យន្ត​ហោះ​ Boeing 737-800 មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ China Eastern Airlines ​ធ្លាក់​​ដាំ​ក្បាល​ចុះ​នៅ​ពេល​​កំពុង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ៨៤២ គីឡូម៉ែត្រ​ក្នុង​ ១​ ម៉ោង និង​នៅ​កម្ពស់​ជិត ៩ គីឡូម៉ែត្រ​ បណ្ដាល​ឱ្យ​​អ្នក​ដំណើរ​លើ​យន្តហោះ ​និង​បុគ្គលិក​សរុប​ចំ​នួន ១៣២ នាក់​ ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ​។

ក្រុមហ៊ុន​អាកាសចរណ៍​ដដែលបាន​និយាយ​ថាខ្លួន​ចូល​រួម​រំលែក​​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ដល់​អ្នកដំណើរនិង​បុគ្គលិក​នៅលើ​យន្តហោះ​ទាំងអស់។ពួកគេ​និយាយ​ថា​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​​​​។ ​

អ្នកនាំ​ពាក្យ​ក្រុមហ៊ុន Boeing បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖​ «យើង​កំពុង​ធ្វើ​ការ​ជា​មួយ​អតិថិជន​ក្រុមហ៊ុន​អាកាសចរណ៍​របស់​យើងហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ការងារ​នេះ​»​។

គ្រោះថ្នាក់​បែប​នេះ​ជា​ធម្មតា​ពាក់ព័ន្ធ​នឹង​កត្តា​ជា​ច្រើនហើយ​អ្នក​ជំនាញ​បាន​ព្រមាន​ថា​យន្តហោះ​នេះ ហោះ​លឿន​ពេកប៉ុន្តែ​មិន​មាន​​ការ​សន្និដ្ឋាន​​ណា​មួយ​អំពី​មូលហេតុដែល​អាច​កើត​មាន ជា​ពិសេស​ចំ​ពេល​ដែល​​ព័ត៌មាន​នៅ​មិន​ទាន់​បាន​ផ្ដល់​ពេញលេញ​នៅឡើយ​។

​ជើង​ហោះហើរ MU5735​ កាល​នោះ​គឺ​កំពុង​ធ្វើ​ដំណើរ​ពី​ទីក្រុង​គុនមីងភាគ​និរតី​នៃ​ខេត្ត​យូណាន​ឆ្ពោះ​ទៅ​ទីក្រុង​ក្វាងចូវរដ្ឋធានី​ខេត្ត​ក្វាងទុងជាប់​ព្រំដែន​ហុងកុងមុន​ពេល​វា​​ធ្លាក់។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ធ្លាក់​នេះ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines ក៏​បាន​ផ្អាក​ដំណើរ​ការ​យន្តហោះ​ Boeing 737-800 របស់​ខ្លួន​ទាំង​អស់​។ឯ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Boeing ទៀត​សោតក៏​បាន​ធ្លាក់​ចុះ​ជាង ៤% ផង​ដែរ​។ការ​ធ្លាក់​នេះ​ កើត​ឡើង៣​ ឆ្នាំ បន្ទាប់​ពី​ម៉ូដែល Boeing មួយ​ទៀត​គឺ​ 737 Max ត្រូវ​បាន​ផ្អាក​នៅ​ទូទាំង​ពិភព​លោកបន្ទាប់​ពី​ការ​ធ្លាក់​ចំនួន​២លើក​ ក្នុង​ចន្លោះ​ពេល ៧​ ខែ​៕