
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងជួបអ្នកតំណាងសមាគមការងារ។ AFP
កាលពីថ្ងៃអាទិត្យ ទី ២៧ មីនា ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បានព្រមានប្រឆាំងនឹងការបង្កើនភាពតានតឹងជុំវិញបញ្ហាប្រទេសអ៊ុយក្រែន ១ ថ្ងៃ បន្ទាប់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ថា ជា «អ្នកកាប់សាច់» ដែល «មិនអាចបន្តកាន់អំណាច» ទៀតទេ។
«ខ្ញុំនឹងមិនប្រើពាក្យប្រភេទនេះទេ ព្រោះខ្ញុំបន្តពិភាក្សាជាមួយលោកប្រធានាធិបតី ពូទីន» លោក ម៉ាក្រុង និយាយបែបនេះនៅលើប៉ុស្តិ៍ទូរទស្សន៍ France 3 ហើយបន្តទៀតថា៖ «យើងចង់បញ្ឈប់សង្គ្រាមដែលរុស្ស៊ីបានចាប់ផ្ដើមនៅអ៊ុយក្រែនដោយមិនបង្កការតានតឹងបន្ថែមទៀត ដែលនោះគឺជាគោលដៅ»។
គោលដៅចម្បងរបស់លោកគឺ «ដំបូងសម្រេចបាននូវបទឈប់បាញ់» ហើយបន្ទាប់មក «ការដកទ័ពទាំងស្រុង» នៃកងទ័ពរុស្ស៊ី ចេញពីអ៊ុយក្រែន តាមរយៈ «មធ្យោបាយការទូត»។ លោកម៉ាក្រុងនិយាយថា៖ «ប្រសិននេះជាអ្វីដែលយើងចង់ធ្វើ យើងមិនគួរបង្កើនភាពតានតឹងទេ ទាំងពាក្យសម្ដី ឬសកម្មភាព»។
កាលពីថ្ងៃសុក្រលោកម៉ាក្រុងនិយាយថាលោកនឹងបន្តការចរចាជាមួយលោកពូទីនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកជម្លៀសជនស៊ីវិលពីក្រុងម៉ារីអូប៉ូល ដែលស្ថិតក្រោមការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី និងបានរងការបាញ់ផ្លោងយ៉ាងដំណំ។ កិច្ចខិតខំប្រឹងប្រែងបង្កើតច្រកនេះមុនៗ បានបរាជ័យរួចទៅហើយ។
យ៉ាងណាមិញ រឿងនេះបានកើតឡើងខណៈពេលដែលកំពុងរៀបចំធ្វើការបោះឆ្នោតប្រធានាធិបតីជុំទី១ នៅថ្ងៃទី ១០ មេសា ហើយប្រសិនបើគ្មានអ្នកឈ្នះការបោះឆ្នោតជុំទី២ នៅថ្ងៃទី ២៤ មេសា។ នៅថ្ងៃអាទិត្យដដែល បេក្ខជនស្ដាំនិយមលោកស្រីម៉ារីន ឡឺប៉ែនបាននិយាយថាលោកស្រីគាំទ្រវិធីសាស្ត្ររបស់លោកម៉ាក្រុង ដោយពិពណ៌នាថាការលើកឡើងរបស់លោកបៃដិន គឺ «ពាក្យសម្តីចាក់ប្រេងលើភ្លើង»។ លោកស្រីបន្ថែមថា «ការដែលប្រធានាធិបតីនៃសាធារណរដ្ឋមិនចូលរួមក្នុងការបង្កើនភាពតានតឹងគឺជារឿងល្អ»៕
វីដេអូ៖