ក្រសួង​ការបរទេស​អាល់ហ្សេរីបាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ទីក្រុង​ម៉ាឌ្រីដ​ឱ្យ​ត្រឡប់​មក​វិញ​ ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​ក្នុង​ការ​គាំទ្រ​ផែនការ​ស្វ័យ​ភាព​ប្រទេស​ម៉ារ៉ុក ​សម្រាប់​ដែនដី​មាន​ជម្លោះ​សាហារ៉ា​ខាងលិច​។

ប្រទេស​ម៉ារ៉ុក​ ចាត់​ទុក​សាហារ៉ា​ខាង​លិច​ដែល​ជា​ទឹកដី​មាន​ធនធាន​ផូស្វ័រ​ និង​ប្រភព​​​នេសាទ​អាត្លង់ទិក​ជា​ផ្នែក​សំខាន់​នៃ​ទឹក​ដី​របស់​ខ្លួន​។​

សេចក្ដីថ្លែងការណ៍ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​ការ​របស់​ប្រទេស​អាល់ហ្សេរី​ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ថ្កោល​ទោស «ការ​ផ្លាស់​ប្ដូរ​​ភ្លាម​ៗ» ដោយ​ទីក្រុង​ម៉ាឌ្រីដ​ដែល​ពី​មុន​បាន​រក្សា​អព្យាក្រឹតភាព​នៅ​ក្នុង​ជម្លោះ​នេះ​ដែល​មាន​អាយុ​រាប់​ទសវត្សរ៍​សម្រាប់​ទឹកដី​រវាង​ម៉ារ៉ុក​និង​ចលនា​ឯករាជ្យ​រណសិរ្ស ​P​olisario។

កាល​ពី​ថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេស​អេស្ប៉ាញលោក Jose Manuel Albares បាន​គាំទ្រ​សំណើ​ឆ្នាំ ២០០៧ របស់​ប្រទេស​ម៉ារ៉ុក​ដើម្បី​ផ្ដល់​ស្វ័យភាព​តំបន់​សាហារ៉ា​ខាងលិច​ក្រោម​អធិបតេយ្យភាព​របស់​ខ្លួនដោយ​អះអាង​ថា​វា​ជា ​«មូលដ្ឋាន​ដ៏​សំខាន់​បំផុតប្រាកដនិយម និង​គួរ​ឱ្យ​ជឿជាក់» ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​។

ទន្ទឹម​នឹង​នេះចលនា​រណសិរ្ស Polisario បាន​ចោទ​ប្រកាន់​ប្រទេស​អេស្ប៉ាញ​ថា បាន​ធ្វើ​កំហុស​ធ្ងន់ធ្ងរបន្ទាប់​ពី​បាន​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន។ក្រុម​នេះ​និយាយ​ថា ​«​អង្គការសហប្រជាជាតិសហភាព​អាហ្វ្រិក សហភាព​អឺរ៉ុបតុលាការ​យុត្តិធម៌​អន្តរជាតិ​តុលាការ​យុត្តិធម៌​អឺរ៉ុបនិង​អង្គការ​ក្នុង​តំបន់​ទាំង​អស់ ​គឺ​មិន​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​ម៉ារ៉ុក​លើ​តំបន់​សាហារ៉ា​ខាង​លិច​ទេ​»​។

ក្រុម​ឯករាជ្យ​ Polisario ដែល​គាំទ្រដោយ​អាល់ហ្សេរីចាប់​ផ្ដើម​​កាន់​អាវុធ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ហើយ​បាន​បន្ត​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​ឯករាជ្យ​សម្រាប់​សាហារ៉ា​ខាង​លិច​ដោយ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ​ ១៩៩១ ដែល​រួម​បញ្ចូល​បទ​ឈប់​បាញ់។ ប្រទេស​ម៉ារ៉ុក​ ចាត់​ទុក​សាហារ៉ា​ខាង​លិច​ដែល​ជា​ទឹកដី​មាន​ធនធាន​ផូស្វ័រ​និង​ប្រភព​​​នេសាទ​អាត្លង់ទិក​ជា​ផ្នែក​សំខាន់​នៃ​ទឹក​ដី​របស់​ខ្លួន​។ ចំណាត់​ការ​កាល​ពី​ថ្ងៃសុក្រ បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​និង​ការ​ឆ្លើយ​តប​ដ៏​ខឹង​សម្បាពី​​សំណាក់​ក្រុម ​Polisario​៕