សហរដ្ឋអាមេរិក និង​ណា​តូ ជឿថា «​ឆាប់ៗ​នេះ​» បេឡា​រុសអាច​ចូលរួម​ជាមួយ​រុស្ស៊ី​ក្នុងការ​លុក​​លុយ​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការរាយការណ៍​ដោយ CNN ផ្អែក​ប្រភព​មួយចំនួន​ដែល​បាន​និយាយថា ប្រទេស​នេះ​បាន​ចាត់វិធានការ​រួចរាល់​ហើយ​ ដើម្បី​ត្រៀម​ធ្វើបែបនេះ​។​

​មន្ត្រី​យោធា​អង្គការ​ណា​តូ ​១ ​រូប​និយាយថា បេឡា​រុស «​ទំនង​» នឹងចូលរួម​សង្គ្រាម​នេះ ​ដោយសារការ​លុកលុយ​របស់​រុស្ស៊ី កំពុង​ត្រូវ​ការ​ជំនួយ​យ៉ាងខ្លាំង​។

​មន្ត្រី​ចារកម្ម​ណា​តូ​ ១​ រូប បាន​និយាយ​ដោយឡែក​ថា រដ្ឋាភិបាល​បេឡា​រុស គឺ​កំពុង​រៀបចំ​បរិស្ថាន​ដើម្បី «​បង្កើត​ហេតុផល​សម្រាប់​ការវាយលុក​ដោយ​បេឡា​រុស​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​»​។​

​ប្រភព​គណបក្សប្រឆាំង​បេឡា​​រុស​បាន​និយាយថា កងកម្លាំង​បេឡា​រុស​រាប់ពាន់នាក់​បាន​ត្រៀម​ខ្លួន ​ដើម្បី​ឆ្លង​ចូល​ប្រទេស​អ៊ុយ​​ក្រែ​ន ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ក្នុង​ទស្សនៈ​របស់​ប្រភព​នេះ​ការចូលរួម​របស់​បេ​ឡេ​​រុស មិនសូវមាន​ផលប្រយោជន៍​យោធា​ប៉ុន្មាន​ទេ ប៉ុន្តែ​មាន​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​មួយ​សម្រាប់​រុស្ស៊ី​ ដែល​អាច​ធ្វើការ​អះអាងថា មាន​ប្រទេស​ចូលរួម​គាំទ្រ​ជាមួយ​ខ្លួន​។​

​ប្រទេស​រុស្ស៊ី​ បាន​ប្រើប្រាស់ទឹកដី​របស់​បេឡា​រុស ​ដើម្បី​បើក​ការ​​វាយប្រហារ​ឆ្ពោះទៅកាន់​ក្រុង​កៀវ​ដោយ​កាលពីមុន​សង្គ្រាម​ចាប់ផ្ដើម​ក្រុង​ម៉ូស្គូ បាន​អះអាងថា ទាហាន​រាប់ម៉ឺន​នាក់​ប្រមូលផ្ដុំ​ក្នុង​ទឹកដី​នោះ គឺ​ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា​ជា​មួយ​កងកម្លាំង​បេ​ឡេ​រុស​។​

​រហូតមកដល់​ពេលនេះ បេឡា​​រុសមិនទាន់​បញ្ជូន​ជា​ផ្លូវ​ការទា​​ហាន​របស់ខ្លួន​ឱ្យចូល​រួម​ក្នុងការ​លុកលុយ​របស់​រុស្ស៊ី ប៉ុន្តែ​បាន​រង​ការដាក់ទណ្ឌកម្ម​យ៉ាងខ្លាំង​ពី​លោកខាងលិច​ដោយសារ​កា​រ​អនុញ្ញាតឱ្យ​កងកម្លាំង​រុស្ស៊ី​ប្រើ​​ប្រាស់​ទឹកដី​របស់ខ្លួន​ក្នុងការ​លុកលុយ​នេះ​។​

​បន្ថែម​ពីលើ​នេះ បេឡា​រុសបានធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​កាលពី​ខែ​មុន​ដែល​អាច​អនុញ្ញាតឱ្យ​រុស្ស៊ី​ដាក់ពង្រាយ​ទ័ព ​ឬ​អាវុធ​នុយក្លេអ៊ែរ​ជា​អចិ​ន្រៃ្ត​យ៍​នៅក្នុងទឹកដី​របស់ខ្លួន​៕

វីដេអូ៖