​ប្រធានាធិបតី​ទុយ​នី​សុី លោក Kais Saied បាន​កាន់កាប់​អំណាច​ស្ទើរតែ​ទាំងស្រុង​ក្នុង​រយៈពេល ៨​ ខែ​ចុង​ក្រោយនេះ​ ដោយបាន​បណ្ដេញ​នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​រំ​សាយ និង​លុបចោល​អភ័យ​ឯក​សិ​ទិ្ធ​​សភា ចាប់ខ្លួន​អ្នកប្រឆាំង​គ្រប់គ្រង​ដោយ​ចេញ​ក្រឹត្យ​ហើយ​អះអាងថា ជា​បេសកកម្ម​ជួយសង្គ្រោះ​ប្រជាជន​ទុយ​នី​ស៊ី​ពី​ប្រព័ន្ធ​នយោបាយ​ពុករលួយ និង​សេដ្ឋកិច្ច​លិចលង់​។​

​ក្នុង​ខែកញ្ញា​ ឆ្នាំ​ ២០២១ ​មានការ​តវ៉ា​តាម​ដងផ្លូវ​ជា​បន្តបន្ទាប់​ធ្វើឱ្យ​លោក Saied ដាក់​ការបង្ក្រាប​កាន់តែ​ស៊ី​ជម្រៅ​ដោយ​ដាក់​ក្រឹត្យ​ប្រធានាធិបតី​ប្រវែង ២៣​ មាត្រា ​ដែល​ត្រូវបាន​គេ​

​ស្គាល់​ថា ជា​សេចក្តីសម្រេច​លេខ ១១៧ ក្នុង​ការព្យួរ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៤ ដោយមាន​ប្រសិទ្ធភាព​ភ្លាមៗ​ និង​ផ្ដល់​អំណាច​វិសាមញ្ញ​ដល់​គាត់​។​

​តាម​ទ្រឹស្ដី​ប្រធានាធិបតី ត្រូវតែ​ពិគ្រោះ​ជាមួយ​គណៈរដ្ឋមន្ត្រី​មុននឹង​អនុម័ត​ក្រឹត្យ​ណាមួយ ប៉ុន្តែ​នៅក្នុង​ការ​​អនុវត្ត​ក្រឹត្យ​នេះ​ គឺ​គ្មាន​ន័យ​ទេ​ព្រោះ​គាត់​ជា​អ្នក​ជ្រើសរើស​គណៈរដ្ឋមន្ត្រី​។ ការពង្រីក​អំណាច​រប​ស់​ប្រធានាធិបតី Saied បាន​រីក​រាលដាល​ដល់​ការ​​សម្រេចចិត្ត​កំណត់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិសេរីភាព​សារព័ត៌មាន​ផងដែរ​។​

​ការវិវឌ្ឍ​ទាំងនេះ ធ្វើឱ្យ​មានការ​​ពិបាក​ក្នុងការ​វាយតម្លៃថា ​តើ​អនាគត​ប្រទេស​ទុយ​នី​ស៊ី នឹង​កំពុង​ឆ្ពោះ​ទៅណា​ឱ្យ​ប្រាកដហើយ​ថា តើ​រដ្ឋធម្មនុញ្ញ​នឹងត្រូវ​ផ្លាស់ប្តូរ​បែបណា ច្បាប់បោះឆ្នោត នឹង​ទៅជា​យ៉ាងណា​ និង​ចុងក្រោយ​តើ​របប​ប្រធានាធិបតីនិយម​បែបណា ដែល​ប្រទេស​នេះ​នឹងត្រូវ​ប្រឈម​។​

​ទោះយ៉ាងណា ទីក្រុង​ទុយ​នី​ស​កំពុង​ឃើញ​ភាពចលាចល​ន​យោ​​បាយ ចាប់តាំងពី​វិធានការ​វិសាមញ្ញ​របស់​ប្រធានាធិបតី​ក្នុងការ​ដណ្ដើម​អំណាច​កា​លពី​ឆ្នាំមុន​។​

​នៅ​ដើមឆ្នាំ ​២០២២ លោក​បានប្រកាស​ធ្វើ​ប្រជាមតិ​ជាតិ ដែល​នឹង​ធ្វើឡើង​នៅ​ខែកក្កដា សម្រាប់​ការនាំយក​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​។ លោកក៏បាន​ប្រកាសថា​​ ការបោះឆ្នោត​ទូទៅ​នឹងត្រូវ​ធ្វើឡើង​តាម​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ចុងខែ​ធ្នូ​។​ទង្វើ​បែបនេះ ត្រូវបាន​គណបក្សនយោបាយ​ប្រឆាំង​និង​ក្រុម​សង្គម​​ស៊ីវិល​ជំទាស់​យ៉ាងខ្លាំង​។​

​កាលពី​ចុង​សប្តាហ៍​មុន ការតវ៉ា​ទាមទារ​ឱ្យ​លោក​ប្រធានាធិបតី Saied ចុះ​ចេញពី​តំណែង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​រដ្ឋធានី​ទុយ​នី​ស​។ ​ក្រុមអ្នកតវ៉ាក៏បាន​ច្រាន​ចោលការ​ស្ទង់​មតិ​តាម​អុី​ន​ធឺ​ណិ​ត ដែល​ផ្ដួចផ្ដើម​ដោយ​រដ្ឋាភិបាលបណ្ដោះអាសន្ន​បច្ចុប្បន្ន​ផងដែរ​។​

