
ទាហានអ៊ុយក្រែនម្នាក់ឈរនៅពីមុខកាំភ្លើងធំរបស់រុស្ស៊ី ដែលត្រូវបានបំផ្លាញបន្ទាប់ពីវាយប្រហារនៅតំបន់ Sumy។ AFP
៤ ថ្ងៃ បន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាឱ្យចាប់ផ្ដើមការលុកលុយចូលប្រទេសអ៊ុយក្រែន ទាហានរុស្ស៊ីបានចូលកាន់កាប់ក្រុងម៉ាការីវ ប្រមាណ ៦៥ គីឡូម៉ែត្រពីរដ្ឋធានីកៀវ។ ប៉ុន្តែនៅសប្ដាហ៍នេះ កងកម្លាំងអ៊ុយក្រែនបានប្រកាសថា ពួកគេបានចូលកាន់កាប់ក្រុងម៉ាការីវឡើងវិញហើយ ក្នុងការវាយប្រហារតបតវិញធ្វើឱ្យទាហានរុស្ស៊ីដកថយ។
វីដេអូបង្ហោះលើបណ្ដាញសង្គម Facebook ដោយអគ្គស្នងការប៉ូលិសរដ្ឋធានីកៀវ បង្ហាញទិដ្ឋភាពខូចខាត និងបោះបង់ចោលនៃក្រុងម៉ាការីវ។ ១ ថ្ងៃក្រោយមក ក្រសួងការពារជាតិអ៊ុយក្រែន បានប្រកាសថា៖ «ទង់ជាតិអ៊ុយក្រែនបង្ហោះលើក្រុងម៉ាការីវសត្រូវ ត្រូវបានរុញចេញ»។
រឿង «រំដោះ» នេះត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គម ហើយសារព័ត៌មានមួយចំនួនបានរាយការណ៍ថា កងទ័ពរុស្ស៊ីពិតជាបានដកថយចេញពីក្រុងនេះពិតមែន។ ប៉ុន្តែរឿងនេះ គឺហាក់ដូចជាមិនពិត ខណៈពេលដែលអភិបាលក្រុងម៉ាការីវ លោក វ៉ាឌីមតូកា និយាយថា កងទ័ពរុស្ស៊ីនៅគ្រប់គ្រង ១ ភាគ ៦ នៃក្រុងនេះ។
នៅប្រទេសអ៊ុយក្រែន សង្គ្រាមចំនួន ២ កំពុងកើតឡើង គឺសង្គ្រាមពិត និងសង្គ្រាមព័ត៌មាន។
បើទោះជាយ៉ាងនេះ ក៏ដោយរឿងរបស់ក្រុងម៉ាការីវ បានបង្ហាញទិដ្ឋភាពដ៏ច្បាស់មួយអំពីសង្គ្រាមនេះ ១ ខែ បន្ទាប់ពីការបញ្ជារបស់លោក ពូទីន នោះគឺភាគីទាំង ២ មិនមានប្រៀបលើភាគីមួយទៀតទេ ហើយការលុកលុយរន្ទះបាននៅទ្រឹង និងកំពុងប្រែក្លាយទៅជាសង្គ្រាមសំណឹក (War of Attrition)។
កងទ័ពរុស្ស៊ី ដែលជាងកងទ័ពធំជាងគេនៅអឺរ៉ុប បានប្រឈមនឹងបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ កំហុសយុទ្ធសាស្ត្រ ភាពធ្លាក់ទឹកចិត្តក្នុងចំណោមទាហាន និងការតដៃយ៉ាងខ្លាំងក្លាដោយកងកម្លាំងអ៊ុយក្រែន។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពរុស្ស៊ីមានសភាពជាប់ទ្រឹងមិនទៅមុខនៅសមរភូមិជាច្រើនក្នុងប្រទេសអ៊ុយក្រែន។ កងទ័ពរុស្ស៊ី បានបង្វែរទៅប្រើប្រាស់មធ្យោបាយវាយប្រហារពីចម្ងាយឆ្ងាយដូចជាការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ និងការបាញ់មីស៊ីល ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជនស៊ីវិលនៅទីក្រុងធំៗ។
