ប្រធានាធិបតី Pedro Castillo កាលពី​ថ្ងៃ​ចន្ទ បាន​អបអរសាទរ​ការ​ឡើងកាន់តំណែង​រយៈពេល​ ៨ ​ខែ ក្នុងនាម​ជា​ប្រមុខរដ្ឋ​នៃ​ប្រទេស​ប៉េ​រូ យ៉ាងណាមិញ​នៅពេល​គម្រប់​ខួប​នេះ​សំឡេង​សភា​ភាគច្រើន​ប្រឆាំងនឹង​សម្រេចចិត្ត​តាមរយៈ​ចលនា​ទំនេរ (​ដក​ប្រធានាធិបតី​ចេញពី​តំណែង​) ប្រសិនបើ​គាត់​នៅតែ​ត្រូវបាន​គេ​ចោទប្រកាន់​ពី​អំពើ​អ​សមត្ថ​​ភាព​សីលធម៌​អចិន្ត្រៃ​យ៍​។​

​នៅ​ថ្ងៃទី​ ៨ ខែមីនា សមាជិកសភា​នៃ​គណបក្ស​ស្តាំនិយម Renovation លោក Jorge Montoya រួមជាមួយ​នឹង​ភាគី​ផ្សេងទៀត​បានធ្វើការ​ផ្សព្វផ្សាយ​ការចោទប្រកាន់​ប្រធានាធិបតី​នេះ​។​

​ក្នុងចំណោម​ទឡ្ហីករណ៍​ដែល​ពួកគេ​បានលើកឡើង​ការតែងតាំង​រដ្ឋមន្ត្រី​យ៉ាងហោចណាស់​ ១០​ នាក់ ​នៃ​គណៈរដ្ឋមន្ត្រី​ស្រមោល ឬ​ចេតនា​សន្មត​របស់គាត់ ​ដើម្បី​ដាក់ជូន​ការ​​ពិគ្រោះ​យោបល់​ដ៏​ពេញនិយម​ស្ដីអំពី​ច្រកចេញ​ទៅកាន់​សមុទ្រ​សម្រាប់​បូ​លី​វី​។​

​បន្ថែម​ពីនេះ​ គំនិត​ផ្តួចផ្តើម​មួយ​បាន​ចោទប្រកាន់ថា ភាពផ្ទុយ​គ្នា​និង​ការ​ភូតកុហក​របស់​ប្រ​ធានា​ធិ​ប​តី​ក្នុងការ​ស៊ើបអង្កេត​ពន្ធ​ក៏ដូចជា ភាពមិនប្រក្រតី​ដែល​ត្រូវបាន​ចោទប្រកាន់​នៅក្នុង​ការផ្សព្វផ្សាយ​យោធា និង​ប៉ូលិស​។​

​លោក Castillo មាន​វត្ត​មាននៅ​សភា​កាលពី​ថ្ងៃ​ចន្ទ រួមជាមួយ​នឹង​មេធាវី​របស់គាត់ ដើម្បី​ការពារ​ខ្លួន​ប្រឆាំងនឹង​ការចោទប្រកាន់​ដែល​គាំទ្រ​ការស្នើសុំ និង​ការប៉ុនប៉ង​លើក​ទី​២ ក្នុង​ការបណ្តេញ​ប្រធានាធិបតី​ចេញ​នៅក្នុង​អាណត្តិ​របស់គាត់​។​

​លោក​ John Youle ​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Consult Andes ដែលជា​ក្រុមប្រឹក្សា​ហានិភ័យ​ន​យោ​​បាយ​ក្នុងស្រុក​និយាយថា​៖ «​ពាក្យ​ភាពវឹកវរ​ហាក់ដូចជា​មិន​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ពិពណ៌នា​អំពី​ស្ថានភាព​នយោបាយ​របស់​ប្រទេស​នេះ​ទៀត​ទេ​។​ ប្រទេស​ប៉េ​រូ ​មាន​ភាពមិន​ដំណើរការ​ផ្នែក​នយោបាយ​ដោយសារ​លោក Castillo មិនអាច​គ្រប់គ្រង​បានល្អ ​ឬ​មិនមាន​ឆន្ទៈ​ក្នុងការ​ជ្រើសរើស​គណៈរ​ដ្ឋ​មន្ត្រី​គ្រប់​គ្រាន់ ​ហើយ​សមាជ​បាន​ផ្តោត​តែ​លើ​ការបង្ខំ​គាត់​ចេញពី​តំណែង​ស្ទើរ​ទាំងស្រុង​»​។​