​កាលពី​ថ្ងៃ​សៅរ៍​ទី ១៩ ខែមីនា គណបក្សប្រឆាំង​ឆ្វេងនិយម​ដ៏​ធំ​មួយ គឺ​គណបក្ស​កម្មករ​ទុយ​នី​សុី បាន​រៀប​​ចំការ​ជួបជុំ​មួយ​នៅ​ផ្លូវ Habib Bourg uiba នៅ​កណ្ដាល​ក្រុង​ទុយ​នី​ស ដើម្បី​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​អភិ​បាល​ក្រុង​ក្នុងការ​ហាមឃាត់​សកម្ម​ភាព​បាតុកម្ម​នៅតាម​ដងផ្លូវ​។ ​ពួកគេ​ក៏បាន​ថ្កោលទោស​ទង្វើ​របស់លោក​ប្រធានាធិបតី Saied ក្នុងការ​បង្រួបបង្រួម​អំណាច​ផ្ដាច់ការ​និង​ការ​គ្រប់​គ្រង​លក្ខណៈ​បុគ្គល​។​

​កាលពី​ថ្ងៃអាទិត្យ​ ទី​ ២០ ខែមីនា មនុស្ស​ជាង ២​ ពាន់​នាក់ បាន​ដើរ​ដង្ហែ​នៅ​ជិត​អគារ​សភា​ទុយ​នី​សុី​។ ​ពួកគេបាន​លើក​ពាក្យស្លោក​ដូចជា «​ប្រជាជន​ចង់​ទម្លាក់​រដ្ឋប្រហារ​» «​ទម្លាក់​រដ្ឋប្រហារ​!» «​គ្មាន​ការពិគ្រោះ​យោបល់​» និង​ «​ប្រជាជន​ចង់​ទម្លាក់​ប្រធានាធិបតី​» ជាដើម​។​

​ប្រជាជន​មកពី​គ្រប់​មជ្ឈដ្ឋាន បាន​ចូលរួម​ក្នុងការ​តវ៉ា​ដែល​ត្រូវបាន​រៀប​​ចំ​រួមគ្នា ដោយ​គណបក្ស Ennahda ដែលជា​គណបក្ស​ដ៏​ធំ​បំផុត​នៅក្នុង​សភា និង​ក្រុម​ប្រជាពលរដ្ឋ​ប្រឆាំងនឹង​ការដណ្ដើម​អំណាច​របស់​លោក​ប្រធានាធិបតី Saied​។​

​វិធានការ​របស់លោក​ប្រធានាធិបតី ត្រូវបាន​ក្រុមប្រឆាំង​ក៏ដូចជា​សង្គម​​ស៊ីវិល​និង​ក្រុម​សិទ្ធិមនុស្ស​បរិហារ​ថា ​ជា «​អ​រដ្ឋ​ធម្មនុញ្ញភាព​» និង «​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​»​។ ​អ្នក​អត្ថាធិប្បាយ បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​ហា​និ​​ភ័យ​ដែល​ទុយ​នី​សុី នឹង​វិលត្រឡប់​​ទៅ​សម័យ​នៃ​ការគ្រប់គ្រង​ដោយ​​បុគ្គល​ផ្តាច់ការ​ដូចជា​នៅក្រោម​អតីត​ប្រធានាធិបតី Zine El Abidine Ben Ali ដែល​ត្រូវបាន​ទម្លាក់ បន្ទាប់ពី​បដិវត្តន៍ទុយ​នី​សុី​ឆ្នាំ ​២០១១​។ ការ​​តវ៉ា​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ ក៏​នឹង​ថ្ងៃ​អបអរសាទរ​រំឭក​ខួប​លើក​ទី​៦៦ នៃ​ថ្ងៃ​ឯករាជ្យ​របស់​ទុយ​នី​សុី​ផងដែរ​។​

​ការស្ទង់មតិ​ពិគ្រោះ​យោបល់​តាម​​អុី​ន​ធឺ​ណិ​តបាន​បង្ហាញថា មានតែ​មនុស្ស​ ៥០៨ ពាន់​នាក់​ប៉ុណ្ណោះ ក្នុង​​ចំណោម​ប្រជាជន ១២​ លាន​នាក់ ដែល​នឹងចូលរួម​បោះឆ្នោត​។ ការ​​ទាមទារត្រូវបាន​ធ្វើឡើង​ដើម្បី​រៀប​​ចំការ​បោះឆ្នោត​ជ្រើសរើស​ប្រ​ធានា​​ធិបតី និង​សភា​ភ្លាមៗ ហើយ​ត្រឡប់​ទៅគ្រប់​គ្រង​តាមបែប​ប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ​នៅក្នុង​ប្រទេស​វិញ​។​

​គួរបញ្ជាក់​ផងដែរ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ទុយ​នី​សុី បាន​រងទុក្ខវេទនា​ជាច្រើន​ឆ្នាំ​នៃ​ការគ្រប់គ្រង​ផ្ដាច់ការ ការ​​ប៉ះទង្គិច​ផ្នែក​នយោបាយ ហើយ​ឥឡូវនេះ​វិបត្តិ​កូ​វីដ ​១៩​។ ភាព​អត់​ការងារ​ធ្វើ និង​ភាពក្រីក្រ កំពុង​កើនឡើង​​រួម​ជាមួយនឹង​កង្វះខាត​យ៉ាង​ទូលំ​​ទូលាយ​នៃ​អាហារ​សំខាន់ៗ​ និង​ទំនិញ​ផ្សេងៗ​ទៀត​។​

​រដ្ឋាភិបាល​បន្តបន្ទាប់​គ្នា​ក្នុង​ប្រទេស​នេះ បាន​ព្យាយាម​ចរចា​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​ម្ចាស់​​ជំនួយ​សម្រាប់​កញ្ចប់​ស​ង្គ្រោះ​ហិរញ្ញវត្ថុ ដើម្បី​ជួយ​សម្រួល​ដល់​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ទុយ​នី​សុី​៕