អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ម៉ូស្គូ​ កាល​ពី​ថ្ងៃពុធ បាន​ទទួល​បញ្ជី​ឈ្មោះ​អ្នក​ការទូត​របស់​ខ្លួនដែល​ត្រូវ​បាន​ប្រកាស​ថា ​ជា​ជន​មិន​​ត្រូវ​បាន​ស្វាគមន៍​ (persona non grata)​ នៅ​ក្នុង​អ្វីដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រុស្ស៊ីបាន​និយាយ​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក ដែល​បណ្ដេញ​បុគ្គលិក​ការទូត​រុស្ស៊ី​នៅ​អង្គការ​សហ​ប្រជាជាតិ​។

ក្រុង​វ៉ាស៊ីនតោន​ កាល​ពី​ខែមុន​បាន​និយាយ​ថា ខ្លួន​កំពុង​បណ្ដេញ​អ្នក​ការ​ទូត​រុស្ស៊ី​ ១២ នាក់ នៅ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​ ជុំវិញ​បញ្ហា​សន្តិសុខ​ជាតិ​ ហើយ​ក្រោយ​មក​បាន​ប្រកាស​ថា ​ខ្លួន​នឹង​បណ្ដេញ​ជន​ជាតិ​រុស្ស៊ី​បន្ថែម​​​នៅ​អង្គការ​សហ​ប្រជាជាតិ ដែល​ខ្លួន​បាន​និយាយ​ថា ជា​ភ្នាក់ងារ​ចារកម្ម​។

ទីភ្នាក់ងារ​ព័ត៌មាន​ Interfax បាន​និយាយ​ថា​ ប្រទេស​រុស្ស៊ី ដែល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ​​បាន​ប្រាប់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃពុធថា ខ្លួន​នឹង​បណ្ដេញ​អ្នក​ការទូត​អាមេរិក​មួយ​ចំនួន ដើម្បី​​ឆ្លើយ​​តប​​នឹង​ការ​បណ្ដេញ​ចេញ​បុគ្គលិក​រុស្ស៊ី​នៅ​អង្គការ​សហប្រជាជាតិ​​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​មួយ​រូប​បាន​និយាយ​ថា៖​​ «យើង​អាច​បញ្ជាក់​បាន​ថា ស្ថានទូត​អាមេរិកបាន​ទទួល​បញ្ជី​អ្នក​ការទូតដែល​បាន​ប្រកាស​ថា ជា​ជន​មិន​​ត្រូវ​បាន​ស្វាគមន៍​ពី​ក្រសួង​ការបរទេស​រុស្ស៊ី​នៅ​ថ្ងៃ​ទី ​​២៣ ខែមី​នា»​។

អ្នកនាំពាក្យ​នេះ​បាន​និយាយ​ថា៖​ «​នេះ​ គឺ​ជា​ជំហានដែល​មិន​មាន​ប្រយោជន៍ និង​គ្មាន​ផលិតភាព​ចុងក្រោយ​បង្អស់​​របស់​រុស្ស៊ី​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង​។ ឥឡូវនេះ វា​កាន់​តែ​មាន​សារៈសំខាន់​​ដែល​ប្រទេស​របស់​យើង​មាន​បុគ្គលិក​ការទូត​ចាំ​បាច់​សម្រាប់​ជួយ​សម្រួល​ដល់​ការ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​របស់​យើង​»។​

ទាំង​អ្នកនាំ​ពាក្យ និង​ទីភ្នាក់ងារ​ព័ត៌មាន​ Interfax មិន​បាន​បញ្ជាក់​ពី​ចំនួន​មនុស្សដែល​រង​ផល​ប៉ះពាល់ ​ឬ ពេលណាដែល​ពួកគេ​នឹង​ត្រូវ​ចាក​ចេញ​នោះ​ទេ៕

វីដេអូ៖