ឆ្នាំ ២០២២ គឺ​ត្រូវបាន​សន្មត​ថា​ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​ពិភពលោក​នឹង​ងើបឡើង​វិញ​ពី​ផលប៉ះពាល់​នៃ​វិបត្តិ​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។ នៅ​ចុងបញ្ចប់​ឆ្នាំនេះ អ្នក​ព្យាករណ៍​ជាច្រើន​បាន​រំពឹងថា សេដ្ឋកិច្ច​នៃ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ចិន​នឹង​ស្ទើរតែ​វិលត្រឡប់​ទៅរក​ស្ថានភាព​របស់​ពួកគេ​មុន​ការរាតត្បាត​ជំងឺ​នេះ​។ ប្រទេស​ដែលជា​សេដ្ឋកិច្ច កំពុង​ផុស​ឡើង គឺមាន​ភាពយឺតយ៉ាវ​ជាង​មហាអំណាច​ទាំងនេះ ប៉ុន្តែ​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស ហើយនឹង​ត្រឡប់​ទៅរក​ធម្មតា​វិញ​។

របាយការណ៍​វាយតម្លៃ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ចេញផ្សាយ​កាលពី​ខែតុលា​ឆ្នាំមុន​បាន​ទទួលស្គាល់ថា ការកើនឡើង​អត្រា​អតិផរណា​គឺ​នឹង​ក្លាយជា​បញ្ហា​ដ៏ធំ​មួយ ប៉ុន្តែ​ការកើនឡើង​តម្លៃ​ទំនិញ ​«​គួរតែ​ថយចុះ​ជា​បណ្ដើរៗ នៅពេលដែល​អតុល្យភាព​នៃ​ផ្គត់ផ្គង់​តម្រូវការ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ ២០២២ ហើយ​គោលនយោបាយ​រូបិយវត្ថុ​នៃ​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ចាប់ផ្ដើម​ឆ្លើយតប​»​។

IMF មិន​ឆោតល្ងង់​ទេ​។ ពួកគេ​បានកត់សម្គាល់​ហានិភ័យ​នៃ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​ការវិល​ត្រឡប់មកវិញ​នៃ​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​សង្ឃឹមថា ពិភពលោក​នឹង​អាច​ចៀសវាង​បញ្ហា​ទាំងនេះ​បាន​។ ត្រឹមតែ​ ៣ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២២ ការព្រួយបារម្ភ​ទាំងនេះ​បានក្លាយ​ជា​ការពិត ហើយ​សេដ្ឋកិច្ច​ពិភពលោក​ឥឡូវនេះ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​។

ការលុកលុយ​របស់​រុស្ស៊ី​ចូល​អ៊ុយក្រែន និង​ទណ្ឌកម្ម​ឆ្លើយតប​របស់លោក​ខាងលិច​បាន​បង្កឱ្យមាន​ការកកស្ទះ​សេដ្ឋកិច្ច និង​ការកើនឡើង​អតិផរណា​យ៉ាងខ្លាំង ដោយ​បង្កើន​តម្លៃ​ថាមពល និង​ទំនិញ​សំខាន់ៗ​ដទៃទៀត ដែល​កំពុង​បង្ក​ផលប៉ះពាល់​លើ​ចំណូល និង​ចំណាយ​របស់​ក្រុមហ៊ុន​ធំៗ និង​ប្រជាជន​សាមញ្ញ នៅ​ជុំវិញ​ពិភពលោក​។

ស្របពេល​ជាមួយ​គ្នា​នេះ ការវិលត្រឡប់​មកវិញ​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​ចិន គឺ​កំពុង​គំរាមកំហែង​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពិភពលោក ដែល​នឹង​ពង្រីក​ការឡើង​តម្លៃ​ទំនិញ ហើយ​បង្កឱ្យមាន​សម្ពាធ កាត់បន្ថយ​ផលិតកម្ម​។

រឿង​ទាំងអស់នេះ​សុទ្ធតែ​ធ្វើឱ្យ​ការរំពឹងទុក​អំពី​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​អាក្រក់​។ កាលពី​សប្ដាហ៍​មុន អគ្គលេខាធិការ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) លោក​ ម៉ាធីស កូម៉ាន បាន​និយាយថា អង្គការ​របស់លោក «​មិន​ស្ថិតក្នុង​ស្ថានភាព​ដើម្បី​បង្ហាញ​» របាយការណ៍​ទស្សន​វិស័យ​សេដ្ឋកិច្ច​ពិភពលោក ដែល​ខ្លួន​ធ្លាប់​ចេញផ្សាយ​ជា​ទៀងទាត់​។

