កាល​ពី​ថ្ងៃអង្គារ កន្លង​ទៅ សហភាព​អឺរ៉ុប​បាន​អនុម័ត​ជា​ផ្លូវការ​​នូវ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី​ជុំវិញ​ការ​លុកលុយ​ចូល​អ៊ុយក្រែនដែល​រួមមាន​ការ​ហាមឃាត់​ការ​វិនិយោគ​ក្នុង​វិស័យ​​ថាមពល​រុស្ស៊ីការ​នាំ​ចេញ​ទំនិញ​ប្រណីតនិង​ការ​នាំចូល​ផលិត​ផល​ដែក​ពី​ប្រទេស​រុស្ស៊ី។​

ទណ្ឌកម្មដែល​ចូល​ជា​ធរមាន​បន្ទាប់​ពី​ការ​បោះពុម្ព​ផ្សាយ​ក្នុង​ទិនានុប្បវត្តិ​​ផ្លូវ​ការ​របស់​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​អង្គារ នេះក៏​បាន​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មេដឹកនាំ​អាជីវកម្ម​ជាច្រើ​ន​ទៀតដែល​គាំទ្រ​រដ្ឋ​រុស្ស៊ី​រួម​ទាំង​ម្ចាស់​ក្លឹប​បាល់ទាត់​អង់គ្លេស​ Chelsea លោក Roman Abramovich ផង​ដែរ។

គណៈ​កម្មការ​អឺរ៉ុបបាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​​អង្គារ​ថា​ទណ្ឌកម្ម​ រួមមានការ​ហាម​ឃាត់​​យ៉ាង​ទូលំទូលាយ​លើ​ការ​វិនិយោគ​ថ្មី​នៅ​ទូទាំង​វិស័យ​ថាមពល​រុស្ស៊ីជាមួយ​នឹង​ករណី​លើក​លែង​មាន​កម្រិត​សម្រាប់​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល​និង​ការ​ដឹកជញ្ជូន​ផលិតផល​ថាមពល​មួយ​ចំនួន​ត្រឡប់​ទៅ​សហភាព​អឺរ៉ុប​»​។

​វិធានការ​នេះនឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​សំខាន់ៗ​របស់​រុស្ស៊ី​ដូចជា​ Rosneft Transneft និង Gazprom Neft (GZPFY) ប៉ុន្តែ​សមាជិក​សហភាព​អឺរ៉ុប​នឹង​នៅ​តែ​អាច​ទិញ​ប្រេងនិង​ឧស្ម័ន​ពី​ពួកគេ​​បាន​។​ប្លុក​នេះ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បឋម​លើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទហើយក៏​គ្មាន​ការ​ជំទាស់​ណា​មួយ​ត្រូវ​បាន​លើក​ឡើង​មុន​កាល​បរិច្ឆេទ​កំណត់​ទេ៕