កាល​ពី​ថ្ងៃ​អង្គារ ទី​ ១៥ មីនា ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ប៉ូឡូញ ស្លូវេនី និង​សាធារណរដ្ឋឆេក​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​កៀវ​​នៃ​ប្រទេស​អ៊ុយក្រែន​ ហើយ​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី ​វ៉ុលូឌីមៀរ ហ្សេលេនស្គី ក្នុង​ការ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​អ៊ុយក្រែន​ បើ​ទោះ​បី​ជា​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​កាន់​តែ​ខិត​ជិត​ចំណុច​កណ្ដាល​នៃ​ក្រុង​ក៏​ដោយ​។

បើ​ទោះ​បី​ជា​មាន​ការ​ព្រួយបារម្ភ​នៅ​ក្នុង​សហភាព​អឺរ៉ុប​អំពី​ហានិភ័យ​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​សង្គ្រាម​ក៏​ដោយ នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក​ ម៉ាថាអូស ម៉ូរ៉ាវីកគី​ ឧបនាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក ​ចារ៉ូស្ល កាហ្សីនស្គី នាយករដ្ឋមន្ត្រី​សាធារណរដ្ឋឆេក ​លោក​ ពេត្រុស ហ្វីអាឡា និង​នាយករដ្ឋមន្ត្រី​ស្លូវេនី​លោក​ ចាណេស ចានសា បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​កាន់​ក្រុង​កៀវ​ ដើម្បី​បង្ហាញ​ថា​ ភាគ​ច្រើន​នៃ​ប្រទេស​អ៊ុយក្រែន​ គឺ​នៅ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​កៀវ។

មេដឹកនាំ​អឺរ៉ុប​កណ្ដាល​ទាំង​៣រូប​បាន​និយាយ​ថា ​ពួកគេ​គឺ​កំពុង​បំពេញ​បេសកកម្ម​មួយ​របស់​សហភាព​អឺរ៉ុប​ ប៉ុន្តែ​មន្ត្រី​សហភាព​អឺរ៉ុប​និយាយ​ថា​មេដឹកនាំ​ទាំង ៣ ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នេះ​ដោយ​ការ​សម្រេច​ចិត្ត​ឯករាជ្យ​របស់​ពួកគេ​។ ប្រទេស​ទាំង ៣ ​គឺ​ជា​អតីត​ប្រទេស​ក្នុង​ប្លុក​កុម្មុយនី​ស្ត​ ប៉ុន្តែ​ឥឡូវ​បាន​ប្រែ​ខ្លួន​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប និង​អង្គការ​ណាតូ​។

យ៉ាង​ណា​មិញ​ ប៉ុន្មាន​ម៉ោង​មុន​មេដឹកនាំ​ទាំង​នេះ​ធ្វើ​ដំណើរ​ដល់​ក្រុង​កៀវ​ កងកម្លាំង​លុកលុយ​រុស្ស៊ី​បាន​បន្ត​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំង​ចូល​រដ្ឋធានី​របស់​អ៊ុយក្រែន​។ អគារ​គេហដ្ឋាន​កម្ពស់​ ១៥ ជាន់​មួយ​បាន​រង​គ្រាប់​ផ្លោង​ ដែល​បង្ក​ឱ្យ​មាន​អគ្គភ័យ​។ មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​ជា​ច្រើន​ទៀត​ បន្ត​ជាប់​នៅ​ក្នុង​អគារ​នោះ​៕