នៅពេល​ដែល​វីរុស​កូរ៉ូណា​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​ ២០១៩ និង​ដើមឆ្នាំ​ ២០២០ លោក​ប្រធានាធិបតី ស៊ី ជីនភីង បានប្រកាស «​សង្គ្រាម​របស់​ប្រជាជន​» ប្រឆាំងនឹង​ជំងឺ​រាតត្បាត ហើយ​បានចាប់ផ្ដើម​អ្វីដែល​បានក្លាយ​ជា​យុទ្ធសាស្ត្រ​តឹងរ៉ឹង​បំផុត​ក្នុង​ពិភពលោក​ ដើម្បី​លុបបំបាត់​ការឆ្លង​។

៣​ ឆ្នាំ​ក្រោយមក ប្រទេស​ចិន​កំពុង​ប្រឈមមុខ​នឹង​វ៉ារ្យ៉ង់ ដែល​បង្ក​ឆ្លង​យ៉ាង​រហ័ស និង​ដោយ​ស្ងាត់ៗ ធ្វើឱ្យ​លោក​ស៊ី​ធ្វើការ​កែលម្អ​យុទ្ធសាស្ត្រ​របស់លោក ដោយ​បញ្ជា​មន្ត្រីក្រោមឱវាទ​ឱ្យ​ចាត់វិធានការ​កាត់ផ្ដាច់​ការឆ្លង ប៉ុន្តែ​ក៏​ឱ្យ​ព្យាយាម​រក្សា​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ឱ្យនៅ​កម្រិត​ទាប​បំផុត​។

ខណៈពេល​ដែល​ប្រទេស​ចិន​ប្រឈមមុខ​នឹង​ការរីក​រាលដាល​ធំ​បំផុត ចាប់តាំងពី​ការរីក​រាលដាល​ដំបូង​នៅ​ទីក្រុង​វូហាន ក្រុង​ប៉េកាំង​និយាយថា​វិធានការ​របស់ខ្លួន គឺ​គួរតែមាន​វិសាលភាព​ច្បាស់លាស់​ជាង​មុន​។ មន្ត្រី​ចិន ថ្មីៗ​នេះ​ទើបតែ​បង្ហាញ​ការគាំទ្រ​ចំពោះ​ការធ្វើ​តេស្ត​តាម​គេហដ្ឋាន​ជាជាង​ការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើតេស្ត​ក្នុង​ខ្នាត​ធំ ហើយ​ទើបតែ​ឈប់​អនុវត្ត​វិធាន​ការដែល​ប្រើប្រាស់​ធនធាន​ច្រើន ដូចជា វិធានការ​បញ្ជូន​គ្រប់​ករណី​វិជ្ជមាន​ទាំងអស់​ទៅ​មន្ទីរពេទ្យ ដោយ​មិនមាន​ការបែងចែក​រវាង​ករណី​ធ្ងន់ធ្ងរ ឬ​ករណី​ស្រាល​។

រហូត​មកទល់​ពេលនេះ ចំនួន​ករណី​វិជ្ជមាន​នៅ​ប្រទេស​ចិន គឺមាន​ទំហំ​តូច ប្រសិនបើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ដោយមាន​ករណី​ស្លាប់​ត្រឹមតែ​ ២ ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ ករណី​ភាគច្រើន​នៃ​ករណី​វិជ្ជមាន​ជាង ៣២ ០០០​ ករណី​នៅ​ខេត្ត​ជាច្រើន គឺជា​ករណី​ឆ្លង​អនុវ៉ារ្យ៉ង់ BA.2 នៃ​វ៉ារ្យ៉ង់​អូមីក្រុង​។