​ការតែងតាំង ការលាលែង និង​ការ​​បណ្តេញចេញ​កើនឡើង​ជាវ​ដ្ដ​ទៅហើយ​សម្រាប់​តំណែង​គណៈរដ្ឋមន្ត្រី​ប្រទេស​នេះ​។​ ជំនួយការ មេ​ប៉ូលិស​ជាន់ខ្ពស់ មន្ត្រី​យោធា និង​ចៅក្រម​ទាំងអស់​ត្រូវបាន​ជាប់​នៅក្នុង​ភាព​​ច្របូកច្របល់​ដែល​បង្ហាញថា ប្រទេស​នេះ​ពិបាក​ក្នុងការ​គ្រប់គ្រង​។​

​រដ្ឋមន្ត្រី​មួយចំនួន​របស់លោក Castillo ចូលកាន់​តំណែង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ លោក Hector Valer ដែលជា​នាយករដ្ឋមន្ត្រី​ទី​៣ របស់គាត់​បាន​ស្បថ​ចូលកាន់​តំ​​ណែ​ង​ កាលពី​ថ្ងៃ​អង្គារ ហើយ​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​សៅរ៍ នៅពេលដែល​មានការ​លេចចេញ​ព័ត៌មាន​ថា លោក​បាន​វាយ​កូនស្រី​របស់លោក​យ៉ាងធ្ងន់ធ្ងរ​រហូត​នាង​ប្ដឹង​ប៉ូលិស​។​

​រដ្ឋមន្ត្រីការបរទេស​ដំបូង​របស់លោក​ប្រធានាធិបតី​បាន​លាលែង​ពី​តំណែង ១៩ ​ថ្ងៃ ​បន្ទាប់ពី​ការ​អះអាងថា Shining Path ដែលជា​ក្រុម​ម៉ៅ​និយម​ដែល​បានធ្វើ​ភេរវកម្ម​ប៉េ​រូ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ គឺជា​ក្រុម​បម្រើសេវា​កម្ម​របស់ CIA​។ ចំណែកឯ​រដ្ឋមន្ត្រី​បរិស្ថាន​បានត្រឹមតែ​ ១​ សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​​ពី​អ្នកត្រួតពិនិត្យ​រដ្ឋ​បាន​ចង្អុល​​បង្ហាញថា គាត់​មិនមាន​លក្ខណ​​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការងារ​នេះ​។ ជា​មធ្យម​លោក Castillo បាន​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​រៀងរាល់​ ៩ ថ្ងៃ​ម្តង​។​

​ភាពច្របូកច្របល់​នេះ​ បង្ក​ឱ្យ​អ្នក​បោះឆ្នោត​ក្រីក្រ​រាប់លាន​នាក់​ដែល​បាន​គាំទ្រ Castillo កាលពី​ឆ្នាំមុន​ដោយ​ជឿជាក់​លើ​យុទ្ធនាការ​របស់គាត់​ថា "​គ្មាន​អ្នកក្រ​ទៀត​ទេ​នៅក្នុង​ប្រទេស​អ្នកមាន​កើតជា​ក្ដី​ភ័យរន្ធត់​។ អ្នកគាំទ្រ​របស់គាត់​មាន​ក្ដីសង្ឃឹម​យ៉ាងខ្លាំង​ចំពោះ​យុទ្ធនាការ​របស់គាត់​ផ្ទុយទៅវិញ ប្រទេស​ដែលជា​ប្រទេស​ផលិត​ទង់ដែង​ធំជាងគេ​ទី​២ នៅលើ​ពិភពលោក ហាក់ដូចជា​ជាប់គាំង​នៅក្នុង​ការប្រយុទ្ធ​គ្នា​មិនចេះ​ឈប់ឈរ​រវាង​ប្រធានាធិបតី​ និង​គូប្រជែង​របស់គាត់​។​

​ភាពច្របូកច្របល់​ថ្មីៗ​នេះ​ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​លោក Castillo ដោយ​ចៀស​មិន​រួច​ដែល​បាន ធ្លាក់ចុះ​ពី​ ៣៨ ​ភាគរយ (​កាល​កាន់តំណែង​) មក​នៅត្រឹម ​២៥ ​ភាគរយ​។ ​គ្មាន​ប្រធានាធិបតី​ណាមួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ប៉េ​រូ ​នាពេល​ថ្មីៗ​នេះ​ ដែល​មិនមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​រយៈពេល​ដ៏​ខ្លី​ដូច​លោក​ដែរ​។​

​យ៉ាងណាមិញ​សំណួរ​ចោទ​សួរថា តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​មានការ​បណ្តេញ​ប្រធានាធិបតី​ចេញពី​តំណែង​ដោយសារ​អសមត្ថភាព​ខាង​សីលធម៌​កើតឡើង​មែន​៕