ជំនួប​កំពូល​កាលពីដើម​ខែកុម្ភៈ រវាង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​សម​ភាគី​ចិន​លោក ស៊ី ជីន​ភីង ​ក្នុងអំឡុង​ព្រឹត្តិការណ៍​កីឡា​​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង ឆ្នាំ​ ២០២២ កើតឡើង​ចំពេល​រុស្ស៊ី កំពុងមាន​វិបត្តិ​ទំនាក់ទំនង​ជាមួយ​លោកខាងលិច​។ បន្ទាប់ពី​ជំនួប​នេះ ពួកគេ​បានប្រកាសថា ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំង ​២ ​គឺ «​គ្មាន​ដែន​កំណត់​»​។ តើ​កិច្ចសហប្រតិបត្តិការ​ស្អិតល្មួត​រវាង​រុស្ស៊ី និង​ចិន ពិតជា​គ្មាន​ព្រំដែន​កំណត់​ឬ​យ៉ាងណា​?

​ជំនួប​កំពូល​ខាងលើនេះ បាន​គូស​​បញ្ជាក់​ពី​បំណង​រួម​ក្នុងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​ស៊ីជម្រៅ ដោយ​ផ្ដោតលើ​ភូមិសាស្ត្រ​ន​យោ​​បាយ និង​ថាមពល​។​

ចិន​បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ​របស់​រុស្ស៊ី​ជាមួយ​អង្គការ​ណា​តូ ប៉ុន្តែ​មិនមាន​ឃើញ​ជា​វិធានការ​ណា​បន្ថែម​ធ្វើឡើង​ ដើម្បី​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​ទាំងនេះ​ទេ​។​

​ប្រទេស​ចិន បាន​សម្ដែង​ការ​យល់ស្រប​ចំពោះ​គោលនយោបាយ​របស់​ទីក្រុង​ម៉ូស្គូ ​ចំពោះ​អង្គការ​ណា​តូ និង​លោកខាងលិច ដោយសារតែ​ប្រទេស​ទាំង​ ២​ មាន​ក្ដី​ព្រួយបារម្ភ​រួមគ្នា​មួយ គឺ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​។​

​សេចក្ដីថ្លែងការណ៍​រួម​រុស្ស៊ី​-​ចិន បានប្រកាសថា ទំនាក់ទំនង​ប្រទេស​ទាំង​ ២ លើសពី​សម្ព័ន្ធភាព​ទៅទៀត​ហើយ​កិច្ចសហប្រតិបត្តិការ​នេះ ​មិនមាន​ព្រំដែន​ទេ​។ រដ្ឋ​ទាំង ​២ បានបង្ហាញ​ការគាំទ្រ​ផ្នែក​ការទូត និង​នយោបាយ​សម្រាប់​គ្នា​ទៅវិញ​ទៅ​​មក ​ដើម្បី​ពង្រីក​ជំហរ​អន្តរជាតិ​របស់​ពួកគេ​ប្រឆាំងនឹង​ភាពចលាចល​សកល និង​ក្នុង​តំបន់​។ កិច្ចប្រជុំ​កំពូល​បង្ហាញ​ពី​ការបង្កើន​តុល្យភាព និង​ភាពស្មើគ្នា​រវាង​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ជំហាន​នេះ បានធ្វើឱ្យ​មានការ​ផ្លាស់​ប្ដូរ​យ៉ាងខ្លាំង​នៅក្នុង​ទំនាក់ទំនង​ប្រទេស​ទាំង ​២​។​

​សេចក្ដីថ្លែងការណ៍​ថ្មីៗ​នេះ បាន​និយាយថា ចិន​បាន​ឈរជើង​ជាមួយ​ជំហរ​របស់​រុស្ស៊ី​ប្រឆាំងនឹង​ការពង្រីក​អង្គការ​ណា​តូ​។ ប្រទេស​ចិន ​គោរព និង​គាំទ្រ​សំណើ​របស់​រុស្ស៊ី​សម្រាប់​ការធានា​សន្តិសុខ​រយៈពេល​វែង​ស្របច្បាប់​នៅក្នុង​ទ្វីបអឺរ៉ុប​។​

