អ៊ុយក្រែន​ និង​រុស្ស៊ី​ មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​លើ​ផែនការ​សន្តិភាព​បណ្ដោះ​អាសន្ន​ ដែល​រួមមាន​បទ​ឈប់​បាញ់​ និង​ការ​ដក​ទ័ព​របស់​រុស្ស៊ី​ ប្រសិន​បើ​ក្រុង​កៀវ​ប្រកាស​ទទួល​ជំហរ​អព្យាក្រឹត​ ហើយ​ដាក់​កម្រិត​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​កាសែត​ Financial Times ផ្អែក​លើ​ប្រភព​ដែល​ដឹង​អំពី​ការ​ចរចា​។

អ្នក​ចរចា​តំណាង​ឱ្យ​អ៊ុយក្រែន​ និង​រុស្ស៊ី​ បាន​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​នេះ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ​។ ប្រភព​ទាំង​នេះ​បាន​និយាយ​ថា ​ផែនការ​ព្រាង​ ១៥ ចំណុច​ ដែល​ត្រូវ​ពិចារណា​កាល​ពី​ថ្ងៃ​នោះ នឹង​រួមមាន​ការ​តម្រូវ​ឱ្យ​ក្រុង​កៀវ​បោះបង់​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ ហើយ​សន្យា​ថា​នឹង​មិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មូលដ្ឋាន​យោធា​បរទេស​ ឬ​អាវុធ​នោះ​ទេ​ ជា​ថ្នូរ​នឹង​ការ​ទទួល​ការ​ការពារ​ពី​សម្ព័ន្ធមិត្ត​ដូចជា​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស​ និង​តួកគី។

ប៉ុន្តែ​ ធម្មជាតិ​នៃ​ការ​ធានា​របស់​លោក​ខាង​លិច​សម្រាប់​សន្តិសុខ​អ៊ុយក្រែន​ និង​សំណួរ​ថា​តើ​ក្រុង​ម៉ូស្គូ​អាច​ទទួល​យក​វា​បាន​ដែរ ឬ​ទេ​ អាច​ក្លាយ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​។ ឧបសគ្គ​ដ៏​ធំ​មួយ​ទៀត​គឺ​ស្ថានភាព​នៃ​ទឹកដី​រុស្ស៊ី​ចូល​កាន់កាប់​ និង​ទឹកដី​គ្របគ្រង​ដោយ​ក្រុម​ផ្ដាច់​ខ្លួន​។ កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៤ មួយ​ ដែល​ធានា​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិសុខ​របស់​អ៊ុយក្រែន​ បាន​បរាជ័យ​ក្នុង​ការ​ការពារ​ប្រទេស​នេះ​រួច​ទៅ​ហើយ​។

បើ​ទោះ​បី​ជា​ក្រុង​​ និង​ក្រុង​ម៉ូស្គូ​ និយាយ​ថា​ មាន​វឌ្ឍនភាព​ក្នុង​ការ​ចរចា​ក៏​ដោយ​ អ៊ុយក្រែន​ហាក់​ដូចជា​មិន​ជឿ​ថា ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​ អនុលោមតាម​​កិច្ចព្រមព្រៀង​សន្តិភាព​ពេញ​លេញ​ ហើយ​ព្រួយបារម្ភ​ថា ​ក្រុង​ម៉ូស្គូ​ អាច​គ្រាន់​តែ​ពន្យារ​ពេល​ដើម្បី​ប្រមូល​ផ្ដុំ​កង​កម្លាំង​ឡើង​វិញ​ ដើម្បី​ចាប់​ផ្ដើម​ការ​លុកលុយ​សាឡើង​វិញ​។

កាល​ពី​ពុធ លោក ​ពូទីន​ បាន​ប្ដេជ្ញា​ថា ​រុស្ស៊ី​នឹង​សម្រេច​គោលដៅ​របស់​ខ្លួន​ទាំង​អស់​ដើម្បី​រារាំង​ «កុំ​ឱ្យ​អ៊ុយក្រែន​ក្លាយ​ជា​បន្ទាយ​នៃ​សកម្មភាព​អរិភាព​ប្រឆាំង​នឹង​ប្រទេស​របស់​យើង​»​៕