​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់ទី​ផ្សារ​ថាមពល​ពិភពលោក ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន មានការ​ព្រួយ​​បារម្ភ​ពី​វិបត្តិ​កាន់តែ​ជ្រៅ​ជាងនេះទៅទៀត គឺ​វិបត្តិ​កង្វះ​អាហារ​។​

​ការផ្គត់ផ្គង់​ស្រូវ​សាលី ពោត និង​ស្រូវ​បាឡី​មួយផ្នែកធំ​របស់​ពិភពលោក​ត្រូវបាន​ជាប់គាំង​នៅក្នុង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដោយសារតែ​សង្គ្រាម ខណៈពេលដែល​ការផ្គត់ផ្គង់​ជី​​គីមី​របស់​ពិភពលោក​មួយផ្នែកធំ​ជាងនេះទៅទៀត ត្រូវបាន​ជាប់គាំង​នៅក្នុង​ប្រទេស​រុស្ស៊ី និង​បេឡា​រុស​ផងដែរ​។​

​លទ្ធផល​បន្សល់​ពី​បញ្ហា​ខាងលើ​ គឺ​កើនឡើង​តម្លៃ​អាហារ និង​ជី​នៅ​ជុំវិញ​ពិភពលោក​។​ ចាប់​​តាំងពី​ការ​លុកលុយ​កាលពី​ខែ​មុន តម្លៃ​ស្រូវ​សាលី​បាន​កើន​​ឡើង​ ២១ ​ភាគរយ ស្រូវ​បាឡី​ ៣៣​ភាគរយ និង​ជី​ប្រភេទ​មួយចំនួន​បាន​កើន ​៤០ ​ភាគរយ​។​

​ភាពចលាចល​នេះ ត្រូវបាន​ផ្សំ​ឡើង​ដោយ​បញ្ហា​ប្រឈម​សំខាន់ៗ​មាន​ស្រាប់​ដែល​កំពុង​បង្ក​កើនឡើង​តម្លៃ និង​បង្អាក់​ការផ្គត់ផ្គង់​រួមមាន​វិបត្តិ​រា​តត្បា​ត ឧបសគ្គ​នៃ​ការដឹកជញ្ជូន តម្លៃ​ថាមពល​ខ្ពស់ គ្រោះ​រាំងស្ងួត ទឹកជំនន់ និង​អគ្គិភ័យ​វាលស្រែ​នាពេល​ថ្មីៗ​នេះ​។​

​ឥឡូវនេះ អ្នកសេដ្ឋកិច្ច អង្គការ​ជំនួយ និង​មន្ត្រី​រដ្ឋាភិបាល កំពុង​ព្រមាន​អំពី​ផលប៉ះពាល់ ការកើនឡើង​នៃ​ភាព​ស្រេក​-​ឃ្លាន​ពិភពលោក​។​

​គ្រោះមហន្តរាយ​ដែល​កំពុង​លេចចេញ​ជា​លទ្ធផល​នៃ​សង្គ្រាម​ដ៏​ធំ​មួយ​នៅក្នុង​យុគ​សម័យ​សកលភាវូបនីយកម្ម​។ តម្លៃ​អាហារ ជី ប្រេង ឧស្ម័ន និង​សូម្បីតែ​លោហធាតុ ដូចជា អាលុយមីញ៉ូម នី​កែ​ល និង​ប៉ា​ឡា​ដ្យូ​ម សុទ្ធតែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ហើយ​អ្នក​ជំនាញ​រំពឹងថា នឹង​កាន់តែ​អាក្រក់​ទៅៗ​ដោយសារ​ផល​​ប៉ះពាល់​វិបត្តិ​សង្គ្រាម​អ៊ុយ​ក្រែ​ន​នេះ​។​

​លោក David Beasley នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ដែលជា​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជា​ជាតិ​ផ្ដល់​អាហារ​ដល់​មនុស្ស ​១២៤ ​លាន​នាក់ ​ក្នុង ​១ ​ថ្ងៃ ​បាន​និយាយថា​៖ «​វិបត្តិ​អ៊ុយ​ក្រែ​ន ត្រូវបាន​រួមបញ្ចូល​គ្រោះ​ម​ហន្ត​រាយ​មួយ​នៅលើ​កំពូល​នៃ​គ្រោះមហន្តរាយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក តាំងពី​សង្គ្រាម​​លោក​លើក​ទី​២»​។​

