តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ក្រុង​ឡាអេ​ ប្រទេស​ហូឡង់​ បាន​បញ្ជា​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែន​ ដោយ​និយាយ​ថា​ តុលាការ​មិន​ឃើញ​ភ័​ស្តុតាង​ណា​មួយ​ដែល​គាំទ្រ​ហេតុផល​របស់​រុស្ស៊ី​សម្រាប់​ចាប់​ផ្ដើម​សង្គ្រាម​នោះ​ទេ​ ដែល​រួមមាន​ការ​អះអាង​ថា ​អ៊ុយក្រែន​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​រុស្ស៊ី​នៅ​ខាង​កើត​ប្រទេស​។

តុលាការ​ ICJ បាន​សម្រេច​ដោយ​សំឡេង ១៣ ទល់​នឹង​ ២ ក្នុង​ការ​អនុម័ត​ការ​បញ្ជា​ថា​ «សហព័ន្ធ​រុស្ស៊ី​ត្រូវ​ផ្អាក​ជា​បន្ទាន់​នូវ​ប្រតិបត្តិការ​យោធា​ដែល​ខ្លួន​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២៤ កុម្ភៈ ​២០២២ នៅ​លើ​ទឹកដី​អ៊ុយក្រែន​»​។ មាន​តែ​ចៅក្រម​រុស្ស៊ី និង​ចិន​ទេ​ដែល​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សាលក្រម​នេះ​។

ប្រធាន​តុលាការ​ ICJ លោកស្រី​ ចូន ដូណាហ្យូ​ ចៅក្រម​អាមេរិក​ បាន​និយាយ​ថា ​តុលាការ​ «មិន​មាន​ភ័​ស្តុតាង​ក្នុង​ដៃ​ដែល​បញ្ជាក់​» ការ​អះអាង​របស់​រុស្ស៊ី​ថា ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន​។ បន្ថែម​ពី​លើ​នេះ​លោកស្រី​និយាយ​ថា ​លោកស្រី​មិន​ជឿ​ថា​អនុសញ្ញា​ស្ដី​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ផ្ដល់​អាជ្ញាធរ​ណា​មួយ​សម្រាប់ «ការ​ប្រើប្រាស់​កម្លាំង​យោធា​នៅ​ក្នុង​ទឹកដី​របស់​រដ្ឋ​មួយ​ផ្សេង​ទៀត​»​។

លោក​ស្រី​បន្ថែម​ទៀត​ថា​៖ «តុលាការ​ចាត់​ទុក​ថា​ អ៊ុយក្រែន​អាច​មាន​សិទ្ធិ​ មិន​ស្ថិត​ក្រោម​ប្រតិបត្តិការ​យោធា​របស់​សហព័ន្ធ​រុស្ស៊ី»​។

សាលក្រម​តុលាការ​ ICJ មាន​ទម្ងន់​ផ្លូវ​ច្បាប់​ក្រោម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ដែល​ «បង្កើត​កាតព្វកិច្ច​ផ្លូវ​ច្បាប់​អន្តរជាតិ​ សម្រាប់​ភាគី​ណា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ទាំង​នេះ»​ ប៉ុន្តែ​តុលាការ​ ICJ មិន​មាន​មធ្យោបាយ​ដើម្បី​អនុវត្ត​សាលក្រម​របស់​ខ្លួន​ទេ​ ហើយ​រំពឹង​ទាំង​ស្រុង​ទៅ​លើ​ការ​អនុលោម​ដោយ​ស្ម័គ្រចិត្ត​របស់​ភាគី​ពាក់ព័ន្ធ​។ រុស្ស៊ី​ទំនង​នឹង​មិន​អនុលោម​តាម​សាលក្រម​នេះ​ទេ​ ប៉ុន្តែ​វា​បាន​ផ្ដល់​ការ​បដិសេធ​ចំពោះ​ហេតុផល​មួយ​របស់​រុស្ស៊ី​ក្នុង​ការ​ចាប់​ផ្ដើម​សង្គ្រាម​៕