កាល​ពី​ថ្ងៃ​ពុធ ទី ​២៣ ខែមីនា​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក​ អាន់តូនី ប្ល៊ីនកែន​ បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​បាន​វាយតម្លៃ​ថា​ កង​កម្លាំង​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន​ ហើយ​នឹង​ធ្វើ​ការ​ដើម្បី​ពួកគេ​ទទួល​ខុស​ត្រូវ​កំហុស​។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​លោក​ ប្លីនកែន ​និយាយ​ថា​៖ «ថ្ងៃ​នេះ ខ្ញុំ​អាច​ប្រកាស​ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​មាន​នា​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​សហរដ្ឋអាមេរិក​វាយ​តម្លៃ​ថា សមាជិក​នៃ​កង​កម្លាំង​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន​»។

លោក​ប្ល៊ីនកែន​ បាន​លើក​ឡើង​អំពី​របាយការណ៍​ឧប្បត្តិហេតុ​ជា​ច្រើន​នៅ​ក្រុង​ម៉ារីអូប៉ូល​ ដូច​ជា​ការ​ទម្លាក់​គ្រាប់​បែក​លើ​មន្ទីរ​សម្ភព​ និង​ការ​វាយ​ប្រហារ​លើ​សាល​មហោស្រព​ ដែល​ជា​កន្លែង​ជ្រក​កោណ​ជន​ស៊ីវិល ដែល​មាន​ការ​សរសេរ​នៅ​ខាង​យ៉ាង​ច្បាស់​នៅ​ពីខាង​ក្រៅ​ថា​ «កុមារ»​។

លោក​ចោទ​ប្រកាន់​រុស្ស៊ី​ថា បាន​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ឃោរឃៅ​ ដូច​ក្នុង​ការ​កម្ទេច​ក្រុង​ហ្គ្រូហ្សីនី ឆេឆិនី​ និង​ក្រុង​អាលេប៉ូ ប្រទេស​ស៊ីរី​ ដើម្បី​ «បំបែក​ឆន្ទៈ​របស់​ប្រជាជន»​។

ការ​លើក​ឡើង​របស់​លោក ប្ល៊ីនកែន​ បែបនេះបាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ក្រសួង​ការពារ​ជាតិ​អាមេរិក​និយាយ​ថា ​ពួកគេ​បាន​ឃើញ «ភ័ស្តុតាង​យ៉ាង​ច្បាស់​ថា​ ក្នុង​រយៈ​ពេល ១ ​សប្ដាហ៍​ចុង​ក្រោយ​នេះ​ រុស្ស៊ី​បាន​កំណត់​គោលដៅ​ដោយ​ចេតនា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​។

លោក ​ប្ល៊ីនកែន និង​លោក​ប្រធានាធិបតី​ ចូ បៃដិន​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ប្រ៊ុចសែល ​ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​អង្គការ​ណាតូ​។ អគ្គលេខាធិការ​អង្គការ​ណាតូ លោក​ជេន ស្តូលតេនប៊ឺក​ និយាយ​ថា ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ វ៉ុឡូឌីមៀរ ហ្សេលេ​ស្គី ​គ្រោង​ថ្លែង​សុន្ទរកថា​នៅ​កិច្ចប្រជុំ​នេះ​៕