ប្រធានាធិបតី​រុស្ស៊ី​ លោក វ្ល៉ាឌីមៀ ពូទីន បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​រឹប​អូស​យក​យន្តហោះ​បរទេស ដើម្បី​មក​ប្រើប្រាស់​ក្នុង​ស្រុក​ ខណៈ​ពេល​ដែល​ភាព​តាន​តឹង​​កើនឡើង ​ជុំវិញ​ការ​លុកលុយ​របស់​ខ្លួន​នៅ​អ៊ុយក្រែន​។

យោង​តាម​កាសែត TASS បាន​ឱ្យ​ដឹង​ថាយន្តហោះ​របស់​ក្រុមហ៊ុន​​បរទេសដែល​ពី​មុន​បាន​ជួល​យន្តហោះ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ីហើយ​ចាប់​តាំង​ពី​ពេល​នោះ​មកបាន​ឈប់​ធ្វើ​អាជីវកម្ម​ជាមួយ​ប្រទេស​នេះ​ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​លើ​​ទីក្រុង​ម៉ូស្គូ នឹង​ត្រូវ​បាន​រឹប​អូស​ក្រោម​ច្បាប់​នេះ ​ហើយ​នឹង​ដំណើរ​ការ​ដោយ​ក្រុមហ៊ុន​អាកាសចរ​ណ៍ក្នុង​ស្រុក​។

​វិធានការ​នេះ​ គឺជា​ការ​បង្កើន​ភាព​តាន​តឹង​បន្ថែម​ទៀត​រវាង​រុស្ស៊ី និង​សហគមន៍​អន្តរជាតិ។ កាល​ពី​សប្តាហ៍​មុន សហរដ្ឋ​អាមេរិកបាន​ប្រកាស​ថា ខ្លួន​នឹង​បិទ​ការ​នាំ​ចូល​ប្រេងឧស្ម័ន​ធម្មជាតិនិង​ធ្យូង​ថ្ម​របស់​រុស្ស៊ី។ សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រទេស​ចំនួន​ ៧ ផ្សេងទៀត​ នឹង​​​​​ដក​ភាព​​​អនុគ្រោះ​ពាណិជ្ជកម្ម​​លើ​ប្រទេស​​​​រុស្ស៊ី​ផងដែរ​៕