សេតវិមាន​បាន​បង្ហាញ​សញ្ញា​ថា ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន​ មាន​បំណង​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​នៅ​សប្ដាហ៍​នេះ ខណៈ​ពេល​ដែល​ខ្លួន​និយាយ​ថា ​សង្គ្រាម​នៅ​ទឹកដី​អ៊ុយក្រែន «នឹង​មិន​បញ្ចប់​ដោយ​ងាយឬ​ឆាប់​រហ័ស​ឡើយ​»​។

ទីប្រឹក្សា​សន្តិសុខ​អាមេរិក​លោក​ជេក ស៊ួលីវ៉ាន់​ បាន​និយាយ​ថា ​លោក​ចូបៃដិន​គ្រោង​នឹង​ប្រកាស​វិធានការ​ទាំង​នេះ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ដែល​ចាប់​ផ្ដើម​នៅ​​ទីក្រុង​ប្រ៊ុចសែល​ដោយ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​គ្រោង​ជួប​ជា​មួយ​ដៃកូ​ណាតូនិង​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប​និង​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​អ្នក​មាន​ G7​។

លោក​ស៊ូលីវ៉ាន់​និយាយ​ថា​៖ «លោក​ប្រធានាធិបតី​នឹង​ចូល​រួម​ជា​មួយ​ដៃគូ​របស់​យើង​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ីហើយ​រឹត​បន្តឹង​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​ដើម្បី​បង្ក្រាប​ការ​គេចវេះ​និង​ធានា​ការ​អនុវត្ត​ដ៏​រឹងមាំ​»។បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​ស៊ូលីវ៉ាន់​បាន​បដិសេធ​មិន​បញ្ជាក់​ថា​វិធានការ​ដាក់​ទណ្ឌកម្ម​បន្ថែម​នឹង​រួមមាន​អ្វី​ខ្លះ​ទេ​។

យ៉ាង​ណា​មិញ​លោក​ស៊ូលីវ៉ាន់​និយាយ​ថា​ លោក​បៃដិន ​នឹង​ពិភាក្សា​អំពី​ការ​កែ​សម្រួល​រយៈ​ពេល​វែង​ចំពោះ​វត្តមាន​របស់​ណាតូ​នៅ​ក្នុង​ផ្នែក​ខាង​កើត​របស់​អឺរ៉ុបក៏​ដូចជា​សកម្មភាព​រួមគ្នា​លើ​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ក្នុង​តំបន់និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំចូល​ឧស្ម័ន​របស់​រុស្ស៊ី​។

លោក​បៃដិន​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ ដោយ​នៅ​ទី​នោះ​លោក​ជួប​សំណេះ​សំណាល​ជាមួយ​ទាហាន​អាមេរិកដែល​ដាក់​ពង្រាយ​ក្នុង​បេសកកម្ម​របស់​ណាតូ​៕