​ជាជាង​ការចូល​ទៅក្នុង​សម្ព័ន្ធភាព​យោធា​ពេញលេញ​ទីក្រុង​ម៉ូស្គូ និង​ប៉េកាំង ទំនង​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​របស់​ពួកគេ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អន្តរ​ប្រតិបត្តិការ ដោយ​គ្មាន​កាតព្វកិច្ច​ផ្លូវការ​ណាមួយ​ឡើយ​។ រុស្ស៊ី​មិន​ចង់​ចូលរួម​ក្នុង​ជម្លោះ​ជាច្រើន​របស់​ចិន​នៅ​អាស៊ី​ទេ ​ហើយ​ចូលចិត្ត​រក្សា​ជំហរ​អព្យាក្រឹត​។ ​ដូចគ្នា​ដែរ ចំពោះ​ជម្លោះ​របស់​ចិន និង​រុស្ស៊ី ជាមួយ​អង្គការ​​ណា​តូ ទីក្រុង​ប៉េកាំង​ផ្ដល់​តម្លៃ​ដល់​កិច្ច​​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយ​អឺរ៉ុប និង​អាមេរិក ហើយ​គ្មាន​បំណង​ចង់​ជាប់​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​ទេ​។​

​វិបត្តិ​យោធា​នៅ​អ៊ុយ​ក្រែ​ន​ធ្វើឱ្យ​ចិន​ស្ថិតក្នុង​ស្ថានភាព​លំបាក ខណៈដែល​ខ្លួន​ព្យាយាម​ចៀសវាង​ទាំង​ការ​​យល់ព្រម​ឬ​ថ្កោលទោស​សកម្មភាព​របស់​ទីក្រុង​ម៉ូស្គូ​ ដោយ​បញ្ជាក់​ពី​ដំណោះស្រាយ​ដោយ​សន្តិវិធី ទាំង​​ការបដិសេធ​មិន​រិះគន់​រុស្ស៊ី​ ឬ​ហៅ​សកម្មភាព​របស់​ប្រទេស​នេះ​ថា​ ​ជាការ​ឈ្លានពាន ទាំង​ការប្រឆាំង​ទណ្ឌកម្ម​របស់លោក​ខាងលិច និង​បន្ទោស​សហរដ្ឋអាមេរិក​ចំពោះ​ការ​​បរាជ័យ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង Minsk​។​

​សេចក្តីថ្លែងការណ៍​ទាំងនេះ​តំណាងឱ្យ​ការយល់ដឹង​របស់​ចិន​ចំពោះសកម្មភាព​របស់​រុស្ស៊ី ប៉ុន្តែ​មិនមែនជា​សញ្ញា​នៃ​ការគាំទ្រ​ដោយផ្ទាល់ ឬអ្វីផ្សេងទៀត​ក្រៅពី​សុច្ឆន្ទៈ​ការទូត​នោះទេ​។ វា​នៅតែ​ត្រូវបាន​គេ​មើលឃើញថា តើ​ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច ប៉ុន្មាន​ដែល​ចិន​នឹងមាន​ឆន្ទៈ​ក្នុង​ការផ្តល់ ឱ្យ​រុស្ស៊ី និង​របៀប​ដែល​វា​នឹង​ដោះ​​ស្រាយ​ជាមួយ​អង្គភាព​រុស្ស៊ី​ក្រោម​ការ​​ដាក់ ទណ្ឌកម្ម​របស់​អាមេរិក និង​អឺរ៉ុប ដោយ​ពិចារណា​លើ​សារៈសំខាន់​ដ៏​ធំ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយ​លោកខាងលិច និង​ការ​ប្រឈម​នៃ​ទណ្ឌកម្ម​បន្ទាប់បន្សំ​ដែល​ខ្លួន​តែង​ចៀសវាង​៕

វីដេអូ៖