​កាលពី​ថ្ងៃ​ពុធ ប្រទេស​ប៉ូឡូញ​ បាន​បញ្ជា​ឱ្យ​បណ្ដេញ​ជនជាតិ​រុស្ស៊ី​ចំនួន ​៤៥ ​នាក់ ​ដែល​រដ្ឋាភិបាល​សង្ស័យថា ​ជា​មន្ត្រី​ទី​ភ្នា​ក់​ចារកម្ម​ដោយបាន​ប្រើប្រាស់​ឋានៈ​ជា​មន្ត្រីការទូត​ ដើម្បី​បិទបាំង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ប៉ូឡូញ​។​

​ទីភ្នាក់ងារ​សន្តិសុខ​ផ្ទៃក្នុង​របស់ ប្រទេស​ប៉ូឡូញ បាន​និយាយថា ខ្លួន​បានស្នើ​សុំឱ្យ​ក្រសួងការបរទេស​ដក​ជនជាតិ​រុស្ស៊ី​ទាំងនេះ​ជាបន្ទាន់ ​ដែល​ត្រូវបាន​ពិពណ៌នា​ថា ជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​រប​ស់​ប្រទេស​ប៉ូឡូញ​។​

​លោក Stanislaw Zaryn អ្នក​នាំពាក្យ​ភ្នាក់ងារ​សន្តិសុខ​ប៉ូឡូញ​បាន​និយាយថា​៖ «​មនុស្ស​ទាំងនេះហើយ​ដែល​បានធ្វើ​ប្រតិបត្តិការ​ដោយ​ប្រើ​ឋានៈ​ការទូត​របស់​ពួកគេ ប៉ុន្តែ​តាមពិត​ធ្វើ​សកម្មភាព​ចារកម្ម​ប្រឆាំងនឹង​ប៉ូឡូញ​»​។​

​ក្រសួងការបរទេស​ប្រទេស​នេះ​ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Sergei Andreev និង​ផ្ដល់​លិខិត​ជូនដំណឹង​មួយ​ឱ្យ​លោក​ស្ដីអំពី​ការបណ្ដេញ​បុគ្គលិក​ ៤៥ ​នាក់ នៃ​ស្ថានទូត និង​បេសកកម្ម​ពា​​ណិ​ជ្ជ​កម្ម​របស់​រុស្ស៊ី​ទៅកាន់​ប្រទេស​ប៉ូឡូញ​។​

​លោក Andreev មិនមែនជា​មនុស្ស​ម្នាក់​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​បណ្តេញចេញ​នោះទេ​ ហើយ​លោក​ក៏បាន​រិះគន់​ការសម្រេចចិត្ត​នេះ​ដោយ​ប្រាប់​អ្នក​សារ​​ព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​ថា អ្នកដែល​ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​ប៉ូឡូញ​កំពុង​អនុវត្ត​សកម្ម​​ភាព​ការទូត និង​ពាណិជ្ជកម្ម​ធម្មតា​។​ លោកបាន​និយាយថា រុស្ស៊ី​មាន​សិទ្ធិ​ឆ្លើយតប​តាម​មូលដ្ឋាន​ទៅវិញទៅមក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ប៉ូឡូញ​លោក Lukasz Jasina ​បាន​និយាយថា ជនជាតិ​រុស្ស៊ី​ទាំងនេះ​ត្រូវបាន​ផ្ដល់​ពេល ៧ ​ថ្ងៃ ដើម្បី​ចាក​​ចេញពី​ប្រទេស​លើកលែងតែ​បុរស​ម្នាក់​ ដែល​ត្រូវ​ចាកចេញ​ក្នុង​រយៈ​​ពេល ​៤៨ ម៉ោង ដោយសារ​គាត់​អាច​បង្ក​គ្រោះថ្នាក់​ជាងគេ​។ លោក Jasina មិនបាន​បញ្ជាក់ថា ហេតុអ្វី​បានជា​បុគ្គល​ទាំងនេះ​រង​ការ​ចោទ​​ប្រកាន់​ចារកម្ម​ទេ ប៉ុន្តែ​បន្ត​និយាយថា ​ពួកគេ​បង្ក​ហានិភ័យ​ដល់​សន្តិ​សុខ​ប៉ូឡូញ​៕

វីដេអូ៖