តុលាការ​ក្រុង​ម៉ូស្គូបាន​និយាយ​កាលពី​ថ្ងៃ ចន្ទថា ក្រុមហ៊ុន Meta មាន​ទោស​ពី​បទសកម្មភាព​ជ្រុល​និយម​​​ដែល​នឹង​ឈាន​ដល់​ការ​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook និង Instagram​ នៅ​ក្នុង​ទឹក​ដី​រុស្ស៊ី ប៉ុន្តែ​សេចក្ដី​សម្រេច​នេះ​នឹង​មិន​ប៉ះពាល់​ដល់​វេទិកា​បញ្ជូន​សារ​ WhatsApp របស់​ក្រុមហ៊ុន​​ដដែល​ទេ​។

ក្រុមហ៊ុន Meta មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេបន្ទាប់​ពី​តុលាការ​ខណ្ឌ​ Tverskoi នៃ​ទីក្រុង​ម៉ូស្គូបាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា សម្រេច​គាំទ្រ​ពាក្យ​បណ្ដឹង​របស់​រដ្ឋ​អាជ្ញា​រុស្ស៊ីដែល​ស្នើ​ឱ្យ​មាន​ការ​ហាមឃាត់​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​នៅ​លើ​ទឹកដី​រុស្ស៊ី។

ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​រាយការណ៍​ថាមេធាវី​របស់​ក្រុមហ៊ុន​ Meta អ្នកស្រី Victoria Shakina បាន​ប្រាប់​តុលាការ​ថា ក្រុមហ៊ុន​មិន​បាន​ធ្វើ​សកម្មភាព​ជ្រុល​និយម​និង​គាំទ្រ​ការ​ស្អប់​ខ្ពើម​រុស្ស៊ី (Russophobia)​ នោះ​ទេ។

នៅ​មិន​ទាន់​មាន​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ Meta នឹង​បន្ត​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ចំពោះ​ការ​ហាម​ប្រាម​សកម្មភាព​របស់​ Facebook និង Instagram ក្នុង​ប្រទេស​រុស្ស៊ី​ក្រោម​ហេតុផល​នៃ​សកម្មភាព​ជ្រុល​និយមឬ​យ៉ាង​ណា​នោះ​ទេ។​ យ៉ាងណាមិញ​​ការ​លើក​ឡើង​ពី​​សារព័ត៌មាន​រុស្ស៊ី​ TASS ដែល​ត្រូវ​បាន​គេ​ដាក់​បម្រាម​បាន​លើក​ឡើង​ថា ចៅក្រម​ Olga Solopova នឹង​អនុវត្ត​នូវ​សេចក្ដី​សម្រេច​ខាង​លើ​ភ្លាមៗ។

កាលពី​ល្ងាច​ថ្ងៃ​ចន្ទនិយតករ​ផ្នែក​ទូរគមនាគមន៍ ​Roskomnadzor បាន​និយាយ​ថា ខ្លួន​នឹង​ដក​ក្រុមហ៊ុន Meta ចេញ​ពី​បញ្ជី​អង្គភាព​បរទេសដែល​ប្រតិបត្តិការ​លើ​អ៊ីនធឺណិត​ក្នុង​ប្រទេស​រុស្ស៊ីព្រមទាំង​ បណ្ដាញ​សង្គម​ ​Instagram និង Facebook ពី​ការ​ចុះ​ឈ្មោះ​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ផង​ដែរ៕