​ការ​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន ​ដោយ​ប្រទេស​រុស្ស៊ី ដែលជា​អ្នកផ្គត់ផ្គង់​ថាមពល​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប បានបង្ហាញ​ច្បាស់​អំពី​ការពឹងផ្អែក​យ៉ាង​ខ្លាំង​របស់​ប្រទេស​អាល្លឺម៉ង់ អ៊ីតា​លី និង​ប្រទេស​អឺរ៉ុប​ដទៃ​​ទៀត លើ​ការ​នាំចូល​ថាមពល​ពី​រុស្ស៊ី​។ ការដាក់​សម្ពាធ​ទាមទារ​ឱ្យ​សហភាព​អឺរ៉ុប​កាត់​ផ្ដាច់ការ​​នាំចូល​ពី​រុស្ស៊ី បានធ្វើឱ្យ​បណ្ដា​រដ្ឋាភិបាល​ក្នុង​ប្លុក​នេះ​ព​ន្លឿ​ន​ផែនការ​របស់​ពួកគេ​ ដើម្បី​កាត់​ការពឹង​ផ្អែកលើ​ប្រភព​ថាមពល​ឥន្ធនៈ​ហ្វូ​ស៊ី​ល ហើយ​ស្វែងរក​ប្រភព​ផ្សេងទៀត​។​

​ការអនុវត្ត​ការផ្លាស់ប្ដូរ​ប្រភព​ថាមពល​របស់​អឺរ៉ុប​ដោយ​រលូន​គឺ​នឹងមាន​ការលំបាក​។ ឥឡូវនេះ នៅពេលដែល​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​ដោយសារ​ឆ្នាំ​ទី​២ ​នៃ​ការរីក​រាល​​ដាល​ជំងឺ​កូ​វីដ ​១៩ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការកើនឡើង​តម្លៃ​នៃ​ថាមពល​នៅ​ជុំវិញ​ពិភពលោក ការលំបាក​ក្នុងការ​ធ្វើបែបនេះ បាន​លេចចេញ​យ៉ាងច្បាស់​។​

​ការ​បង្វែរ​ការវិនិយោគ​ពី​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម ទៅរក​ប្រភព​ថាមពល​កកើត​វិញ​ដូចជា​ថាមពលខ្យល់ និង​ពន្លឺព្រះអាទិត្យ​រួម​ជាមួយនិង​ការដាក់​កំណត់ ឬ​ការយកពន្ធ​​លើ​ការបញ្ចេញ​កាបូន និង​ការ​សាង​​សង់​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​អគ្គិ​ស​នី គឺ​សំខាន់​ណាស់​ក្នុងការ​ធ្វើការ​ផ្លាស់ប្ដូរ​នេះ​។ ប៉ុន្តែ​ក្នុងអំឡុង​​ពេល​នៃ​អន្តរកាល វិធានការ​ទាំង​នេះ​ទំនង​នឹង​បង្ក​ឱ្យ​កើនឡើង​តម្លៃ​សម្រាប់ អ្នកប្រើប្រាស់ ហើយ​អាច​ក្លាយជា​ការសម្រេចចិត្ត​នយោបាយ​ដ៏​លំបាក​មួយ​សម្រាប់​មេដឹកនាំ​ប្រទេស​ទាំងនេះ​។​

​ក្រៅពី​ជំរុញ​ការ​បង្វែរ​ទៅរក​ថា​ម​ពល​កកើត​វិញ សង្គ្រាម​នៅ​អ៊ុយ​​ក្រែ​ន ក៏បាន​ធ្វើឱ្យ​រដ្ឋាភិបាល​អឺរ៉ុប​មួយចំនួន​ពិចារណា​ពន្យារ​ផែន​ការបិទ​អណ្ដូងរ៉ែ​ធ្យូងថ្ម អណ្ដូងប្រេង និង​អណ្ដូង​ឧស្ម័ន​របស់​ពួកគេ ដើម្បី​ជំនួស​ការនាំ​ចូល​ពី​រុស្ស៊ី និង​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ​វិញ​។​