ភាពជាប់គាំងនេះ គឺហាក់ដូចជាហេតុផលពីក្រោយការសម្រេចចិត្តរបស់អគ្គបញ្ជាការដ្ឋានរុស្ស៊ីក្នុងការប្រកាសថា ការលុកលុយរបស់ពួកគេឈានដល់ដំណាក់កាលថ្មី ដោយមានការបង្វែរមកផ្ដោតចូលកាន់កាប់តំបន់ដុនបាសទាំងមូល ដែលជាទីកន្លែងទាហានអ៊ុយក្រែនប្រមាណ ៤០ ០០០ នាក់ កំពុងស្ថិតក្រោមការឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី។
ឧត្ដមសេនីយ៍ សឺហ្គេ រូដស្គី នាយកនៃនាយកដ្ឋានប្រតិបត្តិការនៃកងទ័ពរុស្ស៊ី បាននិយាយថា យុទ្ធសាស្ត្ររបស់ក្រុងម៉ូស្គូកន្លងមក គឺមិនមែនដើម្បីចូលកាន់កាប់ក្រុងធំៗទេ ប៉ុន្តែជាការបង្វែរអារម្មណ៍ និងធ្វើឱ្យកងកម្លាំងអ៊ុយក្រែនទន់ខ្សោយសម្រាប់ «ការរំដោះពេញលេញ» នៃតំបន់ដុនបាស។
អ្នកវិភាគមួយចំនួននិយាយថា រុស្ស៊ីអាចឈានដល់ «ចំណុចកំពូល» នៅពេលដែលកងទ័ពមិនអាចខិតទៅមុខដោយសារការជាប់គាំងមួយចំនួនដូចជាការស្លាប់ ការរបួស ការខូចខាតឧបករណ៍ ការហត់នឿយ បញ្ហាផ្គត់ផ្គង់ដែលអាចឈានដល់ការបរាជ័យក្នុងការសម្រេចគោលដៅរបស់ខ្លួន។
បន្ថែមពីលើនេះ អ៊ុយក្រែនបានធ្វើការតបតវិញ ដែលខ្លួនអះអាងថា បានទទួលការជោគជ័យយ៉ាងខ្លាំងក្នុងការបំបែកខ្សែប្រយុទ្ធរបស់រុស្ស៊ី ហើយធ្វើឱ្យពួកគេដកថយវិញ។ លោកខាងលិចនៅមានភាពស្ទាក់ស្ទើរក្នុងការជួយអបអរអ៊ុយក្រែន ដោយសារពួកគេនៅមិនទាន់ច្បាស់អំពីភាពជោគជ័យរបស់អ៊ុយក្រែននៅឡើយទេ។
កងទ័ពអ៊ុយក្រែននៅកម្លាំងចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី ប៉ុន្តែពួកគេកំពុងជិតអស់អាវុធ និងគ្រាប់រំសេវសម្រាប់ធ្វើការប្រយុទ្ធទាំងនេះ ខណៈពេលដែលលោកខាងលិចសន្យាផ្គត់ផ្គង់ឱ្យបន្ថែមទៀត។ នេះមានន័យថា កងទ័ពអ៊ុយក្រែនអាចបាត់បង់សម្ទុះដូចកងទ័ពរុស្ស៊ីផងដែរ ធ្វើឱ្យមានការព្រួយបារម្ភ ហើយសង្គ្រាមនឹងអូសបន្លាយបន្ថែម។
យ៉ាងណាមិញ លោកខាងលិចបានព្រមានថា ភាពជាប់គាំងបែបនេះ អាចនឹងធ្វើរុស្ស៊ីចាត់វិធានការកាន់តែជ្រុលជាងមុន ដែលអាចរួមមានការប្រើប្រាស់អាវុធប្រល័យលោក។ កាលពីថ្ងៃព្រហស្បតិ៍ អង្គការណាតូបានបញ្ជាការចល័តកងកម្លាំងប្រឆាំងអាវុធគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែររបស់ពួកគេ ហើយបានបញ្ជូនឧបករណ៍ទប់ទល់នឹងផលប៉ះពាល់អាវុធប្រល័យលោកទៅឱ្យអ៊ុយក្រែន។
គេនៅមិនទាន់ច្បាស់ថា រុស្ស៊ី គឺពិតជាដកទ័ពរបស់ខ្លួនដើម្បីផ្ដោតលើតំបន់ដុនបាសមែន ឬក៏គ្រាន់ជាលេសសម្រាប់ការជាប់គាំងក្នុងការលុកលុយរបស់ខ្លួន។
ប្រមាណ ១ ភាគ ៤ នៃកងទ័ពអាជីពរបស់អ៊ុយក្រែន គឺដាក់ពង្រាយនៅតំបន់ដុនបាស ហើយប្រសិនបើរុស្ស៊ីបែរមកផ្ដោតលើតំបន់ដុនបាស នោះការបាត់បង់កងកម្លាំង និងទឹកដីនេះ គឺជាការចាញ់អាក្រក់បំផុតសម្រាប់អ៊ុយក្រែន ហើយអាចជា «ជ័យជម្នះ» សម្រាប់លោក ពូទីន នៅពេលដែលលោកបង្កើតច្រកផ្លូវគោករវាងរុស្ស៊ីនឹងឧបទ្វីបគ្រីមា៕