ចារកម្ម​លោកខាងលិច អ្នក​សារ​ព័ត៌មាន​នៅ​សមរភូមិ និង​វីដេអូ​រាប់ពាន់​ម៉ោង​នៅលើ​បណ្ដាញ​សង្គម​បានបង្ហាញ​រូបភាព និង​ស្ថានភាព​នៃ​ការ​លុកលុយរបស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន​៖ រថក្រោះ និង​រថយន្តយោធា​ផ្សេងទៀត​រង​ការបំផ្លាញ ឆាបឆេះ និង​បោះបង់ចោល​នៅ​កណ្ដាលផ្លូវ ឬ​ជាប់​ក្នុង​ជង្ហុក​កៀន​ផ្លូវ​។​

​ភាពជោគជ័យ​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការរារាំង​ផែនការ​សង្គ្រាម​រន្ទះ​រប​ស់​រុស្ស៊ី ដើម្បី​ចូលកាន់​កាប់​ក្រុង​កៀវ និង​ក្រុង​ធំៗ​ដទៃទៀត​ គឺ​ភាគ​ច្រើន​ដោយសារ​សមត្ថភាព​រប​ស់​កងទ័ព​អ៊ុយ​ក្រែ​ន​ក្នុងការ​តាមដាន និង​បំផ្លាញ​រថក្រោះ និង​រថយន្តយោធា​រុស្ស៊ី បង្កឱ្យមាន​ការខាតបង់​យ៉ាងខ្លាំង ហើយ​ពន្យារ​ការ​ទៅមុខ​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​។​

​កងកម្លាំង​អ៊ុយ​ក្រែ​ន រៀបខ្លួន​ជា​ក្រុម​តូចៗ ដែលជា​ញឹកញាប់​ប្រដាប់​ដោយ​គ្រាប់​រ៉ុក្កែត​បាញ់​ពី​ស្មា ឬ​ជើង​ទម្រ​ចល័ត​ផ្គត់ផ្គង់​ដោយ​លោកខាងលិច បាន​ប្រើប្រាស់​សណ្ឋាន​ដី និង​ចន្លោះប្រហោង​ក្នុង​យុទ្ធសាស្ត្រ​របស់​កងទ័ព​រុស្ស៊ី ​ដើម្បី​ការវាយប្រហារ​ទាំងនេះ​។​

​អាវុធ​ខ្នាតតូច​ប្រើប្រាស់​ដោយ​អ៊ុយ​ក្រែ​ន និង​កាំភ្លើង​ធំ​ប្រើប្រាស់​ដោយ​រុស្ស៊ី បានបង្ហាញ​យ៉ាង​​ច្បាស់​អំពី​ភាពខុសគ្នា​រវាង​យុទ្ធ​សាស្ត្រ​ដែល​បាន​ប្រើប្រាស់​ដោយ​ភាគី​ទាំងសងខាង​។​

​កាល​ឆ្នាំ ​២០១២ ប្រទេស​រុស្ស៊ី ​បានបញ្ចប់​ការធ្វើកំណែទម្រង់​យ៉ាង​ទូលំទូលាយ​លើ​កងកម្លាំងប្រដាប់អាវុធ​ដោយមាន​លទ្ធផល​ជាការ​បង្កើត «​កង​វរ​សេនា​ចម្រុះ​» ជា​អង្គភាព​ប្រយុទ្ធ​ចម្បង​នៃ កងទ័ព​ប្រទេស​នេះ​។ អាមេរិក​ប៉ាន់​ស្មានថា ក្នុងចំណោម​ «​កង​​វរ​សេនា​​ចម្រុះ​»​ ទាំង​ ១៧០ របស់​រុស្ស៊ី​ចំនួន​ ១០០ ត្រូវបាន​ដាក់ពង្រាយ​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ឧត្តមភាព​នេះ​ គឺ​ប្រដាប់​ដោយ​រថក្រោះ ទាហាន​ថ្មើរជើង​ចល័ត​ដោយ​រថពាសដែក កាំភ្លើង​ធំ​មី​ស៊ី​ល និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ហើយ​មាន​សមត្ថភាព​ផ្លាស់ប្ដូរ​យ៉ាង​​រហ័ស​ពី​ប្រតិបត្តិការ​វាយប្រហារ​ល្បឿន​លឿន ទៅ​ការវាយប្រហារ​ចម្ងាយ​ឆ្ងាយ ​ដើម្បី​គាំទ្រ​ប្រតិបត្តិ​​ការ​របស់​អង្គភាព​ផ្សេងៗ​។​