​នៅ​ប្រទេស​អាល្លឺម៉ង់ ដែលជា​សេដ្ឋកិច្ច​អឺរ៉ុប​ធំជាងគេ រដ្ឋាភិបាលកំពុង​រៀបចំ​ផែន​ការបើក​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ដែល​ទើបតែ​បិទ​ថ្មីៗ​នេះឡើងវិញ ដើម្បី​ត្រៀម​ជា​បម្រុង​សម្រាប់​ពេលដែល​ចាំបាច់​ប្រើប្រាស់​។ អាល្លឺម៉ង់​ក៏​កំពុង​ព​ន្លឿ​ន​ការ​​សាងសង់​ស្ថានីយ​ទទួល​ឧស្ម័ន​ធម្មជាតិ​រាវ ដើម្បី​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពី​ប្រភព​ផ្សេង​ពី​រុស្ស៊ី​។ នេះ​គឺ​វិធានការ​របស់​ប្រទេស​ដែល​នាំមុខគេ​ក្នុងការ​បង្វែរ​ទៅរក​ប្រភព​ថាមពល​កកើត​វិញ​។​

​ប្រទេស​ដទៃទៀត ដូចជា​ប៉ូឡូញ ដែល ៧០ ​ភាគរយ​នៃ​តម្រូវការ​ថា​ម​ពល​របស់​ពួកគេ​ត្រូវបាន​បំពេញ​ដោយ​ធ្យូងថ្ម បាន​លើកឡើងថា​កង្វះ​ថាមពល​នៅពេល​ថ្មីៗ​នេះ​គឺជា​ភ័ស្តុតាង​ដែល​បង្ហាញថា ការ​​បិទ​អណ្ដូងរ៉ែ​នេះ គឺជា​កំហុស​។​

​យ៉ាងណាមិញ ក្នុង​កម្រិតណា​​មួយ​ទ្វីបអឺរ៉ុប បាន​ក្លាយជា​មន្ទីរ​ពិសោធន៍​ឈានមុខ​គេ​សម្រាប់​ការសាកល្បង​នៃ​ការផ្លាស់ប្ដូរ​ប្រភព​ថាមពល​។ សហភាព​អឺរ៉ុបបានអនុម័ត​ពន្ធ​លើ​ការបញ្ចេញ​កាបូន​ចាប់តាំងពី ២០​ ឆ្នាំមុន​មក​ម្ល៉េះ​។ ពួកគេ​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រព័ន្ធ​ជួញដូរ​ឥណទាន​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​កំណត់​កម្រិត​ឧស្ម័ន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ហើយ​បង្កើត​ទីផ្សារ ​ដើម្បី​ជួញដូរ​កម្រិត​នេះ​។ វិធានការ​នេះ​បានធ្វើឱ្យ​ឧស្សា​ហ​កម្ម​បង្ក​ការបំពុល​ច្រើន​បំផុត ដូចជា​ឧស្សាហកម្ម​ចម្រាញ់​ដែក និង​ស៊ីម៉ងត៍ ធ្វើការ​សម្អាត​។​

​ពួកគេ​ក៏​នាំមុខគេ​ក្នុង​វិស័យ​ស្ថានីយ​ថាមពលខ្យល់​នៅតាម​ឆ្នេរសមុទ្រ​។ បន្ថែម​ពីលើ​នេះ​អឺរ៉ុប​កំពុង​ត្រៀម​វិនិយោគ​ប្រាក់​រាប់ពាន់​លាន​ទៅលើ​គម្រោង​ប្រើប្រាស់​ឧស្ម័ន​អ៊ីដ្រូ​ហ្ស៊ែ​ន ជា​មធ្យោបាយ​សម្រាប់​ស្តុក​ទុក ឬ​ដឹកជញ្ជូន​ថា​ម​ពល​ផលិត​ដោយ​មធ្យោបាយ​កកើត​វិញ​ដូចជា​ខ្យល់​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ​មធ្យោបាយ​ទាំងនេះ គឺ​នៅ​ប្រ​ឈម​នឹង​ឧបសគ្គ​បច្ចេកទេស ហិរញ្ញវត្ថុ និយតកម្ម និង​ន​យោ​​បាយ​នៅឡើយ​ទេ​។ សមត្ថភាព​ដើម្បី​ផលិត​ថាមពល​ក្នុងតម្លៃ​ទាប​ដោយ​មធ្យោបាយ​ទាំងនេះ រួមជាមួយ​ការ​ស្តុក​ទុក និង​ដឹក​​ជញ្ជូន​ឥន្ធនៈ​ថ្មី​ដូចជា​អ៊ីដ្រូហ្ស៊ែ​ន​សម្រាប់​ប្រើប្រាស់​ក្នុង​យានយន្ត គឺ​នឹងត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ​ទៀត​។ បន្ថែម​ពីលើ​នេះ​ទៅទៀត​ក្រុមហ៊ុន​ថាមពល​កកើត​វិញ​ជាច្រើន​នៅ​ប្រឈម​នឹង​បញ្ហា​ប្រាក់ចំណេញ​នៅឡើយ ហើយ​រំពឹង​យ៉ាងខ្លាំង​លើ​ឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល​។​

