​ពិភពលោក​» ហើយ​បាន​បញ្ជាក់ថា ភាពជា​ដៃគូ​រវាង​ចិន​នឹង​រុស្ស៊ី​គឺ «​គ្មាន​ដែន​កំណត់​ទេ​»​។​

​សេចក្ដីថ្លែងការណ៍​នេះ​ក៏​បង្រួប​បង្រួម​ជំហរ​ប្រទេស​ទាំង ​២ ​លើ​បញ្ហា​ធំៗ​មួយចំនួន ដែល​រួមមាន តៃវ៉ាន់ ការពង្រីក​សមាជិកភាព​អង្គការ​ណា​តូ ហើយក៏​រួមមាន​ការព្រមព្រៀង​យ៉ាង​ទូលំទូលាយ​អំពី​គោលការណ៍​សំខាន់​នៃ​ពិភពលោក​ថ្មី​។ សេច​​ក្ដី​ថ្លែងការណ៍​នេះ​ បាន​បង្កើត​ការ​​បែងចែក​ដែន​ឥទ្ធិពល​នៅ​ដែនដី​អឺ​រ៉ាស៊ី ដោយមាន​លក្ខណៈ​ស្រ​ដៀង​នឹង​សន្និសីទ​យ៉ា​ល់តា ដែល​ធ្វើឡើង​រវាង​សហរដ្ឋអាមេរិក សហភាពសូវៀត ចក្រភព​អង់គ្លេស និង​បារាំង​បន្ទាប់ពី​បញ្ចប់​សង្គ្រាមលោកលើកទី​២​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ​ការ​​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​ពេញលេញ​ដោយ​វិមាន​ក្រឹម​ឡាំង គឺ​ហាក់ដូចជា​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​នៅ​ប្រទេស​ចិន ខណៈ​ក្រុង​ប៉េកាំង បាន​គ្រាន់តែ​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​សង្ខេប​ខ្លី​ប៉ុណ្ណោះ​។ សារព័ត៌មាន​ផ្លូវការ​របស់​ចិន Xinhua បាន​ចំណាយពេល​ជិត​ ៥ ​ម៉ោង ដើម្បី​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​ពេញ​​លេញជា​ភាសា​ចិន​។​

​សេចក្ដីថ្លែងការណ៍ និង​ភាព​​ស្ទាក់ស្ទើរ​របស់​ចិន ត្រូវបាន​រំឭក​ឡើងវិញ​រយៈពេល ​៣ ​សប្ដាហ៍​ក្រោយមក នៅពេលដែល​រុស្ស៊ី​ធ្វើការ​បាញ់​មី​ស៊ី​លពី​សមុទ្រ និង​អាកាស​ទៅកាន់​គោលដៅ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បញ្ជូន​ទាហានជើងគោក​ទៅ​លុកលុយ​ក្នុងប្រទេស​នេះ ក្នុងការ​ប៉ះទង្គិច​ប្រដាប់អាវុធ​ធំ​បំផុត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​ មក​។​

​គេ​នៅ​មិន​ច្បាស់​ទេ​ថា នៅក្នុង​ជំនួប​ខាងលើ​តើ​លោក ពូ​ទីន ​បាន​ប្រាប់​លោក ​ស៊ី ​អំពី​ផែនការ​របស់លោក​ដែរ ឬទេ​? ឬ​តើ​លោក​ ស៊ី​ ដឹងថា រុស្ស៊ី​នឹងធ្វើ​ការវាយប្រហារ​ដល់​កម្រិត​នេះដែរ ឬទេ​? យ៉ាង​​ណា​ក្ដីចង់ ឬ​មិន​ចង់​សេចក្ដី​ថ្លែង​​ការណ៍​នេះ​ បានធ្វើឱ្យ​ចិន​ក្លាយជា​អ្នកគាំទ្រ​រុស្ស៊ី​ក្នុង​ការធ្វើសកម្មភាព​បែ​ប​នេះ បើទោះបី​ក្រុង​ប៉េកាំង​ព្យាយាម​បង្ហាញ​ជំហរ​អព្យាក្រឹត​ក៏ដោយ ដោយសារ​ឥឡូវនេះ​លោក ពូ​ទីន​ បាន​ប្រើប្រាស់​ហេតុ​​ផល​រារាំង​ការពង្រីក​អង្គការ​ណា​តូ ក្នុងចំណោម​ហេតុផល​នៃ​ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​។​

​ប្រទេស​ចិន ដូច​ប្រទេស​ភាគ​ច្រើន​ជុំវិញ​ពិភពលោក បានបង្ហាញ​ភាព​ភ្ញាក់ផ្អើល​ចំពោះ​ការ​​លុកលុយ និង​ការខូចខាត​ប្រទេសអ៊ុយ​ក្រែ​ន ប៉ុន្តែ​រដ្ឋាភិបាល​បានបង្ហាញ​​ភាពលម្អៀង​ទៅរក​ប្រទេស​រុស្ស៊ី ​ដោយ​ក្រសួងការបរទេស​ចិន​បាន​បដិសេធ​ហៅ​ការ​លុកលុយ​នេះ​ថា ​«​ការ​ឈ្លានពាន​» ហើយ​សារព័ត៌មាន​ផ្លូវការ​មួយចំនួន​បាន​បន្ទរ​សារ​របស់​រដ្ឋាភិបាល​រុស្ស៊ី​។​

