ប្រទេសរុស្ស៊ី កំពុ​ងកាត់បន្ថយសមត្ថភាព​បង្ហូរ​ប្រេង​​ដ៏​សំខាន់​ដែលបញ្ជូនប្រេងឆៅទៅកា​ន់ទី​ផ្សា​រ​ពិភព​លោក​ ដែ​ល​ជា​កត្តា​​ជំរុញ​ឱ្យតម្លៃឡើ​ងថ្លៃ និងបង្កើនការភ័យខ្លា​ច​ថាទីក្រុងម៉ូស្គូ ត្រូវ​បា​នរៀ​ប​ចំ​ឡើង ដើម្បី​សង​សឹកប្រ​ឆាំង​នឹង​ទណ្ឌកម្មរបស់លោកខាងលិច​ដោយ​គំរាម​គំហែង​លើ​ការ​ផ្គត់​ផ្គង់ថាម​ពល​របស់​ខ្លួ​ន​លើ​ពិភពលោក​។

អនុរដ្ឋមន្ត្រី​ថាមពលរបស់រុស្ស៊ី​បាននិយាយនៅក្នុងសេចក្តីថ្លែ​ង​កា​រណ៍មួយថាប្រេងរហូ​តដល់ ១ លាន​បារ៉ែល​ក្នុង ១​ ថ្ងៃ ដែ​លដឹកជញ្ជូនតាម​​បំពង់ Caspian Pipeline Consortium (CPC) ពី​អាស៊ី​កណ្តាល​ទៅ​កាន់​សមុ​ទ្រ​ខ្មៅ​អាចត្រូវបានកាត់បន្ថយរ​​ហូត​ដល់​២​ ខែ ខណៈពេល ដែលកា​រ​ជួ​ស​ជុល​ត្រូវ​បាន​ធ្វើឡើ​ងចំពោះ​កន្លែ​ង​ផ្ទុកដែលរងការខូចខាតដោយព្យុះ​​។នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ទីភ្នាក់ងារសារព័ត៌មា​ន​ Tass កាល​ពី​ថ្ងៃអ​ង្គារ​​។

ការផ្អាក​ការ​ផ្គត់ផ្គង់នេះកើតឡើ​ង​នៅ​មុនថ្ងៃ​នៃ​ដំណើរទស្សនកិច្ចរបស់ប្រធា​នា​ធិប​តី​អា​មេរិក លោក Joe Biden ទៅកាន់ទ្វីបអឺរ៉ុបដែលគេរំពឹងថា​ ​បណ្តាប្រទេ​សស​ហ​ភា​ព​អឺរ៉ុបនឹង​ពិភា​ក្សា​អំ​ពី​កា​រ​ដាក់​ទ​ណ្ឌ​កម្ម​លើ​វិស័យប្រេ​ង​របស់​រុស្ស៊ី​ជា​ការឆ្លើ​យត​ប​ទៅ​នឹងការឈ្លានពានរប​ស់ប្រ​ទេ​សអ៊ុ​យ​ក្រែន​ខណៈ​អាមេរិក​​ក៏​បាន​​ហាម​ប្រាម​​កា​រ​​នាំចូល​ប្រេង​ពី​រុស្ស៊ី​​រួច​​ហើយ​។

តម្លៃ​ប្រេង​អ​ន្តរជាតិបា​ន​កើនឡើងជាង ​២​ ភាគរយដល់ ១១៧ ដុល្លារ​ក្នុង​ ១​ បា​រ៉ែ​ល​ភ្លា​មៗបន្ទា​ប់​ពី​ការ​ប្រ​កា​ស​អំពីបំពង់បង្ហូរប្រេង​។

អ្នកវិភាគបាន​ចោ​ទជា​សំ​ណួ​រ​អំ​ពី​ពេលវេ​លា​នៃ​កា​រខូ​ច​ខា​ត​ដោយ​ព្យុះ ដែលបានរាយការណ៍ដោយ​សារ​តែគ្មា​ន​ដៃ​គូ​ខាងលិចរបស់បំពង់បង្ហូរប្រេងណា​​អាចត្រួតពិនិត្យគ្រឿងបរិក្ខារបាន​ទេ។

លោក Kevin Book នាយកគ្រប់គ្រងនៅក្រុមហ៊ុន ClearView Energy Partners ដែល​ជា​ក្រុម​ស្រាវ​ជ្រាវដែល​មាន​មូលដ្ឋាននៅទីក្រុង Washington បាននិ​យា​យថា៖ «ប្រសិនបើព្យុះបិ​ទហេដ្ឋារចនាសម្ព័ន្ធ​ឬ ប្រសិន​បើរុ​ស្ស៊ីបិទ​ហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីអាច​ស​ម្រេច​ចិ​ត្ត​ថា​គួរបើ​ក​​ឡើងវិញ​នៅពេល​ណា​បាន»។

បំពង់បង្ហូរ​ប្រេងមាន​ប្រវែង​ ១ ៥០០​ គីឡូ​ម៉ែត្រពីអណ្តូងប្រេង Tengiz ដ៏ធំនៅភាគខាងលិចប្រ​ទេ​សកា​ហ្សាក់​ស្ថាន​ទៅកា​ន់​កំព​ង់ផែ Novorossiysk នៅលើឆ្នេរសមុទ្រខ្មៅរបស់រុស្ស៊ីមាន​សមត្ថភាព​បំពង់​បង្ហូរ​ប្រេង​សរុប​ប្រហែល ២,៥ ភាគ​រយនៃពាណិជ្ជកម្មប្រេងសមុទ្រពិភពលោក​​និង​​មានចំនួនប្រហែល​ ២ ភាគ ៣​ នៃកា​រនាំចេញប្រេងរ​បស់កា​ហ្សាក់​ស្ថាន​ដែលធ្វើ​ឱ្យ​វាក្លា​យ​ជា​ស​រសៃ​ឈា​ម​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​រប​ស់ប្រ​ទេ​ស។

សេចក្តីថ្លែងការណ៍ចេញពី​គម្រោងដឹកជញ្ជូនប្រេងឆៅអន្តរជាតិធំៗ​ (CPC) បានឱ្យដឹង​ថា៖ «លក្ខខណ្ឌ​ទី​ផ្សារ​បច្ចុ​ប្បន្នជាការយោងជាក់ស្តែងចំពោះ​ការដាក់ទណ្ឌកម្មលោកខាងលិចនាពេ​ល​ថ្មី​ៗនេះ​ហើយ​វា​នឹង​ធ្វើ​ឱ្យ​វាពិបាកក្នុងការជួស​ជុ​ល​ផ្នែ​ក​ខ្លះនៃ​​ក​ន្លែ​ង​ផ្ទុក​កំ​ព​ង់​ផែ​​ដែល​ខូ​ច​ខា​ត​ក្នុង​អំ​​ឡុង​ពេលព្យុះ​នាពេ​ល​ថ្មីៗ​នេះ​ដែល​មាន​ន័​យថា​កា​រដឹកជញ្ជូនអាចត្រូវបាន​កា​ត់​ប​ន្ថយ២​ ភាគ ៣»​៕