​ឧបសគ្គ​ទាំងនេះ​រួមជាមួយ​សម្ពាធ​ពី​ការប្រែប្រួល​អាកាសធាតុ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​មួយចំនួន​ពិ​ចារ​ណា​ប្រើប្រាស់​មធ្យោបាយ​ដែល​ពួកគេ​មិន​ចង់​ធ្វើ​កាលពីមុន​។​

​អាល្លឺម៉ង់​បាន​និយាយថា ការ​បន្ត​ដំណើរការ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅសល់​ចំនួន​ ៣​ របស់ខ្លួន​ហួស​ឆ្នាំនេះ គឺ​ត្រូវ​ចំណាយ​ច្រើនពេក​។ ប៉ុន្តែ​ប្រភព​ថាមពលនុយក្លេអ៊ែរ​បាន​ឃើញ​មានការ​រស់​​ឡើងវិញ​នៅ​ប្រទេស​ផ្សេង​។​

​ចក្រភព​អង់គ្លេស និង​បារាំង បាន​និយាយថា ពួកគេ​កំពុង​គ្រោង​វិនិយោគ​លើ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អ៊ែរ​តូច​ជាង​មុន ដែល​អាច​ផលិត​ក្នុង​ចំនួន​ច្រើនជាង​មុន ដើម្បី​បំពេញ​ចន្លោះប្រហោង​នៃ​ការផ្គត់ផ្គង់​របស់ខ្លួន​។​

​ក្នុង​រយៈពេល​ខ្លី ភាគច្រើន​នៃ​អ្វីដែល​សហភាព​អឺរ៉ុប​កំពុង​ស្នើ​​ឡើង​ពាក់ព័ន្ធ​នឹង​ការប្ដូរ​ប្រភព​ផ្គត់ផ្គង់​ឥន្ធនៈ​ហ្វូ​ស៊ី​ល ជាពិសេស​ឧស្ម័ន​ធម្មជាតិ​ពី​ប្រទេស​រុស្ស៊ី​បែរ​ទៅរក​អ្នកផ្គត់ផ្គង់​ផ្សេងទៀត​ដូចជា​សហរដ្ឋអាមេរិក កាតា និង​អា​​ស៊ែ​បៃ​ហ្ស​ង់ ហើយ​បំពេញ​ឃ្លាំង​ស្តុក​ទុក​របស់ខ្លួន​ជា​បម្រុង​។ ហានិភ័យ​ធំ​បំផុត​នៃ​សកម្មភាព​របស់​អឺរ៉ុប គឺ​ការបង្កើន​តម្លៃបន្ថែម​ទៀត​ ដែល​ខ្ពស់ជាង​ឆ្នាំមុន​ប្រ​ហែល ៥ ដង​រួចទៅហើយ នៅក្នុង​ទីផ្សារ​ដែល​ការផ្គត់ផ្គង់​ខ្វះ​​ខាត​ដោយសារ​ក្រុមហ៊ុន​នានា​មានការ​ប្រុងប្រយ័ត្ន​ក្នុងកា​រវិ​និ​​យោគ​លើ​ប្រេងឥន្ធនៈ​ដែល​ពិភព​​លោក​ចង់​បញ្ចប់​ប្រើប្រាស់​។​

​ក្នុង​រយៈពេល​វែង​ជាង​នេះ អឺរ៉ុប និង​ចក្រភព​អង់គ្លេស​ហាក់ដូចជា​ចង់​ព​ន្លឿ​ន​ដំណើរការ​ឈានមុខ​គេ​លើ​ពិភពលោក​របស់​ពួកគេ​នៅក្នុង​វិស័យ​ថាមពល​កកើត​​ឡើងវិញ និង​ការខិតខំ​ប្រឹងប្រែង​ផ្សេងទៀត​ដើម្បី​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ បើទោះបីជា​ត្រូវមាន​ការចំណាយ​ដ៏​ច្រើន និង​ការរំខាន​ខ្លាំង​ក៏ដោយ​៕