​ក្នុងការ​សន្ទនា​ជិត​ ២​ ម៉ោង​តាម​វីដេអូ​ខ​ល កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន បាន​ព្រមាន​ប្រ​ធានា​ធិបតី​ចិន​ លោក ​ស៊ី ជីន​ភីង ​ថា ​នឹងមាន​ផលប៉ះពាល់​យ៉ាង​​ធ្ងន់ធ្ងរ ប្រសិនបើ​ក្រុង​ប៉េកាំង​ផ្ដល់ជំនួយ​ឱ្យ​ក្រុង​ម៉ូស្គូ​ក្នុងការ​​លុកលុយ​របស់​ពួកគេ​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិនបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​អំពី​ផលប៉ះពាល់​ទាំងនេះ​ទេ​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោក​ ស្រី​ជេន ផ្សា​គី ក៏បាន​បដិសេធ​មិន​ធ្វើការ​បំភ្លឺ​អំពី​វិធានការ​អាមេរិក ដោយ​និយាយថា វា​ជា​រឿង ​«​ស្ថាបនា​បំផុត​ក្នុងការ​​សន្ទនា​ផ្ទាល់​ជាមួយ​ចិន​»​។​

​អ្នកវិភាគ​ជាច្រើន​និយាយថា ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ក្នុង​ការមិន​បញ្ជាក់​ច្បាស់លាស់​អំពី​វិធាន​ការដែល​ខ្លួន​នឹងធ្វើ​ក្នុងករណីនេះ គឺ​ដើម្បី​ដាក់​​សម្ពាធ​ឱ្យ​ចិន​ធ្វើការ​សម្រេច​​ចិត្ត​ដោយ​ខ្លួនឯង​ ដើម្បី​គូស​​ដែន​កំណត់​ក្នុង​ទំនាក់ទំនង «​គ្មាន​ដែន​កំណត់​» របស់ខ្លួន​ជាមួយ​រុស្ស៊ី ដើម្បី​ចៀសវាងរង​ការដាក់ទណ្ឌកម្ម​យ៉ាង​​ទូលំទូលាយ​។​

​ប្រសិនបើ​ចិន​មិន​ដាក់​ដែន​​កំណត់ គេ​ព្រួយបារម្ភ​ថា ​ទំនាក់​​ទំនង​ចិន​ជាមួយ​អាមេរិក នឹង​កាន់តែ​យ៉ាប់យ៉ឺន ហើយ​អាច​ឈានដល់​ការ​កាត់ផ្ដាច់​រវាង​សេដ្ឋកិច្ច​ធំជាងគេ​ទាំង ​២ ​របស់​ពិភពលោក​។ ដែន​កំណត់​ទាំងនេះ​អាចអនុវត្ត​មិន​ត្រឹមតែ​ចំពោះ​ជំនួយ​យោធា​ឱ្យ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​រីក​រាលដាល​ដល់​ទំនាក់ទំនង​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម និង​ការ​វិ​និយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។​

​គេ​កត់សម្គាល់ថា ប្រព័ន្ធ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ដឹកនាំ​ដោយ​អាមេរិក មានការ​ចូលរួម​ពី​ប្រទេស​ជាង ១០០ ហើយ​ប្រសិនបើ​ប្រទេស​ចិន​បំពាន​ប្រព័ន្ធ​នេះ ពួកគេ​ទំនងជា​នឹងរង​ការដាក់ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់។​

​ធនាគារ​ធំៗ​របស់​រុស្ស៊ី ត្រូវបាន​កាត់ផ្ដាច់​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT រួចទៅហើយ​។ មុន​ការ​កាត់ផ្ដាច់​នេះ រុស្ស៊ី​ប្រើប្រាស់ ​SWIFT សម្រាប់ ៨០ ភាគរយ​នៃ​ការ​ការទូទាត់​ប្រាក់​ឆ្លង​ព្រំដែន​របស់ខ្លួន​។ សហរដ្ឋអាមេរិកក៏បាន​ហាមឃាត់​ការ​នាំចូល​ធ្យូងថ្ម ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​ផងដែរ​។ ចំណូល​បានមកពី​ការនាំចេញ​ថាមពល គឺ​ទ្រទ្រង់​ជាង ៤០ ភាគរយ​នៃ​ការចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​នៅក្នុង​ឆ្នាំ ​២០២១​។​