ការរីករាលដាល​លើក​នេះ​អាចដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​សុខាភិបាល​ចិន ប្រសិនបើ​គ្រប់​ករណី​វិជ្ជមាន ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដែលជា​វិធានការ​ទើបតែ​បញ្ឈប់​នៅពេល​ថ្មីៗ​នេះ​។ វា​ក៏​អាច​ប៉ះពាល់​ដល់​កងទ័ព​អាវ​ស និង​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​ចិន​ផងដែរ ដែល​មានការ​ទទួលខុស​ត្រូវ​លើ​ការធ្វើ​តេស្ត​ប្រជាជន​រាប់លាន​នាក់ និង​ឃ្លាំមើល​ប្រជាជន​កំពុង​ធ្វើ​ចត្តាឡីស័ក​។ បន្ថែម​ពីលើ​នេះ ការបិទ​ខ្ទប់​រយៈពេល​វែង និង​មាន​ទាយទុក​មុន​បាន អាច​ប៉ះពាល់​យ៉ាងខ្លាំង​លើ​រោងចក្រ​ដែលមាន​ចំណូល​ទាប ឬ​អាច​ឈានដល់​ការបាត់បង់​ការងារ​ជាច្រើន​នៅ​វិស័យ​ដទៃទៀត​។

កាលពី​សប្ដាហ៍​មុន​លោក ស៊ី បាន​ជំរុញ​ដល់​មន្ត្រី​ទាំងអស់​ឱ្យ​ចាត់វិធានការ ដែលមាន «​ប្រសិទ្ធភាព​អតិបរមា​» តែមាន «​ផលប៉ះពាល់​អប្បបរមា​» ដើម្បី​គ្រប់គ្រង​ការរីករាលដាល ដែល​ឆ្លុះបញ្ចាំង​ការព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​។ ប៉ុន្តែ​ការបញ្ជា​របស់លោក​ឱ្យ​កាត់ផ្ដាច់​ការឆ្លង​ឱ្យបាន​ឆាប់រហ័ស បានធ្វើឱ្យ​មានការ​ចោទ​សួរថា តើ​ពួកគេ​នឹង​បន្ធូរបន្ថយ​វិធានការ​ដល់​កម្រិតណា ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​។ មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយថា បើទោះបី​វិសាលភាព​នៃ​វិធានការ​ត្រូវបាន​កំណត់​ច្បាស់លាស់​ជាង​មុន គេ​មិនមាន​ផែនការ​បន្ធូរបន្ថយ​វិធានការ​នោះទេ​។

អ្នកវិភាគ​ជាច្រើន បាន​និយាយ​ថា វិធានការ​ដ៏តឹងរ៉ឹង​ទាំងនេះ គឺ​ដោយសារ​គណបក្ស​កុម្មុយនីស្ត​ចិន​ប្រកាន់​ជំហរ​មិន​អត់ឱន​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម ប្រសិនបើ​មានការ​រីកដាល​នៅ​ទីកន្លែង​ដែល​ពួកគេ​កំពុង​គ្រប់គ្រង​។ គេ​បាន​ចង្អុល​ទៅ​ករណី​បណ្ដេញ​មន្ត្រី​ដឹកនាំ​ក្រុង​ជី​លីន និង​ការបណ្ដេញ​មន្ត្រី​រាប់សិប​នាក់​នៅ​ក្រុង​ដទៃទៀត ជុំវិញ​បញ្ហា​ការឆ្លើយតប​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅពេល​ថ្មី​នេះ​។

សម្រាប់​ប្រជាជន​ជាច្រើន​នៅ​ប្រទេស​ចិន ជីវិត​រស់នៅ​ប្រចាំថ្ងៃ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពីរ​លក​ឆ្លង​ថ្មី​នេះ​។ មនុស្ស​រាប់សិប​លាន​នាក់ កំពុងស្ថិត​ក្រោម​ការបិទ​ខ្ទប់​ប្រភេទ​ណាមួយ​។ រោងចក្រ​ជាច្រើន​បាន​ផ្អាក​ការងារ ហើយ​រថយន្ត​ដឹកទំនិញ​បាន​ពន្យារ​ការដឹកជញ្ជូន ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​។ ​នៅ​ទីក្រុង​ធំៗ ដូចជា ក្រុង​ស៊ាងហៃ និង​ក្រុង​ស៊ិនជិន បាន​មាន​ភាពស្ងប់ស្ងាត់​មិន​ប្រក្រតី ខណៈពេល​ដែល​ការិយាល័យ​ការងារ និង​សាលា​ត្រូវបាន​បិទ ហើយ​ប្រជាជន​ត្រូវបាន​បញ្ជា​មិនឱ្យ​ចាកចេញ​ពី​គេហដ្ឋាន​របស់​ពួកគេ​។

