​បញ្ញវន្ត​គោលនយោបាយ​សាធារណៈ​ ១​ រូប​ ទទូច​ឱ្យ​ចិន​ផ្តាច់ទំនាក់ទំនង​ជាមួយ​ប្រ​ធានា​ធិបតី​រុស្ស៊ី​ វ្ល៉ា​ឌី​មៀរ ពូ​ទីន ព្រោះ​ខ្លាច​ប្រឈម​នឹង​ផល​ប៉ះពាល់​នៅ​ថ្ងៃមុខ​។​

​នេះ​គឺជា​ការលើកឡើង​របស់​លោក Hu Wei អ្នកវិទ្យាសាស្ត្រ​នយោបាយ​ដែលមាន​ទំនាក់​​ទំនង​ជាមួយ​ការិយាល័យ​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ​ដឹកនាំ​ដោយ​នាយ​ក​រដ្ឋមន្ត្រី Li Keqiang​។ លោក Hu ដែលជា​ប្រធាន​សមាគម​ស្រាវជ្រាវ​គោ​លន​យោ​បាយ​សាធារណៈ​សៀង​ហៃ​ផង​នោះបាន​សរសេរ​បែបនេះ​ក្នុង​បទ​វិចារណកថា​មួយ​ដោយ​បញ្ជាក់ថា នេះ​គឺ​មិន​តំណាងឱ្យ​ភាគី​ណាមួយ​ទេ ប៉ុន្តែ​ជា​ជំហរ​របស់​បញ្ញវន្ត ​១ ​រូប​។

​វា​មិនមែនជា​រឿង​ចៃដន្យ​ទេ ​ដែលមាន​ការចេញផ្សាយ​អត្ថបទ​អំពី​ការ​បញ្ច្រាស​គោល​នយោបាយ​អ៊ុយ​ក្រែ​ន​របស់​ប្រទេស​ចិន​ត្រឹមតែ ៧ ​ម៉ោង​មុន​ការចាប់ផ្ដើម​កិច្ចប្រជុំ​រវាង​ប្រមុខ​ការទូត​បក្ស​កុម្មុយនីស្ត​ចិន​លោក Yang Jiechi និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan នៅ​ទីក្រុង​រ៉ូម​។​

​លោក Hu បានសរសេរថា បើទោះបីជា​រុស្ស៊ី​បាន​គ្រប់គ្រង​កាន់កាប់​អ៊ុយ​ក្រែ​ន​និង​បង្កើត​រដ្ឋាភិបាល​អាយ៉ង​ក៏ដោយ ការ​​ដាក់ទណ្ឌកម្ម​របស់លោក​ខាង​លិច ​និង​ការបះបោរ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​នឹងធ្វើ​ឱ្យ​លោកពូ​ទីន ពិបាក​សម្រេចបាន​នូវ​គោល​ដៅ​ដែល​គេ​រំពឹងទុក​។​

​លោក​បាន​និយាយថា សេដ្ឋកិច្ច​ក្នុងស្រុក​របស់​រុស្ស៊ី​នឹងមិនមាន​និរន្តរភាព ហើយ​នៅទីបំផុត​នឹងត្រូវ​គេ​ទាញ​ឱ្យ​ដួលរលំ​។ លោក​បាន​ព្យាករ​ថា វា​នឹង​កើតឡើង​ក្នុង​រយៈពេល ​២ ទៅ ៣ ឆ្នាំ​ទៀត​។​

​លោក Hu បាន​និយាយថា ​ប្រទេស​ចិន ​គួរតែ​ចៀសវាង​ការ​​ឈរ​ខ្សែ​កណ្ដាល និង​គួរ​បោះ​បង់​ចោល​នូវ​ភាព​អព្យាក្រឹត​ហើយ​សម្រេច​រើសយក​ភាគី​ណាមួយ​ដែលមាន​សារៈ​សំ​ខាន់​ដល់​ពិភពលោក​។ លោកបាន​សន្និដ្ឋានថា ប្រសិនបើ​ចិន​ដើរតួ​ជា​ផ្នែក​មួយ​ក្នុងការ​បញ្ចប់សង្គ្រាម (​អាចជា​សង្គ្រាមនុយក្លេអ៊ែរ​) ទំនាក់ទំនង​តាន​​តឹង​របស់ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​លោកខាងលិច​នឹង​ធូរ​ស្រាល​ហើយ​វា​នឹង​អាច​ងើប​ចេញពី​ភាព​ឯកោ​បាន​ហើយ​។​