មុន​សង្គ្រាម​នេះ គេ​ព្យាករ​ថា​អត្រាកំណើន​សេដ្ឋកិច្ច​ពិភពលោក​គឺ​នៅ​ជុំវិញ​ចំណុច ៥ ភាគរយ ប៉ុន្តែ​អ្នកវិភាគ​ជាច្រើន​បាន​ព្រួយបារម្ភ​ថា សេដ្ឋកិច្ចពិភពលោក​នឹង​អាច​ធ្លាក់ចុះ​ច្រើន​ជាងនេះទៅទៀត​។

នៅ​ជុំវិញ​ពិភពលោក មេដឹកនាំ និង​អ្នកបង្កើត​គោលនយោបាយ​កំពុង​ចាត់វិធានការ​ ដើម្បី​ត្រៀម​សម្រាប់​ទស្សនវិស័យ​កាន់តែ​អាប់អួ​។ កាលពី​ខែ​មុន​ប្រធាន​ធនាគារកណ្ដាល​អឺរ៉ុប​លោកស្រី​ គ្រីស្ទីន ឡាហ្គាដ បានបង្ហាញ​ទិដ្ឋភាព​សុទិដ្ឋិនិយម​សម្រាប់​តំបន់​ចាយប្រាក់​អឺរ៉ូ ដោយ​ព្យាករ​ថា​ «​កំណើន​គួរតែ​ងើប​ឡើងវិញ​យ៉ាងខ្លាំង ប៉ុន្តែ​ក្នុង​សប្ដាហ៍​នេះ​លោកស្រី បាន​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន ដោយ​និយាយថា ព្រឹត្តិការណ៍​ថ្មី «​បាន​បង្ក​ហានិភ័យ​យ៉ាង​ធំ​ដល់​កំណើន​»​។

ដោយ​បារម្ភ​អំពី​ការកើនឡើង​នៃ​អតិផរណា​របស់​សហដ្ឋ​អាមេរិក ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារកណ្ដាល​អាមេរិក​លោក​ ជេរ៉ូ ប៉ូវែល បាន​ផ្ដួចផ្ដើម​ការបង្កើន​អត្រា​ការប្រាក់​ជា​បន្តបន្ទាប់ ដោយ​និយាយថា លោក «​ដឹង​យ៉ាងច្បាស់​អំពី​តម្រូវការ​ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​វិលត្រឡប់​ទៅរក​ភាពស្ថិតស្ថេរ​តម្លៃ ហើយ​ប្ដេជ្ញា​ប្រើ​ឧបករណ៍​របស់​យើង​ដើម្បី​ធ្វើ​បែប​នោះ​»​។

ឧបនាយករដ្ឋមន្ត្រី​ចិន​ទទួលបន្ទុក​កិច្ចការ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​លោក​ លីវ ហឺ មាន​ការព្រួយបារម្ភ​គ្រប់គ្រាន់​អំពី​ស្ថានភាព​ដើម្បី​ធ្វើ​អន្តរាគមន៍​ដ៏កម្រ​មួយ​កាលពី​ថ្ងៃ​ពុធ ដោយ​សន្យាថា រដ្ឋាភិបាល​នឹង​ «​ជំរុញ សេដ្ឋកិច្ច​នៅក្នុង​ត្រីមាស​ទី​ ១» ក៏ដូចជា​ធ្វើសំណើ​ «​គោលនយោបាយ​ដែល​អំណោយផល​ដល់​ទីផ្សារ​»​។

ដោយនៅ​ជិត​បំផុត​ទាំង​ភូមិសាស្ត្រ និង​សេដ្ឋកិច្ច​ជាមួយ​អ៊ុយក្រែន សេដ្ឋកិច្ច​របស់​អឺរ៉ុប​គឺ​ងាយ​រងគ្រោះ​បំផុត​។ ខណៈពេល​ដែល​អង្គការ OECD មិនបាន​ចេញផ្សាយ​ការព្យាករ​សេដ្ឋកិច្ច​របស់​ពួកគេ ពួកគេ​បានចេញ​ផ្សាយ​គំរូ​មួយ ដែល​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​សង្គ្រាម នេះ និង​ការកើនឡើង​តម្លៃ​ទំនិញ​ដោយសារ​វា ដែល​នឹង​អូសបន្លាយ​ពេញ​ ១ ​ឆ្នាំ​។ គំរូ​នេះ​បាន​បង្ហាញថា ការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ច​តំបន់​ចាយប្រាក់​អឺរ៉ូ គឺ​នឹង​ធំ​ជាង​ទ្វេដង​នៃ​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក ភាគច្រើន​ដោយសារ​ការរំពឹង​យ៉ាងខ្លាំង​របស់​អឺរ៉ុប​ទៅលើ​ការ​នាំចូល​ឧស្ម័ន​ពី​រុស្ស៊ី​។