​ប៉ុន្តែ រុស្ស៊ី​បាន​ប្រឈម​នឹង​ឧបសគ្គ​យ៉ាងខ្លាំង​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ធៀប​ទៅនឹង​សង្គ្រាម​ឆេ​ឆិ​នី កាលពី​ឆ្នាំ ២០០០ សង្គ្រាម​ហ្ស​ក​ហ្ស៊ី​ឆ្នាំ ២០០៨ ការ​កាត់​យក​គ្រី​មា​ឆ្នាំ ២០១៤ និង​សង្គ្រាម​ស៊ី​រី ឆ្នាំ ២០១៥ ដែល​សុទ្ធតែ​ជោគជ័យ​ទាំង​យោធា និង​នយោបាយ​។ ភាពយឺតយ៉ាវ និង​ទិដ្ឋភាព​ដ៏​ក្រៀម​​ក្រំ​នៃ​សង្គ្រាម​លើក​នេះ​ ក៏​អាច​ប៉ះ​ពាល់​ដល់​ទំនុកចិត្ត​របស់​ប្រទេស​ចិន​ លើ​មេដឹកនាំ​រុស្ស៊ី​ផងដែរ​។​

​សម្ទុះ​ទៅមុខ​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី គឺ​ស្ទើរតែ​បាត់បង់​អស់​ទៅហើយ ដោយ​ប្រឈម​នឹងការ​តដៃ​យ៉ាង​ខ្លាំងក្លា​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ ការបាត់បង់​សម្ទុះ​នេះ បានធ្វើឱ្យ​រុស្ស៊ី បង្វែរ​ទៅរក​យុទ្ធសាស្ត្រ​បាញ់​ផ្លោង​ទៅលើ​ទីក្រុង​ធំៗ​ធ្វើឱ្យ​ជន​ស៊ីវិល​ជាច្រើន​នាក់​ស្លាប់​។ បន្ថែម​ពីលើ​នេះ​ទណ្ឌ​កម្ម​របស់លោក​ខាងលិច​ គឺ​កំពុង​បង្ក​ការខូចខាត​យ៉ាងខ្លាំង ទៅលើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​។​

៣​ សប្ដាហ៍​បន្ទាប់ពី​ការ​លុកលុយ​ចាប់ផ្ដើម កងកម្លាំង​រុស្ស៊ី​ប្រឈម​នឹង​ការខាតបង់​យ៉ាងខ្លាំង​ហើយ​ចិន គឺ​កាន់តែ​ស្ថិតក្រោម​សម្ពាធ​កាន់តែខ្លាំង​ឱ្យបំពេញ​កាតព្វកិច្ច​ក្នុង​ភាពជា​ដៃគូ «​គ្មាន​ដែន​កំ​​ណ​ត់​» ជាមួយ​រុស្ស៊ី​។ មន្ត្រី​អាមេរិក​បាន​អះអាងថា ចិនបានបង្ហាញ​សញ្ញា​ថា ខ្លួន​អាចបំពេញ​សំណើសុំ​ជំនួយ​យោធា​របស់​រុស្ស៊ី​។ រុស្ស៊ី​បាន​ច្រានចោល​ថា ខ្លួន​មិនបាន​ធ្វើសំណើ​បែបនេះ​ទេ ហើយ​ចិន​និយាយថា ​អាមេរិក​កំពុង​ចែកចាយ​ «​ព័ត៌មាន​មិន​ពិត​»​។​

​អ្នកវិភាគ​ជាច្រើន​និយាយថា​ ឥឡូវនេះ​លោក​ ស៊ី​ ប្រឈមមុខ​នឹង​ជម្រើស​ដ៏​លំបាក​មួយ​៖ តើ​គួរ​ផ្ដល់ជំនួយ​ឱ្យ​រុស្ស៊ី ឬ​ឈរ​មួយកន្លែង ​ខណៈ​រុស្ស៊ី​ប្រឈមមុខ​នឹង​ការបរាជ័យ ពោលគឺ​ការឆ្លើយ​នឹង​សំណួរ​ថា​តើ​ភាពជា​ដៃគូ​ «​គ្មាន​ដែន​កំណត់​» នឹងមាន​ដែន​កំណត់​ដែរ ឬទេ​?

​មន្ត្រី​សហរដ្ឋអាមេរិក​ជាច្រើន​បាន​ព្រមាន​ប្រទេស​ចិន ​ថា ពួកគេនឹង​ប្រឈម​ផលប៉ះពាល់​យ៉ាងខ្លាំង​ប្រសិន​ក្រុង​ប៉េកាំង ​សម្រេចចិត្ត​ជួយ​រុស្ស៊ី​គេច​ពី​ការដាក់ទណ្ឌកម្ម​។​

​ប្រសិនបើ​ប្រទេស​ចិន ​ផ្ដល់​ជំ​នួ​យ​ឱ្យ​រុស្ស៊ី នោះ​សង្គ្រាមត្រជាក់​ថ្មី​មួយ​នឹង​កើតឡើង ហើយ​ប្រទេស​ជុំវិញ​ពិភពលោក​នឹងត្រូវ​បែកខ្ញែក​ជា​ប្លុក ​២ ​ប្រឆាំង​គ្នា​៕

វីដេអូ៖