
លោក ចូ បៃដិន ថ្លែងអំពីសង្គ្រាមរុស្ស៊ីនៅ អ៊ុយក្រែននៅទីក្រុងវ៉ាសូវី កាលពីថ្ងៃទី ២៦ មីនា។ រូបថត AFP
កាលពីថ្ងៃសៅរ៍ ទី ២៦ មីនា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន «មិនអាចបន្តកាន់អំណាចបានទេ» ហើយប្រកាសថា ការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន «ការបរាជ័យជាយុទ្ធសាស្ត្រ» ខណៈដែលលោកប្ដេជ្ញាបន្តផ្ដល់ជំនួយឱ្យអ៊ុយក្រែន។
ក្នុងការថ្លែងសុន្ទរកថា នៅក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ លោក បៃដិន បាននិយាយថា៖ «សម្រាប់ជាប្រយោជន៍របស់ព្រះ បុរសនេះ មិនអាចបន្តកាន់អំណាចបានទេ»។
នេះគឺហាក់បីដូចជាលើកដំបូងដែលលោក បៃដិន បានទាមទារយ៉ាងច្បាស់ឱ្យមានការដកលោក ពូទីន ចេញពីអំណាច ហើយផ្ទុយស្រឡះពីការលើកឡើងមុនៗរបស់សេតវិមាន ដែលបានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូររបបដឹកនាំរុស្ស៊ី គឺមិនមែនគោលនយោបាយរបស់សហរដ្ឋអាមេរិកទេ។ ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់លោក បៃដិន សេតវិមានបានច្រានចោលថា លោក បៃដិន មិនទាមទារឱ្យមានការផ្លាស់ប្ដូររបបទេ។
មន្ត្រីសេតវិមាន ១ រូបបាននិយាយថា៖ «ចំណុចគោលរបស់លោកប្រធានាធិបតីគឺថា លោក ពូទីន គឺមិនអាចអនុញ្ញាតប្រើអំណាចលើប្រទេសជិតខាង ឬតំបន់ទេ។ លោកមិនបានពិភាក្សាអំពីអំណាចលោក ពូទីន នៅក្នុងរុស្ស៊ី ឬការផ្លាស់ប្ដូររបបនោះទេ»។
យ៉ាងណាមិញ ការលើកឡើងបែបនេះ បានធ្វើឡើងនៅផ្នែកចុងក្រោយនៃការថ្លែងសុន្ទរកថាមួយដែលលោក បៃដិន ព្យាយាមសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពរួម ដោយគូសបញ្ជាក់ទាំងជំនួយផ្ដល់ឱ្យអ៊ុយក្រែន និងការដាក់ទណ្ឌកម្មដែលបានវាយលុកសេដ្ឋកិច្ចរុស្ស៊ី ដែលបានធ្វើឱ្យប្រាក់រូប្លិ៍ក្លាយជាកម្ទេច «Ruble into Rubble»។ លោក បៃដិន ក៏បាននិយាយផងដែរថា «សង្គ្រាមនេះ គឺជាការបរាជ័យជាយុទ្ធសាស្ត្រសម្រាប់ប្រទេសរុស្ស៊ី រួចទៅហើយ» ដោយអះអាងថា លោក ពូទីន បានគិតថា ប្រជាជនអ៊ុយក្រែន «នឹងរាថយ ហើយមិនតដៃ»៕
វីដេអូ៖