ដោយ​ផ្អែក​ផលប៉ះពាល់​មាននៅ​ពេល​ឥឡូវនេះ OECD បាន​ព្យាករ​ថា សេដ្ឋកិច្ច​អឺរ៉ុប​នឹង​ធ្លាក់ចុះ​រហូតដល់ ១,៤ ភាគរយ ប៉ុន្តែ​មន្ត្រី​ជាច្រើន​ព្រួយបារម្ភ​ថា តួលេខ​នេះ គឺអាច​ទាប​ជា​ផលប៉ះពាល់​ពិតប្រាកដ​។

បន្ថែម​ពីនេះ​ទៅទៀត ប្រទេស អឺរ៉ុប​ខាងកើត​ជាច្រើន ជាពិសេស​ប៉ូឡូញ​បាន​ប្រឈម​នឹង​បន្ទុក​ដ៏ធំ​ក្នុង​ការទទួល​យក​ជន​ភៀសខ្លួន​ជាង ៣ លាន​នាក់​ពី​ប្រទេស​អ៊ុយក្រែន ដោយ​មានការ​រំពឹងថា នឹងមាន​ជនភៀសខ្លួន​រាប់លាន​នាក់​ទៀត​នឹង​មកដល់​។

រដ្ឋាភិបាល​អឺរ៉ុប​ជាច្រើន​បានអនុម័ត​គោលនយោបាយ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការកើនឡើង​តម្លៃ​ទំនិញ​។ រដ្ឋាភិបាល​បារាំង និង​អៀរឡង់​បាន​យល់ព្រម​ផ្ដល់ប្រាក់​ឧបត្ថម្ភធន​ដើម្បី​ជួយ​ប៉ះប៉ូវ​នឹង​ការកើនឡើង​តម្លៃ​ឥន្ធនៈ ហើយ​អាល្លឺម៉ង់​បានបង្ហាញ​សញ្ញា​ថា​ខ្លួន​នឹងធ្វើ​តាម​ឆាប់ៗ​នេះ​។

ប៉ុន្តែ​វិធានការ​ទាំងនេះ គឺ​មិន​ទប់ទល់​ផលប៉ះពាល់​ទាំងអស់​នៃ​សង្គ្រាម​នេះ​ទេ​។ រោងចក្រ​ជាច្រើន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​មាន​ភាពស្ងៀមស្ងាត់ ដោយសារ​កង្វះ​គ្រឿងបន្លាស់​ផលិត​នៅ​អ៊ុយក្រែន​។ ប្រទេស​អ៊ីតាលី​មាន​កង្វះ​មីប៉ាស្តា ដោយសារ​កង្វះ​ការ​នាំចូល​ស្រូវ​សាលី​ពី​អ៊ុយក្រែន ហើយ​តៃកុង​រថយន្ត​ដឹកទំនិញ​នៅ​អេស្ប៉ាញ​បានធ្វើ​កូដកម្ម​ប្រឆាំង​ការកើនឡើង​តម្លៃ​ប្រេង​ធ្វើឱ្យ​មានការ​កកស្ទះ​ខ្សែចង្វាក់​ផ្គត់ផ្គង់​។

ខ្សែចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ត្រូវបាន​រំខាន​យ៉ាងខ្លាំង​ដោយ​កូវីដ ​១៩ និង​ការកកស្ទះ​ដទៃទៀត​រួចទៅហើយ ប៉ុន្តែ​សង្គ្រាម​នេះ​បាន​បង្កើន​ហានិភ័យ​ថ្មី​សម្រាប់​តម្រូវ​ផលិតផល​នាំចេញ​ដោយ​ប្រទេស​ទាំង​ ២​។

សេណារីយោ​អាក្រក់​បំផុត គឺ​ការ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី ទៅកាន់​អឺរ៉ុប​។ ប្រសិនបើ​រឿងនេះ​កើតឡើង គេ​ព្យាករ​ថា បង្ក​ឱ្យ​ធ្លាក់ចុះ​សេដ្ឋកិច្ច​អឺរ៉ុប​យ៉ាងខ្លាំង ហើយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​នៅ​ជុំវិញ​ពិភពលោក​៕