មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​​ទីក្រុង​សៀង​ហៃ​ បាន​និយាយ​ថា ​ខ្លួន​នឹង​បិទ​ខ្ទប់​ទីក្រុង​ជា ២ ​ដំណាក់​កាល ​ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​ក្នុង​រយៈពេល​ ៩​ ថ្ងៃ​ បន្ទាប់​ពី​ក្រុង​នេះ​រក​ឃើញ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ករណី​ប្រចាំ​​ថ្ងៃ​​ដោយ​គ្មាន​រោគ​សញ្ញា​។

អាជ្ញាធរ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា ​ពួកគេ​នឹង​បែង​ចែក​ក្រុង​សៀង​ហៃ​ជា​ ២ ​​សម្រាប់​​ការ​បិទ​ខ្ទប់​នេះ​ ដោយ​ប្រើប្រាស់​ទន្លេ​ ​Huangpu ដែល​ហូរ​កាត់​ទីក្រុង​។ខណ្ឌ​នៅ​ខាង​កើត​ទន្លេ និង​ខ្លះ​នៅ​ភាគ​ខាង​លិច​នឹង​ត្រូវ​បិទ​ខ្ទប់​ និង​ធ្វើ​តេស្ត​នៅ​ចន្លោះ​ថ្ងៃ​ទី ២៨ ខែ​មិនា​ដល់​ថ្ងៃ​ទី ១ ​ខែ​មេសា។ តំបន់ដែល​នៅ​សេស​​សល់ក៏​នឹង​ត្រូវ​បិទ​ខ្ទប់​ធ្វើ​តេស្ត​នៅ​ចន្លោះពី​​ថ្ងៃ​ទី ១​ និង​ទី ៥​​ ខែ​មេសា​។

រដ្ឋបាល​ទីក្រុងបាន​ធ្វើ​ការ​ប្រកាស​​​នៅ​លើ​គណនី​ WeChat ផ្លូវ​ការ​របស់​ខ្លួនដោយ​បន្ថែម​ថា​ កា​រ​ដឹក​ជញ្ជូន​សាធារណៈរួម​ទាំង​សេវាកម្ម​ជិះ​តាម​តំបន់​ទាំង​​នេះ នឹង​ត្រូវ​ផ្អាក​នៅ​ក្នុង​ពេល​​អំឡុង​ពេល​បិទ​ខ្ទប់​​។

ប្រភព​ដដែល​បាន​និយាយ​ផង​ដែរ​ថា ក្រុមហ៊ុននិង​រោងចក្រ​ទាំងអស់​នឹង​ផ្អាក​ការ​ផលិតហើយ​ធ្វើ​ការ​ពី​ចម្ងាយ​ក្នុង​អំឡុង​ពេល​នៃ​​ការ​បិទ​ខ្ទប់​​ក្រៅ​ពី​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​​ឬ ការ​ផ្គត់​ផ្គង់​អាហារ​។

រដ្ឋបាលក្រុង​​បាន​បន្ថែម​ថា​៖ «​សាធារណ​ជនត្រូវ​បាន​ស្នើ​សុំ​ឱ្យ​គាំទ្រ​និង​សហការ​ជាមួយ​ការងារ​បង្ការនិង​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ទីក្រុង​និង​ចូល​រួម​ក្នុង​ការ​ធ្វើ​តេស្ត​អស៊ី​ត​នុ​យ​ក្លេ​អ៊ីក​ក្នុងលក្ខណៈ​សណ្តាប់​ធ្នាប់»​។​

ទីក្រុង​សៀងហៃ​ប្រឈម​នឹង​ការ​កើនឡើង​ថ្មី​នៃ​កូវីដ ១៩ ​អស់​រយៈពេល​ជិត ​១​ ខែហើយ​កាល​ពី​ថ្ងៃ សៅរ៍ទីក្រុង​នេះ បាន​រាយការណ៍​ពី​ចំនួន​ករណី​ប្រចាំ​​ថ្ងៃ​ខ្ពស់​​បំផុត​របស់​ខ្លួនដែល​ជា​ករណី​គ្មាន​រោគ​សញ្ញា​ថ្មី​ចំនួន ២ ៦៣១ ករណី ដែល​ស្មើ​នឹង​ជិត ៦០ ភាគរយ​នៃ​ករណី​គ្មាន​រោគ​សញ្ញា​​ថ្មី​សរុប​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​នោះ​បូក​​នឹង​ករណី​ថ្មី​ចំ​នួន ៤៧ ដែល​ជា​ករណី​មាន​រោគសញ្ញា៕