មន្ត្រី​យោធ​អ៊ុយ​ក្រែ​ន​បាន​និយាយថា រុស្ស៊ីកំពុង​ប្រមូលផ្ដុំ​កងកម្លាំង​ឡើងវិញ ដើម្បី​ធ្វើការ​វាយលុក​សា​​ជាថ្មី​លើ​រដ្ឋធានី​កៀវ ខណៈពេល​ពួក​គេ​ព្យាយាម​ឡោមព័ទ្ធ​ក្រុង​ឆឺ​នី​ហ៊ី​វ និង​ស៊ូ​មី​នៅ​ភាគ​ខាងជើង​ប្រទេស​។​

​កងកម្លាំង​រុស្ស៊ី ក៏បាន​បន្ត​ពង្រឹង​ការកាន់កាប់​របស់ខ្លួន​នៅ​ជុំវិញ​ទីក្រុង​កំពុងផែ​ម៉ា​រី​អ៊ូ​ប៉ូល​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​អា​ចត​ភ្ជាប់​តំបន់​ផ្ដាច់ខ្លួន​ដុន​បាស ទៅនឹង​ឧបទ្វីប​គ្រី​មា​។ ទីក្រុង​នេះ​បាន​រង​ការបាញ់​ផ្លោង​យ៉ាងខ្លាំង​អស់​រយៈពេល​ជាង​ ២ ​សប្ដាហ៍​មកហើយ​។​

​ដោយ​សង្គ្រាម​នេះ​បាន​ឈានដល់​សប្ដាហ៍​ទី​៤ ការ​លុកលុយ​របស់​រុស្ស៊ី គឺ​ហាក់ដូចជា​ប្រឈមមុខ​នឹង​ការជាប់គាំង​នៅ​សមរភូមិ​ជាច្រើន ដោយ​បញ្ហា​ផ្គត់ផ្គង់ ការដើរ​យុទ្ធ​សាស្ត្រ​ខុស​ជំហាន និង​ការ​តដៃ​យ៉ាងខ្លាំង​ក្លា​ពី​អ៊ុយ​ក្រែ​ន​។​

​ខណៈពេលដែល​កងកម្លាំង​មានការ​ឈានទៅ​មុខ​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​ចូលកាន់​កាប់​ក្រុង​កំពុងផែ​ឃឺ​សុន​យ៉ាង​រហ័ស​នៅ​ដើម​សង្គ្រាម ពួកគេ​បាន​ប្រឈម​នឹង​ការជាប់គាំង​នៅ​ក្រុង​មី​កូ​ឡាវ​ដែលជា​មជ្ឈមណ្ឌល​សាង​​សង់​នាវា និង​ជា​មជ្ឈមណ្ឌល​ដឹក​-​ជញ្ជូន​ដ៏​សំខាន់​មួយ​។​

​គណៈ​នាយសេនាធិការ​ចម្រុះ​អ៊ុយ​ក្រែ​ន​បាន​អះអាងថា ការ​វាយ​ប្រហារ​ចុងក្រោយ​របស់​រុស្ស៊ី បាន «​បរាជ័យ​» ក្នុងការ​សម្រេចបាន​គោលដៅ​របស់ខ្លួន ដែល​រួម​មានការ​​ឡោមព័ទ្ធ​ក្រុង​កៀវ និង​ចូល​គ្រប់គ្រង​ក្រុង​នេះ​មួយផ្នែក​។ ឥឡូវនេះ​រុស្ស៊ី «​កំពុង​ប្រមូលផ្ដុំ​កម្លាំង​ឡើងវិញ​» ដើម្បី​ធ្វើការ​វាយប្រហារ​សា​​ជាថ្មី​។​

​រីឯ​រុស្ស៊ី​វិញ​បាន​និយាយថា មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង Kinzhal របស់ខ្លួន​ហោះ​ចំ​គោលដៅ​ដំបូង​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​អះអាងថា ​គោលដៅ​នោះ គឺជា​ឃ្លាំង​រំសេវ​នៅ​ភាគ​ខាងលិច​ប្រទេស​នេះ​។ អាវុធ​បែបនេះ គឺអាច​ហោះ​លឿន​ជាង​ល្បឿន​សំឡេង​រហូតដល់​ទៅ​ ៥ ​ដង ហើយ​គឺ​លំបាក​ក្នុង​ការបាញ់​ទម្លាក់​ណាស់​៕

វីដេអូ៖