នៅ​ពេល​ដែល​មាន​ការ​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដោយ​បញ្ញវន្ត​គោលនយោបាយ​សាធារណ:​ ១ ​រូប​ មាន​តំណែង​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​ចិន​ ដែល​ជំរុញ​ឱ្យ​ក្រុង​ប៉េកាំង​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ​វ្ល៉ាឌីមៀរ ពូទីន​ ដោយ​សារ​ការ​លុកលុយ​អ៊ុយក្រែន​ ការ​ប្រតិកម្ម​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​បាន​កើត​ឡើង​យ៉ាង​រហ័ស​។

ដើម​ឡើយ​អត្ថបទ​របស់​លោក​ហ៊ូ វ័យ​ អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​សាធារណ​:នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចិន​ ត្រូវ​បាន​ចែកចាយ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​កំពូល​នៅ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​សភា​ប្រជាជន​ចិន​។ ក្រោយ​លោក​ហ៊ូ បាន​បញ្ជូន​អត្ថបទ​នេះ​ឱ្យ​ចេញ​ផ្សាយ​ជា​ភាសា​ចិន និង​អង់គ្លេស​លើ​គេហទំព័រ​ US-China Perception Monitor (USCPM) របស់​អង្គការ​អាមេរិក​ Carter Center ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​ទទួល​ការ​ចូល​មើល​ជាង​ ១ លាន​ដង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ចិន​។ ការ​ចេញ​ផ្សាយ​នេះ​ត្រូវ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ចិន និង​គេហទំព័រ​សារព័ត៌មាន​ក្រៅ​ផ្លូវការ​។

អត្ថបទ​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ដោយ​មាន​អ្នក​រិះគន់​លោក​ហ៊ូ​ថា ​បាន​សរសេរ​អត្ថបទ «មិន​គិត​ពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់»​។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​គេហទំព័រ​ USCPM ត្រូវ​បាន​រារាំង​មិន​ឱ្យ​នៅ​ប្រទេស​ចិន​។

ក្នុង​អត្ថបទ​នោះ​លោក​ហ៊ូ បាន​សរសេរ​ថា​រុស្ស៊ី​កំពុង​ប្រឈម​នឹង​ការ​បរាជ័យ​ ហើយ​ប្រទេស​ចិន​ត្រូវ​ការ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​លោក​ពូទីន ដើម្បី​ចៀស​​វាង​ឈរ​ជា​មួយ​ភាគី​ចាញ់​សង្គ្រាម​ ហើយ​ដើម្បី​ជៀសវាង​រង​ការ​ឡោមព័ទ្ធ​ដោយ​អាមេរិក និង​លោក​ខាង​លិច​។

ជំហរ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ចិន​គឺ​អព្យាក្រឹតភាព​ ប៉ុន្តែ​មុន​ការ​លុកលុយ​កើត​ឡើង​បាន​ប្រកាស​ថា​ភាព​ជា​ដៃ​គូ​រវាង​ក្រុង​ប៉េកាំង​ និង​ក្រុង​ម៉ូស្គូ​ គឺ​គ្មាន​ដែន​កំណត់​ទេ​ ហើយ​ក្រោយ​សង្គ្រាម​ចាប់​ផ្ដើម​មន្ត្រី​និង​សារព័ត៌មាន​ចិន​មួយ​ចំនួន​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​រុស្ស៊ី​។ លោក​ហ៊ូ​សរសេរ​ថា​ជំហរ​ស្រពេច​ស្រពិល​បែប​នេះ​គឺ​គ្រោះថ្នាក់​ណាស់​ ហើយ​ចិន​ត្រូវ​តែ​ជ្រើស​រើស​ជំហរ​ជាក់លាក់​មួយ​៕