​ក្នុង​របាយការណ៍​មួយទី​ភ្នាក់ងារ​ចារកម្ម​អាមេរិក CIA បាន​សរសេរ​ក្នុង​ភាសា​ចំៗ​ថា គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ប្រវែង​ជាង ៥ ៥០០ ​គីឡូម៉ែត្រ​មួយ ​ចេញពី​តំបន់​ស៊ី​បេ​រី​មកកាន់​ប្រទេស​អាល្លឺម៉ង់់ គឺជា​ការគំរាមកំហែង​ដោយផ្ទាល់​ចំពោះ​អនាគត​​នៃ​អឺរ៉ុប​ខាងលិច ដែល​នឹង​បង្កើត «​ផលប៉ះពាល់​យ៉ាង​​ធ្ងន់ធ្ងរ​» ដោយសារ​ការពឹងផ្អែក​ដ៏​គ្រោះ​ថ្នាក់លើ​ឥន្ធនៈ​របស់​​រុស្ស៊ី​។​

​ប៉ុន្តែ​របាយការណ៍​នេះ គឺ​មិនមាន​ជាការ​ផ្ដល់​អនុសាសន៍​ជូន​លោក​ប្រធានាធិបតី ​ចូ បៃ​ដិ​ន សព្វថ្ងៃ​ទេ វា​គឺជា​ការ​​ផ្ដល់​អនុសាសន៍​ដល់​លោក​ប្រធានាធិបតី​ រ៉ូ​ណា​ល់ រី​ហ្គែ​ន​ កាលពី​ជាង ៤០ ឆ្នាំមុន​ឯ​ណោះ​។​

​របាយការណ៍​នេះ ហាក់ដូចជា​ផ្ដល់​ទំនាយ​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើតឡើង​នៅពេល​អនាគត​។ អ្នកវិភាគ​និយាយថា បំពង់​បង្ហូរ​សម័យ​សហភាពសូវៀត​នេះ រួម​ជា​មួយ​ការថយចុះ​នៃ​កំណប់ និង​ផលិតកម្ម​ឧស្ម័ន​នៅ​អឺរ៉ុប គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ការពឹងផ្អែក​យ៉ាងខ្លាំង​របស់​អឺរ៉ុប​ទៅលើ​ការ​​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី ដើម្បី​ផ្ដល់​កម្ដៅ​ទៅ​គេហដ្ឋាន និង​ផ្ដល់​ថាមពល​ឱ្យ​ឧស្សា​ហ​កម្ម​របស់ខ្លួន​។ ឥឡូវនេះ​ការ​​ពឹងផ្អែក​នេះ បានផ្ដល់​ចំណូល​សម្រាប់​ទ្រទ្រង់​ការ​លុកលុយ​របស់​រុស្ស៊ី​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​នៅក្នុង​ឆ្នាំ​ ១៩៨១ លោ​ក រី​ហ្គែ​ន ​បាន​ព្យាយាម​ដាក់​ទណ្ឌ​កម្ម ដើម្បី​រារាំង​ការសាងសង់​បំពង់​របស់​សហភាពសូវៀត ដែល​រចនា​ឡើង ដើម្បី​ដឹក​ជញ្ជូន​ឧស្ម័ន​ក្នុង​បរិមាណ​ដ៏​ធំ​មកកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច​។ ប៉ុន្តែ​លោក​រី​ហ្គែ​ន​បាន​ប្រឈមមុខ​នឹង​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា មិន​ត្រឹមតែ​មកពី​វិមាន​ក្រឹម​ឡាំង និង​អឺរ៉ុប ដែល​ចង់បាន​ប្រភព​ឧស្ម័ន​ថោក ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ប្រឈម​​នឹង​ការប្រឆាំង​ពី​ក្រុម​បញ្ចុះ​បញ្ចូល (Lobbyist) ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ប្រទេស​របស់លោក គឺ​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​អាមេរិក ដែល​ចង់​ទទួល​ប្រាក់ចំណេញ​ពី​កំណប់​ឧស្ម័ន​ដ៏​ធំ​របស់​រុស្ស៊ី​។​

​ក្នុង​យុទ្ធនាការ​បញ្ចុះបញ្ចូល និង​ទំនាក់ទំនង​សាធារណៈ ដែល​រួមមាន​ការចេញ​អត្ថបទ​វិចារណកថា​នៅតាម​កាសែត​នានា ការបញ្ចុះ​បញ្ចូល​សមា​​ជិ​ក​សភា និង​ការព្យាយាម​បញ្ចុះបញ្ចូល​សេត​វិមាន​ដោយផ្ទាល់ ក្រុមហ៊ុន​ទាំងនេះ​បាន​ព្យាយាម​រារាំង​ការដាក់​ទណ្ឌ​​កម្ម​របស់លោក​រី​ហ្គែ​ន​។​

