ប្រធានាធិបតី​បេឡា​រុស លោក Alexander Lukashenko បានអនុញ្ញាត​ឱ្យ​រុស្ស៊ី​ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​ខ្លួន ​ដើម្បី​ពង្រាយ​ជា​កន្លែង​សម្រាប់​ទាហាន​រុស្ស៊ី​ឆ្លងដែន​ឈ្លានពាន​អ៊ុយ​ក្រែ​ន និង​បាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន ​ដែល​អាច​នឹង​អនុញ្ញាតឱ្យ​រុស្ស៊ី​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​លើទឹក​ដី​របស់ខ្លួន​សា​ឡើងវិញ​។​

​ប៉ុន្តែ​មកដល់ពេលនេះ​ ខ្សែបន្ទាត់​មួយ​ដែល​លោក​មិនទាន់​ហា​៊​ន​ឆ្លង គឺ​ការបញ្ជូន​កងទ័ព​បេឡា​រុស​ឱ្យចូល​រួមការ​វាយលុក​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន​ដែលជា​ប្រទេសជិតខាង​ខ្លួន​។ លោក Lukashenko បាន​ប្រាប់​ក្រុមមន្ត្រី​សន្តិសុខ​នៅ​សប្ដាហ៍​នេះ​ថា «​យើង​នឹងមិន​ចូលរួម​ទេ​ព្រោះ​វា​មិនចាំបាច់​»​។​

​មន្ត្រី​នៅ​ទីក្រុង​កៀវ បាន​ព្រមាន​ថា ជីវិត​នយោបាយ​របស់​លោក Lukashenko គឺ​បាន​ជួយសង្គ្រោះ​ពី​បាតុកម្ម​ប្រឆាំង​របប​ដ៏​ធំ​ក្នុង​ឆ្នាំ​ ២០២០ ក៏​ដោយសារ​ការគាំទ្ររ​បស់​វិមាន​ក្រឹម​ឡាំង​ដែរ​ហើយ​លោក​ក៏​នឹងមិន​ទុក​កងទ័ព​លោក​ឱ្យនៅ​មួយកន្លែង​រហូត​ទេ ខណៈ​កងទ័ព​រុស្ស៊ី​ប្រឈម​នឹង​ការលំបាក​ក្នុងការ​លុកលុយ​អ៊ុយ​ក្រែ​ន​ដូចនេះ​។​

​ថ្មីៗ​នេះ​អ៊ុយ​ក្រែ​ន បាន​ចោទ​​ប្រកាន់​រុស្ស៊ី​ថា បានដាក់​សម្ពាធ​និង​អូសទាញ​ប្រទេស​បេឡា​រុស​ឱ្យចូល​ទៅក្នុង​សង្គ្រាម​។ កាល​​ពី​ចុង​សប្ដាហ៍​មុន​លោក Oleksiy Danilov ប្រធាន​ក្រុមប្រឹក្សា​សន្តិ​សុខ​ជាតិ​អ៊ុយ​ក្រែ​ន​បាន​អះអាងថា រុស្ស៊ី​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល ទាហាន​បេឡា​រុស​ឱ្យចូល​លុកលុយ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ដោយ​ក្លែង​​បន្លំ​ខ្លួន​ជា​ទាហាន​រុស្ស៊ី​។ លោក​បាន​បន្តថា​៖ «​ពួកគេ​មានបំណង​ចង់​ដាក់​ទាហាន​បេឡា​រុស​ឱ្យ​ពាក់​ឯកសណ្ឋាន​សហព័ន្ធ​រុស្ស៊ី​»​។​

​បេឡា​រុសបាន​ច្រាន​ចោលការ​​អះអាង​ខាងលើ​របស់​អ៊ុយ​ក្រែ​ន​ថា ​ជា​រឿង​មិន​សម​ហេតុ​សម​ផល​។ ​បើ​យោងតាម ការស្ទង់មតិ​យោបល់​ប​ង្ហា​ញ​ថា ប្រជាជន​បេឡា​រុស​មានការ​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ការ​​ដាក់​ទាហាន​ខ្លួន​ឱ្យ​ចូលរួម​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​មន្ត្រី​ការ​​ពារ​ជាតិ​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​និយាយថា មិន​មានការ​សញ្ញា​បង្ហា​ញ​ថា ​បេឡា​រុស​កំពុង​ដាក់​ទ័ព​ចូលទៅក្នុង​អ៊ុយ​ក្រែ​ន ​ឬ​កំពុង​រៀបចំ​ធ្វើ​ដូច្នេះ​ទេ​។​

​ប៉ុន្តែ​នៅពេលដែល​សង្គ្រាម​ឈាន​ចូលដល់​សប្ដាហ៍​ទី​៤ តម្រូវ​​ការ​របស់​រុស្ស៊ី​ក្នុងការ​ពង្រឹងកម្លាំង​ទ័ព គឺ​កាន់តែច្បាស់​។​មន្ត្រី​អាមេរិក​បាន​ប៉ាន់​ស្មានថា មាន​ទាហាន​រុស្ស៊ី ប្រហែល ​៦ ​ពាន់​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​បើ​គិត​មកដល់ពេលនេះ​។​

