​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​លោក​ សឺហ្គេ ឡាវរ៉ូវ បាន​និយាយ​ថា ​ក្រុង​ម៉ូស្គូ​បាន​ទទួល​ការ​ធានា​ជា​លាយលក្ខណ៍​អក្សរ​ពី​ក្រុង​វ៉ាស៊ីនតោន​ថា​ ការ​ដាក់​ទណ្ឌកម្ម​ដោយ​លោក​ខាង​លិច​លើ​រុស្ស៊ី​ជុំវិញ​ការ​លុកលុយ​ចូល​អ៊ុយក្រែន​ នឹង​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជា​មួយ​អ៊ីរ៉ង់ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥ នោះទេ​។

ការ​លើក​ឡើង​របស់​លោក​ឡាវរ៉ូវ​កាល​ពី​ថ្ងៃ​អង្គារ ដែល​ធ្វើ​ឡើង​ខណៈ​ទទួល​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក​ហូសេន អាមីរ៉ាប់ដូឡាហាន​មក​កាន់​ក្រុង​ម៉ូស្គូ អាច​ជា​សញ្ញា​បង្ហាញ​ថា​អាមេរិក​បាន​បំពេញ​តាម​ការ​ទាមទារ​របស់​រុស្ស៊ី​ឱ្យ​មាន​ការ​ធានា​ថា​ទណ្ឌកម្ម​លោក​ខាង​លិច​នឹង​មិន​រារាំង​ដល់​អនាគត​នៃ​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​ និង​អ៊ីរ៉ង់​ទេ​។

កាល​ពី​សប្ដាហ៍​មុន​ ក្រុង​ម៉ូស្គូ​បាន​ធ្វើ​ការ​ទាមទារ​ទាំង​នេះ ចំ​ពេល​មាន​សេចក្តី​​រាយការណ៍​ថា​ការ​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជិត​បាន​សម្រេច​ហើយ​ បន្ទាប់​ពី​ការ​ចរចា​ជាង​ ១១ ខែ​។ ភាគី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​ការ​ទាមទារ​នាទី​ចុង​ក្រោយ​របស់​អ៊ីរ៉ង់​គឺ «មិន​ពាក់ព័ន្ធ» នោះ​ទេ ហើយ​ភាគី​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​និយាយ​ថា ​ការ​ទាមទារ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ការ​ចរចា​បរាជ័យ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​លោក​ ឡាវរ៉ូវ និង​លោក ​អាមីរ៉ាប់ដូឡាហាន ​បាន​ច្រានចោល​ការ​លើក​ឡើង​ថា​ ការ​ទាមទារ​របស់​រុស្ស៊ី​ មិនមែន​​ជា​ឧបសគ្គ​សម្រាប់​ការ​ចរចា​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ទេ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​អាមីរ៉ាប់ដូឡាហាន​ បាន​សង្កត់​ធ្ងន់​ថា​ អ៊ីរ៉ង់​គឺ​ជា​ភាគី​ «រឹងមាំ និង​ឯករាជ្យ» នៅ​ក្នុង​ការ​ចរចា​ ហើយ​នឹង​មិន​អនុញ្ញាត​ឱ្យ​សម្ពាធ​រារាំង​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​ប្រទេស​ណា​មួយ​ឡើយ​៕