​កសិដ្ឋាន​អ៊ុយ​ក្រែ​ន បាន​ខកខាន​រដូវ​ដាំ​ដុះ និង​ច្រូតកាត់​ដ៏​សំខាន់ៗ​ហើយ​។ ដោយឡែក​រោងចក្រ​ជី​នៅ​អឺរ៉ុប កំពុង​កាត់បន្ថយ​ផលិតកម្ម​យ៉ាង​​ខ្លាំង​ដោយសារតែ​តម្លៃ​ថា​ម​​ពល​ខ្ពស់​។ កសិករ​ពី​ប្រទេស​ប្រេ​ស៊ី​ល ​ដល់​រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក កំពុង​កាត់​បន្ថយ​ការប្រើ​ជី​ដែល​គំរាម​កំហែង​ទំហំ​នៃ​ការប្រមូល​ផល​បន្ទាប់​ផងដែរ​។​

​ប្រទេស​ចិន ​ដែល​ប្រឈមមុខ​នឹង​ខូចខាត​ដំណាំ​ស្រូវ​​សាលី​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ ​បន្ទាប់ពី​ទឹកជំនន់​ធ្ងន់ធ្ងរ ក៏​គ្រោង​នឹង​ទិញ​ការផ្គត់ផ្គង់​ដែល​ធ្លាក់ចុះ​កាន់តែច្រើន​របស់​ពិភពលោក​។​

​ចំណែក​ប្រទេស​ឥណ្ឌា ​ដែលជា​ធម្មតា​នាំចេញ​ស្រូវ​សាលី​ក្នុង​បរិមាណ​តិចតួច​បានឃើញ​តម្រូវការ​ពី​បរទេស​កើនឡើង​ច្រើនជាង​ ៣​ ដង បើ​ធៀប​នឹង​ពេល​ដដែល​កាល​ឆ្នាំមុន​។​

​បន្ថែម​ពីនេះ នៅក្នុង​ខែកុម្ភៈ តម្លៃ​ចាប់ហួយ​របស់​សហ​រដ្ឋ​អាមេរិក បាន​កើនឡើង​រួចហើយ ៨,៦ ​ភាគរយ​កាលពី​ឆ្នាំមុន ​ដែលជា​ការកើនឡើង​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល ៤០ ​ឆ្នាំ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​។​

​សម្រាប់​អ្នក​ដែល​រស់នៅ​ក្បែរ​គែម​នៃ​អសន្តិសុខ​ស្បៀង​ស្រាប់​នោះ ក៏​មើលឃើញ​ការ​​កើនឡើង​នៃ​តម្លៃ​ចុងក្រោយ​បំផុត​អាច​ជំរុញ​មនុស្ស​ជាច្រើន​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង​បន្ថែមទៀត​។​

​គួរបញ្ជាក់​ផងដែរ​ថា ភាព​អត់​​ឃ្លានបាន​កើនឡើង​ប្រហែល ១៨ ​ភាគរយ​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​ដល់​មនុស្ស​ចន្លោះ ពី ៧២០ ​លាន​នាក់ ទៅ ៨១១ លាន​នាក់​។​ កាលពី​ដើមខែ​នេះ​ អង្គការសហប្រជាជាតិ​បាន​និយាយថា ឥទ្ធិពល​នៃ​សង្គ្រាម​លើ​ទីផ្សារ​អាហារ​ពិភពលោក​តែមួយ​មុខ​អាច​បណ្ដាលឱ្យ​មនុស្ស​ពី ​៧,៦ លាន​នាក់​ទៅ ១៣,១ ​លាន​នាក់​បន្ថែមទៀត​ ប្រឈម​នឹង​វិបត្តិ​ស្រេកឃ្លាន​។​

​ការចំណាយ​របស់​កម្ម​វិធី​​ស្បៀងអាហារ​ពិភពលោក​បាន​កើនឡើង ៧១​ លាន​ដុល្លារ​អាមេរិក​ក្នុង ​១ ​ខែ ដែល​គ្រប់​​គ្រាន់​ដើម្បី​កាត់បន្ថយ​ភាព​អត់​ឃ្លាន​ប្រចាំថ្ងៃ​សម្រាប់​មនុស្ស ៣,៨​ លាន​នាក់​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា​ក្ដី ការ​កើន​​ឡើង​តម្លៃ​ស្បៀងអាហារ គឺជា​កត្តា​ជំរុញឱ្យមាន​ការ​ចលា​ច​ល​ក្នុងសង្គម និង​នយោបាយ​ជា​យូរយារ​ណាស់​មកហើយ​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិ​ក និង​អារ៉ាប់ ហើយ​មនុស្ស ជាច្រើន​បាន​ឧបត្ថម្ភ​ធន​ដល់​អាហារ​បំប៉ន ដូចជា​នំប៉័ង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ចៀសវាង​បញ្ហា​បែបនេះ​៕

វីដេអូ៖