​យុទ្ធនាការ​នេះ​បង្ហាញ​អំពី​ភាព​លោភលន់​របស់​ក្រុមហ៊ុន​អាមេរិក ដោយ​មិន​គិត​អំពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​។ ដោយ​ប្រឈមមុខ​នឹង​ការ​​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស លោ​ក រី​ហ្គែ​ន ​នៅ​ឆ្នាំ ​១៩៨២ បាន​ដក​ទណ្ឌកម្ម​ទាំងអស់​ដែល​រារាំង​ក្រុមហ៊ុន​អា​មេ​រិ​ក​មិនឱ្យ​ផ្គត់ផ្គង់ ឬ​ចូលរួម​ក្នុង​គម្រោង​នេះ​។ នៅ​ឆ្នាំ ១៩៨៤ បំពង់​បង្ហូរ​ឧស្ម័ន​ពី​ស៊ី​បេ​រី មកកាន់​អាល្លឺម៉ង់ បាន​ចាប់​ផ្ដើម​ដំណើរការ​។​

​ការចូលរួម​តាំងពីដើម​របស់​ក្រុមហ៊ុន​អាមេរិក​ក្នុង​គម្រោង​បំពង់​ឧស្ម័ន​ស៊ី​បេ​រី បាន​ចាប់​​ផ្ដើម​ដំណើរការ​ឈានចូល​រប​ស់​ពួកគេ​ទៅក្នុង​វិស័យ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​របស់​រុស្ស៊ី​។ នៅពេល​ដួលរលំ​សហភាពសូវៀត និង​ការបើក​ទំនាក់ទំនង​រវាង​លោកខាងលិច និង​លោក​ខាងកើត ក្រុមហ៊ុន​នានា​បានចាប់ផ្ដើម​គម្រោង​បណ្ដាក់ទុន​រួមគ្នា ​ដើម្បី​អភិវឌ្ឍ​វិស័យ​ឥន្ធន​ហ្វូ​ស៊ី​ល​របស់​រុស្ស៊ី​។​

​ក្នុង​រយៈពេល ៤០ ឆ្នាំ​បន្ទាប់ពី​គម្រោង​បំពង់​ដំបូង ដោយមាន​ការឆ្លងកាត់​ការធ្លាក់ចុះ​ផលិតកម្ម​នៅ​អឺរ៉ុប និង​ការ​ងាក​ចេញពី​ប្រើប្រាស់​ធ្យូងថ្ម និង​នុយក្លេអ៊ែរ មានការ​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​បន្ត​បន្ទាប់ពី​រុស្ស៊ី​មកកាន់​អឺរ៉ុប​ជាច្រើន​ខ្សែ​ទៀត ដែល​បង្កើតជា​បណ្ដាញ​ដ៏​ធំ​មួយ ដែល​ផ្គត់ផ្គង់​ជាង ៤០ ភាគរយ​នៃ​តម្រូវការ​ឧស្ម័ន​របស់​ទ្វីប​នេះ​។​

​អ្នកវិភាគ​ជាច្រើន​បាន​និ​យាយ​ថា ការពឹងផ្អែក​ដ៏​ខ្លាំង​បែបនេះ បាន​បង្កើន​ឥទ្ធិពល​របស់​រុស្ស៊ី​លើ​ទ្វីបអឺរ៉ុប​។ ជា​ឧទាហរណ៍ គេ​ជារឿយៗ បាន​ចង្អុល​ទៅ​ឆ្នាំ ​២០០៩ នៅពេលដែល​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​មាន​ជម្លោះ​ការទូត​មួយ ដែល​ឈានដល់​រុស្ស៊ី​បិទ​ការផ្គត់ផ្គង់​ឧស្ម័ន​តាមរយៈ​បំពង់​ដែល​ឆ្លងកាត់​ប្រទេស​អ៊ុយ​ក្រែ​ន ធ្វើឱ្យ​ប៉ះ​​ពាល់​អឺរ៉ុប​យ៉ាងខ្លាំង​នៅ​ចំ​​កណ្ដាល​រដូវរងា​។ គេហដ្ឋាន​ជាច្រើន​នៅ​ប្រទេស​ប៉ូឡូញ ​បាន​បាត់បង់​ប្រភព​កម្ដៅ ហើយមនុស្ស​រាប់សិប​នាក់​បាន​បាត់​​បង់ជីវិត​ដោយសារ​កម្ដៅ​ធ្លាក់​ចុះ​ខ្លាំងពេក​៕