​ប៉ុន្តែ «​កង​វរ​សេនា​ចម្រុះ​» មាន​ចំណុចខ្សោយ​ដ៏​ធំ​មួយ គឺ​ការរំពឹង​យ៉ាងខ្លាំង​លើ​រថយន្ត​របស់​ពួកគេ ដោយ​ក្នុង​មួយអង្គ​ភាព​នីមួយៗ​មាន​រថយន្ត​ជា​មធ្យម ៧៥ គ្រឿង ខណៈពេល​មាន​ទាហាន​ថ្មើរជើង​ត្រឹមតែ​ជាង ២០០ នាក់​ប៉ុណ្ណោះ ធ្វើឱ្យ​អង្គភាព​នេះ​ងាយ​រង​ការ​វាយប្រហារ​ពីក្រោយ និង​ពី​ចំ​ហៀ​ង​។ អង្គភាព​នេះ​ គឺ​កាន់តែ​ងាយ​រង​ការវាយប្រហារ នៅពេលដែល​ក្រុម​ទាហាន​ថ្មើរជើង​អ៊ុយ​ក្រែ​ន​តូចៗ ប្រើប្រាស់​សណ្ឋាន​ដី​ដើម្បី​ធ្វើការ​វាយឆ្មក់​ពី​ទិសដៅ​ចំណុចខ្សោយ​។​

​បន្ថែម​ពីលើ​នេះ ទាហាន​រុស្ស៊ី​ភាគច្រើន ដែល​ត្រូវដាក់​ពង្រាយ​សម្រាប់​ «​ការធ្វើ​សមយុទ្ធ​» បាន​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​ពួកគេ​ទទួលបញ្ជា​ឱ្យ​ឆ្លងដែន​ចូល​អ៊ុយ​ក្រែ​ន​ដោយ​ហាក់ដូចជា​មានតែ​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​មន្ត្រី​ជំនិត​មួយចំនួន​តូច​ទេ ដែល​ដឹង​អំពី​ផែនការ​លុកលុយ​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​នេះ​មានន័យថា រថក្រោះ និង​រថយន្ត​ទាំងនេះ បាន​ឆ្លង​ចូល​អ៊ុយ​​ក្រែ​ន​ដោយ​មិនបាន​ត្រៀមខ្លួន​ជាមុន ហើយ​រថយន្ត​ជាច្រើន​ស្ថិតនៅក្នុង​ស្ថានភាព​ខូចខាត ឬ​ត្រូវការ​ផ្លាស់ប្ដូរ​គ្រឿងបន្លាស់​រួចទៅហើយ​។ រថយន្ត​ទាំងនេះ​បាន​ប្រឈម​នឹង​បញ្ហា​នៅពេលដែល​ពួកគេ​ព្យាយាម​ធ្វើដំណើរ​ចុះ​ផ្លូវ ដោយមាន​រូបភាព​ជាច្រើន​ប​ង្ហា​ញ​ការបោះបង់​រថយន្ត​រុស្ស៊ី​ដែល​ជាប់​នៅក្នុង​ភក់​។​

​ផែនការ​របស់​រុស្ស៊ី​ក៏​សង្កត់ធ្ងន់​លើ​ការចូល​កាន់កាប់​ទីក្រុង​ធំៗ​ឱ្យបាន​ឆាប់រហ័ស​ផងដែរ ដូច្នេះ​មានន័យថា​ក្បួន​ចម្បាំង​របស់​រុស្ស៊ី​ គឺត្រូវធ្វើ​ដំណើរ​លើផ្លូវ​ជាតិ​របស់​អ៊ុយ​ក្រែ​ន ហើយ​ត្រូវ​ផ្ដោតលើ​ការចូល​កាន់កាប់​ចំណុច​ប្រ​សព្វ​នៃ​ផ្លូវជាតិ​ទាំងនេះ ជាជាង​ការចូល​កាន់កាប់​ភូមិ​ស្រុក​តាម​បណ្ដា​ខេត្ត​នីមួយៗ​។​