​ការ​កាត់ផ្ដាច់​ចិន​ចេញពី SWIFT គឺ​នឹងមាន​ការលំបាក​ជាង​ការ​កាត់ផ្ដាច់​រុស្ស៊ី ប៉ុន្តែ​សហរដ្ឋអាមេរិក​អាច​ព្យាយាម​បណ្ដេញ​ចិន​ចេញពី​សេដ្ឋកិច្ចពិភពលោក​ដោយ​វិធីសាស្ត្រ​ដទៃទៀត ដូច​ជាការ​កាត់ផ្ដាច់​ផលប្រយោជន៍​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។ ការមិន​បញ្ជាក់​ព័ត៌មាន​លម្អិត​អំពី​ផែនការ​របស់ខ្លួន អនុញ្ញាតឱ្យ​អាមេរិក​មាន​ជម្រើស​ច្រើន​។​

​អាមេរិក​អាចដាក់​ទណ្ឌកម្ម​លើ​ធនាគារ និង​ស្ថាប័ន​ហិ​រ​ញ្ញ​វត្ថុ​របស់​ចិន ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​ចិន ​អាច​នឹងមាន​ការលំបាក​សម្រាប់​អាមេរិក​។ ប្រទេស​ចិន បានបង្ហាញ​ការប្រឆាំង​ចំពោះ​ការ​​ដាក់ទណ្ឌកម្ម​អាមេរិក​លើ​រុស្ស៊ី​រួចទៅហើយ​។ សារព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​ដកស្រង់​សម្តី​របស់លោក​ ស៊ី និយាយថា «​ការដាក់ទណ្ឌកម្ម​គ្រប់​ជ្រុង​ជ្រោយ មិន​រើសអើង នឹង​ប៉ះពាល់​ដល់​សាធារណជន​តែប៉ុណ្ណោះ​»​។​

​ចិន​អាចដាក់​ទណ្ឌកម្ម​ឆ្លើយ​​តប​វិញ​ចំពោះ​ការដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក ដូច្នេះ​អា​មេ​រិ​ក នឹងត្រូវ​ពិចារណា​ឱ្យ​ច្បាស់​ក្នុងការ​ដាក់ទណ្ឌកម្ម​នៅ​ចំណុច ដែល​ចិន​មិនអាច​ឆ្លើយ​​តប​វិញ​បាន ប៉ុន្តែ​ទណ្ឌកម្ម​ទាំងនេះ​អាច​មិនមាន​ប្រសិទ្ធភាព​ដូច​ទណ្ឌកម្ម​ប្រភេទ​ដទៃទៀត​។​

​ខណៈពេលដែល​អាមេរិក​និយាយថា ការពិភាក្សា​រវាង​លោក​ បៃ​ដិ​ន និង​លោក​ ស៊ី​ បាន​ផ្ដោតលើ​សង្គ្រាម​អ៊ុយ​ក្រែ​ន តែ​ពី​ភាគី​ចិន​បាន​និយាយថា ការ​​ពិភាក្សា គឺ​ចាប់ផ្ដើម​លើ​បញ្ហា​កោះ​តៃវ៉ាន់​។​

​សារព័ត៌មាន Xinhua បាន​រាយការណ៍​ថា លោក​ ស៊ី បាន​ប្រា​ប់លោក​ បៃ​ដិ​ន ​ថា​៖«​ទំនាក់​​ទំនង​អាមេរិក​-​ចិន មិនទាន់​ងើប​ចេញពី​បញ្ហា​ដែល​បង្កើតឡើង​ដោយ​រដ្ឋបាល​អាមេរិក​មុន​នោះទេ ហើយ​ផ្ទុយទៅវិញ​បាន​ជួបប្រទះ នឹង​បញ្ហា​ប្រ​ឈម​កាន់តែ​ច្រើនឡើងៗ​»​។​

​លោក​បាន​បន្តទៀតថា​៖ «​ជាពិសេសវា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​មនុស្ស​មួយ​​ចំនួន​នៅក្នុង​សហរដ្ឋអាមេរិក​ក្នុងការ​បញ្ជូន​សញ្ញា​ខុស​ទៅកាន់​កងកម្លាំង «​ឯករាជ្យ​តៃវ៉ាន់​»​។ ប្រសិនបើ​បញ្ហា​តៃវ៉ាន់​មិនត្រូវ​បាន​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ វា​នឹងមាន​ឥទ្ធិពល​អស្ថិរភាព​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២»​។​

​យ៉ាងណាមិញ បើទោះបី​ជាមាន​ភាព​តានតឹង​ខ្លាំង​បែបនេះ​ក៏ដោយ ជំនួប​រវាង​មេដឹកនាំ​ទាំង ​២ ​នេះ​បង្ហាញថា ពួកគេ​ចង់​រក្សា​ស្ថិរភាព​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២៕