កាលពី​ថ្ងៃអាទិត្យ​ទី​ ២០ មីនា​ក្នុង​កិច្ចសម្ភាសន៍​មួយ​លើ​កម្មវិធី «Face The Nation» របស់​ប៉ុស្តិ៍​ទូរទស្សន៍​ CBS ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​លោក​ ឈីន ហ្គាំង បាន​និយាយថា ប្រទេស​ចិន​មាន «​មិត្តភាព​ទំនាក់ទំនង​អ្នក​ជិតខាង​ល្អ​ជាមួយ​រុស្ស៊ី​»​។

នៅពេលដែល​ពិធីការិនី​កម្មវិធី​លោកស្រី​ ម៉ាហ្កា រ៉េត ប្រ៊េនណាន ចោទ​សួរថា «​ហេតុអ្វី​បានជា​អ្នក​មិនអាច​ថ្កោលទោស​នេះ​ថា ជាការ​ឈ្លានពាន​?» លោក ​ឈីន បាន​ឆ្លើយថា​៖ «​កុំ​ឆោត ការថ្កោលទោស​មិនអាច​ដោះស្រាយ​បញ្ហា​ទេ​។ ខ្ញុំ​នឹង​ភ្ញាក់ផ្អើល​ប្រសិនបើ​រុស្ស៊ី​នឹង​ដកថយ​ដោយសារ​ការ​ថ្កោលទោស​»​។

លោក​ ឈីន បន្តទៀតថា​៖ «​យើង​បានបញ្ជាក់​យ៉ាងច្បាស់​រួចហើយ​ថា អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​ទាំងអស់ រួមទាំង​អ៊ុយក្រែន គួរតែ​ត្រូវបាន​គោរព និង​ការពារ​។ ប៉ុន្តែ​ដូចដែល​ខ្ញុំ​បាន​និយាយ ការថ្កោលទោស​មិន​អាចជួយ​បានទេ​។ អ្វីដែល​យើង​ត្រូវការ​គឺ​ការទូត​ល្អ​ដោយ​ផ្អែកលើ​ចក្ខុវិស័យ ប្រាជ្ញា និង​ភាពក្លាហាន​»​។

លោក​ប្រធានាធិបតី​ ស៊ី ជីនភីង បាន​ព្យាយាម​បង្ហាញ​អព្យាក្រឹតភាព និង​បាន​អំពាវនាវ​ឱ្យមាន «​ការអត់ធ្មត់​» ​ពី​ប្រទេស​រុស្ស៊ី ប៉ុន្តែ​មន្ត្រី និង​សារព័ត៌មាន​ចិន​មួយចំនួន​បាន​ជួយ​បន្ទរ​ការផ្សព្វផ្សាយ​គាំទ្រ​ការ​លុកលុយ​របស់​រុស្ស៊ី​។ ភាព​ស្រពេចស្រពិល​នេះ​បានធ្វើឱ្យ​លោកខាងលិច​ព្រួយបារម្ភ ចំពេល​ដែលមាន​ការរាយការណ៍​ថា​ចិន​បានបង្ហាញ​ការបើកចំហ​ចំពោះ​ការបំពេញ​សំណើ​របស់​រុស្ស៊ី​ដើម្បី​ផ្ដល់ជំនួយ​យោធា​។

«​មាន​ព័ត៌មាន​ប្រឌិត​ថា​ចិន​នឹង​ផ្ដល់ជំនួយ​យោធា​ដល់​រុស្ស៊ី​។ យើង​ច្រានចោល​វា​» លោក​ ឈីន និយាយ​បែបនេះ ហើយ​បន្តទៀត​ថា​៖ «​អ្វីដែល​ចិន​កំពុង​ធ្វើ​គឺ​ការបញ្ជូន​អាហារ ថ្នាំពេទ្យ ពូក​ភួយ និង​អាហារ​បំប៉ន​ទារក មិនមែន​អាវុធ និង​គ្រាប់រំសេវ​មិន​ថា​ភាគី​ណា​ទេ ហើយ​ប្រឆាំងនឹង​សង្គ្រាម​ដូច​ខ្ញុំ​បាន​និយាយ អ្នកដឹង​ហើយ យើង​នឹង​អ្វី​គ្រប់យ៉ាង​ដើម្បី​បន្ថយ​វិបត្តិ​»៕

វីដេអូ៖