នៅ​ក្រុង​សៀងហៃ អាជ្ញាធរ​មិនបាន​អនុវត្ត​វិធាន​ការបិទខ្ទប់​ក្រុង​ទាំងមូល​ទេ ប៉ុន្តែ​បានធ្វើការ​តាមដាន​ការឆ្លង​ ដើម្បី​បិទខ្ទប់​តំបន់​មាន​ហានិភ័យ​ឆ្លង​ខ្ពស់​។ បើទោះជា​យ៉ាង​ក៏ដោយ ការបិទ​ខ្ទប់​តំបន់​បែបនេះ នឹង​នៅតែ​បង្ក​ផលប៉ះពាល់​សេដ្ឋកិច្ច​ដដែល​។

សម្រាប់​ពេលបច្ចុប្បន្ន វិធានការ​ដ៏តឹងរ៉ឹង​របស់​ចិន គឺ​នៅមាន​ការគាំទ្រ​ពី​ប្រជាជន​ចិន ខណៈពេល​ដែល​ពួកគេ ចង់​ចៀសវាង​ទិដ្ឋភាព​ក្រៀមក្រំ ដែល​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​នៅ​ប្រទេស​ដទៃទៀត ឬ​ក្នុង​ទឹកដី​ក្រុង​ហុងកុង ដែល​បាន​រង​ការរីក​រាលដាល​យ៉ាងខ្លាំង​។

រូបភាព​អ្នកជំងឺ និង​សាកសព​ជាច្រើន​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​នៅ​ក្រុង​ហុងកុង បានធ្វើឱ្យ​មានការ​ស្លន់ស្លោ​យ៉ាងខ្លាំង​ក្នុងចំណោម​ប្រជាជន​ចិនដីគោក​។

យ៉ាងណាមិញ ជាមួយនឹង​មេរោគ​បំប្លែង​ថ្មី ការតាមដាន​ខ្សែចម្លង​ពី​មនុស្ស​ទៅ​មនុ​ស្សគឺ​ហាក់ដូចជា​កាន់តែ​លំបាក​។ ភូមិ​មួយ​នៅ​ជិត​ទីក្រុង​ស៊ិនជិន​ត្រូវ​បានដាក់​ក្រោម​ការបិទ​ខ្ទប់​ជិត​ ៣​ សប្ដាហ៍ បន្ទាប់ពី​រកឃើញ​ករណី​វិជ្ជមាន​។ ភូមិ​នេះ​ត្រូវបាន​ដោះចេញ​ពី​ការបិទខ្ទប់ បន្ទាប់ពី​លែងមាន​ករណី​វិជ្ជមាន ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​បាន​ត្រឡប់​ទៅរក​ការបិទខ្ទប់​វិញ ដោយសារ​រកឃើញ​ករណី​វិជ្ជមាន​ឡើងវិញ​។

បើទោះបីជា​អាជ្ញាធរ​ចិន​អាច​ទប់ស្កាត់​រលក​ឆ្លង​លើក​នេះ​បាន​ក៏ដោយ ក៏​អ្នកជំនាញ​ជាច្រើន​និយាយថា ពួកគេ​នឹងមិន​អាច​ចៀស​ចេញពី​រលក​ឆ្លង​បន្ថែមទៀត​នៅពេល​អនាគត ដូច្នេះ​ប្រទេស​ចិន​ត្រូវតែ​រៀបចំ​ផែនការ​ដើម្បី​ត្រៀមខ្លួន​រស់នៅ​ជាមួយនឹង​ជំងឺ​នេះ​៕