​ដោយ​សង្កេត​ឃើញបែបនេះ អ៊ុយ​ក្រែ​ន​បានធ្វើការ​សន្និដ្ឋាន​ចំនួន​ ២៖ ទី​១ ទំហំ​មុខ​នៃ​ក្បួន​រថក្រោះ គឺ​មិនអាច​ធំ​ជាង​ទទឹងផ្លូវ​ទេ​ហើយ​ល្បឿន​នៃ​ក្បួន ​គឺ​កំណត់ដោយ​រថក្រោះ​នៅខាងមុខ​គេ​។ ទី​២ ពួកគេ​អាចធ្វើ​សកម្មភាព​ដោយ​សេរី​នៅក្នុង​ព្រៃភ្នំ វាលស្រែ និង​ក្នុង​ភូមិតូចៗ នៅ​បណ្ដោយ​ផ្លូវ​ទាំងនោះ​។​

​ដោយមាន​កង្វះ​ទាហាន​ថ្មើរ​​ជើង​ ដើម្បី​ការពារ​ផ្នែក​ចំហៀង និង​ផ្នែក​របស់ខ្លួន ក្បួន​រថក្រោះ​រុស្ស៊ី​បាន​រង​ការ​វាយឆ្មក់​ដោយ​ក្រុម​ទាហាន​ថ្មើរជើង​តូចៗ​របស់​អ៊ុយ​ក្រែ​ន ដែល​ធ្វើការ​វាយ​ពី​សណ្ឋាន​ដី​ដែល​អាចជួយ​លាក់​​ខ្លួន​ពួកគេ​បាន ហើយ​ផ្ដល់​ច្រក​សម្រាប់​ការដកថយ​។​

​ស្នូល​នៃ​ការ​វាយឆ្មក់​ទាំងនេះ គឺ​មី​ស៊ី​ល ឬ​រ៉ុ​កែ្ក​ត​ប្រឆាំង​រថក្រោះ​បាញ់​ពី​ស្មា ឬ​ជើង​ទម្រ​ចល័ត​ចម្រុះ​ជាច្រើន​ម៉ាក ដោយ​គួរឱ្យ​កត់​​សម្គាល់​ជាងគេ​ គឺ​ប្រព័ន្ធ​មី​ស៊ី​ល​ស្វ័យប្រវត្តិ Javalin ផលិត​ដោយ​អាមេរិក​។​

​ការប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​ខ្នាតតូច​បែបនេះ​ បានអនុញ្ញាត​ឱ្យ​ទាហាន​ថ្មើរជើង​អ៊ុយ​ក្រែ​ន​មាន​សមត្ថភាព​កម្ទេចរ​ថ​ក្រោះ​រុស្ស៊ី ដោយ​រក្សា​ល្បឿន​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​វាយឆ្មក់ ហើយ ដកថយ​វិញ​។​

​មុន​ការ​លុកលុយ​ចាប់ផ្ដើម​សហ​​រដ្ឋ​អាមេរិក និង​សមាជិក​អង្គការ​ណា​តូ​ដទៃទៀត​បាន​បញ្ជូន​មី​ស៊ី​ល​ទាំងនេះ​ ចំនួន​រាប់ពាន់​គ្រាប់​ជា​​មួយ​នឹង​គ្រូបង្វឹក​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ទាំង​លោកខាងលិច និង​អ៊ុយ​ក្រែ​ន​បាន​និយាយថា​ មី​ស៊ី​ល​ទាំងនេះ​បាន​ជួយ​យ៉ាង​ខ្លាំង​ក្នុងការ​ទប់ទល់​នឹង​ការ​លុកលុយ​របស់​រុស្ស៊ី​៕

វីដេអូ៖