​ភាពរួបរួម​អន្តរជាតិ​ប្រឆាំង នឹង​រុស្ស៊ី គឺ​ខ្លាំង​ជាង​ការ​ស្មាន​។​

​នៅក្រោម​កាលៈទេសៈ​ទាំងនេះ លោក Hu កំពុងផ្ដល់​អនុសាសន៍ ឱ្យ​ចិន​បញ្ចប់​ការឃុបឃិត​ជាមួយ​រុស្ស៊ី​ឱ្យបាន​ឆាប់រហ័ស ហើយប្តូរ​ទៅរក​ភាគី​ឈ្នះ​។​

​អត្ថបទ​វិភា​គនេះ​ចុះ​ថ្ងៃទី​ ៥ ខែមីនា ជា​ថ្ងៃ​បើក​សម័យប្រជុំ​ប្រចាំឆ្នាំ​នៃ​សភា​ប្រជាជន​ចិន​និង​ត្រូវបាន​សម្គាល់ថា ជាការ​​វិនិច្ឆ័យ និង​ជា​ឯកសារយោង​នៃ​កម្រិត​ធ្វើការ​សម្រេចចិត្ត​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ចិន​។ អត្ថបទ​នេះ​ត្រូវបាន​ចែកចាយ​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ដែល​រួមមាន​លោក Xi Jinping អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ផងដែរ​។​

១​ សប្ដាហ៍ ​ក្រោយមក​នៅ​ថ្ងៃទី ១២ ខែមីនា អត្ថបទ​នេះ​ត្រូវបាន​ផ្សាយ​នៅលើ​គេហទំព័រ US-China Perception Monitor ដែលជា​ការបោះពុម្ពផ្សាយ​តាម​អ៊ី​ន​ធឺ​ណិ​ត​ដំណើរការ​ដោយ​មជ្ឈមណ្ឌល Carter។​

​លោក Hu បានកត់សម្គាល់​នៅ​ដើម​អត្ថបទ​ដោយ​បញ្ជាក់​ពី​អ្វីដែល​ត្រូវបាន​គេ​ជឿ​យ៉ាង​​ទូលំទូលាយ​ថា ជា​ករណី​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​បាន​បង្កឱ្យមាន​ភាព​ចម្រូង​​ចម្រាស​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ចិន​។ អ្នកគាំទ្រ និង​អ្នកប្រឆាំង​បាន​បែង​ចែកជា ២​ ភាគីប្រឆាំង ដែល​មិនអាច​ប្រកែក​បាន​។​

​ទោះយ៉ាងណា​គេ​ឃើញ​មានប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​អត្ថ​បទ​នេះ​។ ​សមាជិក ​១ ​រូប​ ក្រុម​និយម​ឆ្វេងនិយម​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន​បាន​និយាយថា​៖ «​បុគ្គល​នេះ​ជា​មន្ត្រី​ស៊ីវិល​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​យោ​បាយ​សាធារណៈ​នៃ​ការិយាល័យ​ទីប្រឹក្សា​។ ​ប្រសិនបើ​គាត់​កំពុង​គ្រវីទង់ជាតិ​គាំទ្រ​សហរដ្ឋអាមេរិក និង​ប្រឆាំង​រុស្ស៊ី​ជា​សាធារណៈ វា​គឺជា​បញ្ហា​ធំ​»​។​

​ប្រភព​ដដែល​បាន​និយាយទៀតថា​៖ «​វា​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់គាត់​។​ ប៉ុន្តែ​បើ​ធ្វើការ​វិនិច្ឆ័យ​ពី​សាវតារ​របស់គាត់ លោក​អាច​នឹងមាន​មេដឹកនាំ​ដែលមាន​ឥទ្ធិពល​នៅ​ពីក្រោយ​គាត់​»​។​

