កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៧ មីនា ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក ​វ៉ុលឌីមៀរ ហេ្សលេនស្គី​ និយាយ​ថា ​ប្រទេស​របស់​បាន​ត្រៀម​ខ្លួន​ពិភាក្សា​ការ​ប្រកាន់​យក​ជំហរ​អព្យាក្រឹត ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី​ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ការ​ការ​ធានា​ពី​ប្រទេស​ភាគី​ទី​៣ និង​ត្រូវ​ការ​ការ​អនុម័ត​ដោយ​ការ​បោះឆ្នោត​ប្រជាមតិ​ប្រជាជន​អ៊ុយក្រែន​។

លោក​ហ្សេលេនស្គី​បាន​លើក​ឡើង​បែប​នេះ​ក្នុង​ការ​សន្ទនា​ជាង​ ៩០ នាទី​តាម​វីដេអូ​ខល​ជា​មួយ​ក្រុម​អ្នក​សារព័ត៌មាន​រុស្ស៊ី​ ក្នុង​បទ​សម្ភាសមួយ ដែល​អាជ្ញាធរ​ក្រុង​ម៉ូស្គូ​បាន​ព្រមាន​ស្ថាប័ន​សារព័ត៌មាន​ជា​មុន​ឱ្យ​ចៀស​​វាង​ផ្សព្វផ្សាយ​។ ក្នុង​បទ​សម្ភាសនេះ​លោក​ហេ្សលេនស្គី​បាន​ប្រើប្រាស់​ភាសា​រុស្ស៊ី ដូច​ពេល​មុនៗ​ដែល​លោក​ចង់​និយាយ​ទៅ​កាន់​ទស្សនិកជន​រុស្ស៊ី​។

លោក​ហ្សេលេនស្គី​និយាយ​ថា​ការ​លុកលុយ​របស់​អ៊ុយក្រែន​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​ដល់​ទីក្រុង​និយាយ​ភាសា​រុស្ស៊ី​នៅ​អ៊ុយក្រែន​ ដោយ​មាន​ការ​ខូចខាត​អាក្រក់​ជាង​សង្គ្រាម​រុស្ស៊ី​នៅ​ឆេឆិនី​ទៅ​ទៀត។

លោក​និយាយ​ថា​៖ «ការ​ធានា​សន្តិសុខ​ អព្យាក្រឹតភាព​ ជំហរ​មិន​មាន​អាវុធ​នុយក្លេអ៊ែរ​នៃ​រដ្ឋ​យើង​។ យើង​ត្រៀម​ខ្លួន​ស្រេច​ដើម្បី​ធ្វើ​វា​។ នេះ​គឺ​ជា​ចំណុច​សំខាន់​បំផុត​»​។ ប៉ុន្តែ​លោក​និយាយ​ថា​អ៊ុយក្រែន​បាន​បដិសេធ​ការ​ទាមទារ​របស់​រុស្ស៊ី​រួច​ទៅ​ហើយ​ ដែល​រួមមាន​ការ​ទាមទារ​ឱ្យ​រំសាយ​យោធា​អ៊ុយក្រែន​។

១​ខែ​បន្ទាប់​ពី​រុស្ស៊ី​ចាប់​ផ្ដើម​ការ​លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែន​ លោក​ហ្សេលេនស្គី​និយាយ​ថា​សន្តិភាព​មិន​អាច​សម្រេច​បាន​លុះត្រាតែ​មាន​បទ​ឈប់​បាញ់​ និង​ការ​ដក​ទ័ព​ចេញ​ពី​អ៊ុយក្រែន​។

លោក​និយាយ​ថា​ការ​ដណ្ដើម​មក​វិញ​នូវ​ទឹក​ដី​ដែល​រុស្ស៊ី​បាន​កាន់កាប់​ ដោយ​ប្រើប្រាស់​កម្លាំង​បាយ​គឺ​មិន​អាច​ទៅ​រួច​ទេ​ ដោយ​សារ​វា​នឹង​បង្ក​សង្គ្រាម​លោក​លើក​ទី​៣ហើយ​បាន​និយាយ​ថា​លោក​ចង់​បាន​ការ​ «ការ​សម្របសម្រួល» នៅ​តំបន់​ដុនបាស​នៅ​ភាគ​កើត​ប្រទេស​ ដែល​មួយ​ផ្នែក​ធំ​នៃ​តំបន់​នេះ​គឺ​កាន់កាប់​ដោយ​រដ្ឋ​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​៕