​រុស្ស៊ី​មិនបាន​ផ្ដល់​តួលេខ​អំពី​ចំនួន​ការស្លាប់​ទាហាន​របស់ខ្លួន​ចាប់តាំងពី​ថ្ងៃទី ​២ ខែមីនា​ មក​ដោយ​កាល​នោះបាន​និយាយថា ខ្លួន​បាន​បាត់បង់​ទាហាន​ចំនួន​ ៤៩៨​ នាក់​។ ប៉ុន្តែ​នៅក្នុង​ការទទួលស្គាល់​យ៉ាងច្បាស់​លាស់​អំពី​បញ្ហា​យោធា​ប្រ​ធា​នា​ធិបតី Vladimir Putin កាលពី​សប្ដាហ៍​មុន​បានអនុញ្ញាត​ឱ្យ​ «​អ្នក​​ស្ម័គ្រចិត្ត​» ១៦ ​ពាន់​នាក់​មកពី​មជ្ឈិមបូព៌ា​ចូលរួម​ក្នុង​បុព្វហេតុ​របស់​រុស្ស៊ី​។​

​អ្នកវិភាគ​និយាយថា សមត្ថភាព​របស់លោក Lukashenko គឺ​នៅមានកម្រិត​ក្នុងការ​ទប់ទល់​នឹង​សម្ពាធ​របស់​រុស្ស៊ី ដើម្បី​ចូល​​រួម​ក្នុងការ​ប្រយុទ្ធ​។​

​អស់​រយៈពេល​ជិត ៣​ ទសវត្សរ៍​នៃ​ការកាន់កាប់​អំណាច​របស់គាត់​លោក​បាន​ព្យាយាម​រក្សា​កម្រិត​ស្វ័យភាព​ខ្លះ​ពី​ទីក្រុង​ម៉ូស្គូ​ ដោយ​បណ្ដុះ​ទំនាក់ទំនង​ជាមួយ​សហ​​ភាព​អឺរ៉ុប​។ ប៉ុន្តែ​យុទ្ធសាស្ត្រ​នោះ បាន​ដួលរលំ​នៅ​ឆ្នាំ ​២០២០ ​នៅពេលដែល​លោក Lukashenko បានចាប់ផ្ដើម​ការបង្ក្រាប យ៉ាង​ឃោរឃៅ​លើ​ការតវ៉ា​ប្រឆាំងនឹង​ការទាមទារ​របស់គាត់​ក្នុងការ​​ឈ្នះ​អាណត្តិ​ទី​៦ ជាប់ៗ​គ្នា​ជា​ប្រធានាធិបតី​។​

​លោកខាងលិច បាន​ឆ្លើយតប​នឹង​ការបង្ក្រាប​នេះ​ជាមួយនឹង​ទណ្ឌកម្ម​ដ៏​តឹងតែង​ដែល​បាន​ប៉ះពាល់​ដល់​វិស័យ​សំខាន់ៗនៃ​សេដ្ឋកិច្ច​បេឡា​រុស​ហើយ​បានធ្វើឱ្យ​លោក Lukashenko កាន់​​តែ​ពឹងផ្អែក​ខ្លាំង​ជាង​ពេលណា​ទាំងអស់​លើ​ការគាំទ្រ​ផ្នែក​ន​យោ​​បាយ និង​សេដ្ឋកិច្ច​ពី​រុស្ស៊ី​។​

​យោធា​របស់​ប្រទេស​បេឡា​រុស​ដែលមាន​កងទ័ព​ត្រឹមតែ ៤៥ ​ពាន់​នាក់​គឺ​តិច​មែនទែន​បើ​ធៀប​នឹង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ហើយ​បទពិសោធ​នៃ​ការប្រយុទ្ធ​ក៏​តិចជាង​ប្រទេស​ទាំង​ ២ ដូចគ្នា​។ ប៉ុន្តែ​ដោយ​​សារ​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​របស់​រុស្ស៊ី​ការដាក់​ពង្រាយ​កងកម្លាំង​បេឡា​រុស អាចមាន​ប្រយោជន៍​សម្រាប់​វិមាន​ក្រឹម​ឡាំង​។​

​យ៉ាងណាមិញ អ្នក​ផ្សេងទៀត​គិតថា យោធា​បេឡា​រុស​នៅមាន​ចន្លោះប្រហោង​ច្រើន​ទាំង​អំពី​សមត្ថភាព និង​ថា ​តើ​ទាហាន​របស់ខ្លួន​អាចមាន​ការជំរុញ​ក្នុងការ​​ប្រយុទ្ធ​ជាមួយ​អ៊ុយ​ក្រែ​ន​ឬទេ​។​

​ការធ្វើ​បែបនេះ នឹង​ក្លាយជា​យុទ្ធសាស្ត្រ «​ប្រថុយប្រថាន​ខ្ពស់​» សម្រាប់​បេឡា​រុស​ដែល​នឹងត្រូវ​ពឹងផ្អែក​លើ​កងទ័ព​ដែល​គ្មាន​បទពិសោធ​របស់ខ្លួន​។ ប៉ុន្តែ​វា​ក៏​នឹង​ជា​បញ្ហា​សម្រាប់​ប្រជាជន​​អ៊ុយ​ក្រែ​ន មានន័យថា ការធ្វើ​ដូចនេះ​គេ​នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​ថ្មី​មួយទៀត​៕

វីដេអូ៖