​ដូចដែល​បានចង្អុលបង្ហាញ​កាលពី ​២ ​សប្ដាហ៍​មុន​មានការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​សូម្បីតែ​ក្នុងចំណោម​សមាជិក​ទាំង​ ៧ នៃ​គណៈ​ក​ម្មា​ធិ​ការ​អចិ​ន្រៃ្ត​យ៍​កា​រិ​យាល័យ​នយោបាយ​ដែលជា​ស្ថា​ប័នធ្វើការ​សម្រេចចិត្ត​កំពូល​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​។​

​បន្ទាប់ពី​លោក Xi បាន​ជួប​ជាមួយ​លោក ពូ​ទីន កាលពី​ថ្ងៃ​ទី ​៤ ខែកុម្ភៈ សមាជិក​កំពូល​ទាំង ​៧ បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​អ៊ុយ​ក្រែ​ន​យ៉ាង​ដិតដល់ ខណៈពេលដែល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉េ​កាំ​ង ​កំពុងដំណើរការ ប៉ុន្តែ​សមាជិក​ទាំង​៧​នៅមាន​ការ​ខ្វែងគំនិត​គ្នា​នៅឡើយ​។​

​នៅក្រោម​គោលនយោបាយ​ដែល​ខ្លួន​បាន​ប្រកាន់ខ្ជាប់​រហូតមកដល់​ពេលនេះ​ គឺ​ប្រទេស​ចិន ​ចូលចិត្ត​ប្រើពាក្យ «​ប្រតិបត្តិ​ការ​យោធា​ពិសេស​» ជាជាង «​សង្គ្រាម​» ឬ «​ការឈ្លានពាន​» នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​។​

​ជាងនេះទៅទៀត​ចិន​ក៏បាន​គិត​ដែរ​ថា ការបង្ក​បញ្ហា​ជាមួយ​រុស្ស៊ី​ដែល​ហាក់ដូចជា​ជិត​ទទួល​ជ័យជម្នះ​នោះ គឺជា​រឿង​ល្ងង់ខ្លៅ​បំផុត​។ ប្រទេស​ចិន រំពឹងថា លទ្ធផល​ចុងក្រោយ​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​នឹង​ក្លាយទៅជា​ការពិត​។ យ៉ាងណាមិញ ភាព​រឹង​ចចេស​របស់​ចិន​បានធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​អន្តរជាតិ​របស់ខ្លួន​។​

​បើទោះបីជា​អត្ថបទ​ដ៏​ចម្រូង​ចម្រាស​របស់លោក Hu ពិ​បាក​ក្នុង​ការយក​ប្រើប្រាស់​ជា​ផ្លូវការ​ក៏ដោយ​ក៏​វា​មិនបាន​បញ្ឈប់​ការជជែក​ដេញដោល​តាម​អ៊ី​ន​ធឺ​ណិ​ត​ដ៏​ក្ដៅគគុក​អំពី​វាពី​ការកើតឡើង​នៅក្នុង​ប្រទេស ចិន​នោះទេ​។ ការជជែក​វែក​ញែក​នោះ​បង្ហាញ​ពី​គម្លាត​ជាក់ស្ដែង​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន​ដែល​បន្ត​រាយ​ការណ៍​ក្នុង​លក្ខណៈ​គាំទ្រ​រុស្ស៊ី​ និង​មតិសាធារណៈ​។​

​នៅក្នុង​អត្ថបទ​ដ៏​ចម្រូងចម្រាស របស់គាត់​លោក Hu បាន​និយាយថា គិត​ត្រឹម​ថ្ងៃទី ​៥ ខែមីនា ប្រទេស​ចិន កំពុង​អស់​ពេល​ដើម្បី​ធ្វើការ​សម្រេចចិត្ត​។ លោក​បានសរសេរថា​៖ «​នៅមាន​រយៈពេល​ ១ ​ឬ​ ២​ សប្ដាហ៍​ទៀត​មុនពេល​ប្រទេស​ចិន បាត់បង់​ឱកាស​ក្នុងការ​ជ្រើស​យក​ជំហរ​របស់ខ្លួន​»៕