ក្នុង​សន្ទនា​តាម​វីដេអូ​ខល​រយៈ​ពេល​ជាង​ ១១០ នាទី​កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៨ មិនា​ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ បាន​ព្យាយាម​បញ្ចុះបញ្ចូល​​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនភី​ង​កុំ​ឱ្យ​ផ្ដល់​ជំនួយ​ឱ្យ​ប្រទេស​រុស្ស៊ី​ក្នុង​ការ​លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែន​ ដែល​ការ​សន្ទនា​នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ​ដែល​ការ​កំណត់​ទិស​ដៅ​នៃ​សង្គ្រាម​នេះ​។

សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា​លោក​ស៊ី បាន​ប្រាប់​លោក​បៃដិន​ថា​ ទាំង​ចិន និង​អាមេរិក​ មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធានា​សន្តិភាព​ ដែល​ហាក់​ដូចជា​មាន​ន័យ​ថា​លោក​មិន​ចង់​ធ្វើ​ឱ្យ​សង្គ្រាម​នេះ​កាន់​តែ​ក្ដៅ​ជាង​មុន​ទេ​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ សេតវិមាន ​បាន​និយាយ​ថា​ការ​ព្រួយ​បារម្ភ​អំពី​អន្តរាគមន៍​ជួយ​ក្រុង​ម៉ូស្គូ ដោយ​ក្រុង​ប៉េកាំង​ គឺ​នៅ​មិន​ទាន់​បាត់​នៅ​ឡើយ​។

«យើង​មាន​ការ​ព្រួយ​បារម្ភ​នោះ​» អ្នក​នាំ​ពាក្យ​សេតវិមាន​លោក​ស្រី​ជេន ផ្សាគី បាន​និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​លោក​បៃនដិន​ «​បាន​រៀបរាប់​លម្អិត​អំពី​ផល​ប៉ះពាល់​និង​ផលវិបាក​ប្រសិនបើ​ចិន​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​ដល់​រុស្ស៊ី ​ខណៈ​ដែល​ពួកគេ​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ឃោរឃៅ​ប្រឆាំង​នឹង​ទីក្រុង និង​ជនស៊ីវិល​អ៊ុយក្រែន ហើយ​នោះ​ គឺ​ជា​អ្វី​ដែល​យើង​នឹង​ឃ្លាំ​មើល ហើយ​ពិភពលោក​នឹង​កំពុង​មើល​»​។

ប៉ុន្តែ​លោក​ស្រី​បាន​បដិសេធ​មិន​បញ្ជាក់​ថា​ អាមេរិក​នឹង​ចាត់​វិធានការ​អ្វី​ខ្លះ​ ក្នុង​ករណី​រឿង​នេះ​កើត​ឡើង​។

ប្រទេស​ចិន​មាន​ព្យាយាម​បង្ហាញ​ជំហរ​អព្យាក្រឹត​ក្នុង​សង្គ្រាម​នេះ​ ដោយ​បដិសេធ​មិន​ថ្កោល​ទោស​ភាគី​ណា​មួយ​ ប៉ុន្តែ​ប៉ុន្មាន​សប្ដាហ៍​មុន​ការ​លុកលុយ​របស់​រុស្ស៊ី​ចាប់​ផ្ដើម​ ក្រុង​ប៉េកាំង​ និង​ក្រុង​ម៉ូស្គូ​បាន​ប្រកាស​ថា​ ភាព​ជា​ដៃគូ​របស់​ពួកគេ​គឺ​ «គ្មាន​ដែន​កំណត់»​ទេ។​ ភាព​ស្រពិចស្រពិល​ក្នុង​ជំហរ​របស់​ចិន​ បាន​ធ្វើ​ឱ្យ​លោក​ខាង​លិច​ព្រួយ​បារម្ភ​ថា​ក្រុង​ប៉េកាំង​អាច​នឹង​ផ្ដល់​ជំនួយ​ឱ្យ​ក្រុង​ម៉ូស្គូ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ មេដឹកនាំ​ចិន​អាច​កំពុង​ពិចារណា​ជំហរ​របស់​ពួកគេ​ឡើង​វិញ​ ដោយ​សារ​ទិដ្ឋភាព​ដ៏​ក្រៀមក្រំ​នៅ​ទឹកដី​ប្រទេស​អ៊ុយក្រែន​ និង​ភាព​រួបរួម​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ ដោយ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប​ និង​អាស៊ី​៕