វា​គឺជា​ប្រយោគ​ចុងក្រោយ​ក្នុងការ​ថ្លែង​សុន្ទរកថា​ចុងក្រោយ​របស់​ប្រ​ធានា​​ធិបតី​អាមេរិក​ លោក​ ចូ បៃ​ដិ​ន មុននឹង​លោក​ឡើង​យន្តហោះ ដើម្បី​ធ្វើដំណើរ​ចេញពី​ទ្វីបអឺរ៉ុប​ត្រឡប់​ទៅ​អាមេរិក​វិញ ​ជាការ​តិះដៀល​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្លា​៉​ឌី​មៀរ ពូ​ទីន ជុំវិញ​ភាពឃោរឃៅ​នៃ​ការ​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​នៅ​ចុង​សប្ដាហ៍​ប្រធានាធិបតី​អាមេរិក​រូបនេះ និយាយថា​៖ «​សម្រាប់​ប្រយោជន៍​របស់​ព្រះ បុរស​នេះ​មិនអាច​បន្ត​កាន់អំណាច​ទេ​»​។​

​ពាក្យសម្តី​នេះ​ គឺ​នៅ​ចុង​សុន្ទរកថា​ដ៏​កាចមួយ នៅ​ក្រុង​វ៉ា​សូវី នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣​ ថ្ងៃ ​រៀបចំ​យ៉ាង​ប្រញាប់ប្រញាល់​ទៅកាន់​ប្រទេស​ប៉ូឡូញ និង​បែលហ្ស៊ិក​ ក្នុង​បំណង​រក្សា​ឱ្យ​សម្ព័ន្ធមិត្ត​លោកខាងលិច​ឱ្យ​រួបរួមគ្នា​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​។​

​ប៉ុន្តែ​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ អាន​តូ​នី ប្ល៊ី​ន​កែន​ ដែល​កំពុងធ្វើដំណើរ​ទស្ស​ន​កិច្ច​ទៅកាន់​អ៊ី​ស្រា​អែល បាន​ព្យាយាម​ទប់ទល់​ផលប៉ះពាល់​នៃ​ការលើកឡើង​របស់លោក​ បៃ​ដិ​ន រួចទៅហើយ​។​

​លោក ​ប្ល៊ី​ន​កែន បាន​បដិសេធថា អា​​មេ​រិ​ក​មិន​កំពុង​ជំរុញ​ជា​ផ្លូវការ​ដើម្បី​ទម្លាក់​លោក ពូ​ទីន ពី​អំណាច​ទេ​។ អ្នកវិភាគ​ជាច្រើន​និយាយថា ប្រសិនបើ​មិនមាន​ធ្វើការ​បដិសេធ​បែបនេះ​ទេ វិមាន​ក្រឹម​ឡាំង​អាច​កាន់​តែមាន​កំហឹង ហើយ​ប្រ​ធានា​​ធិបតី​រុស្ស៊ី អាច​ថយក្រោយ​វិញ​ពី​ការ​ចរ​ចា​សន្ដិភាព ឬ​មិន​កាត់បន្ថយ​គោលដៅ​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក​ ប្ល៊ី​ន​កែន និយាយថា​៖ «​ដូចដែល​អ្នក​បានដឹង ហើយ​ដូចដែល​អ្នក​បានឮ​យើង​និយាយ​ម្ដង​ហើយ​ម្ដងទៀត​យើង​មិនមាន​យុទ្ធសាស្ត្រ​នៃ​ការផ្លាស់ប្ដូរ​របប​នៅក្នុង​ប្រទេស​រុស្ស៊ី ឬ​កន្លែង​ផ្សេងទៀតទេ​»​។​

​ភ្លាមៗ​បន្ទាប់ពី​លោក ​បៃ​ដិ​ន ​លើកឡើង​បែបនេះ សេត​វិមាន​បាន​ព្យាយាម​ធ្វើការ​​បំភ្លឺ​រួចទៅហើយ​។ អ្នកនាំពាក្យ​សេត​វិមាន​ ១ ​រូប និយាយថា លោក​ បៃ​ដិ​ន ​មិនមាន​បំណង​ធ្វើការ​ផ្លាស់ប្ដូរ​របប​នៅ​រុស្ស៊ី​ទេ ​ប៉ុន្តែ​គ្រាន់តែ​ជាការ​សង្កត់ធ្ងន់ថា លោក ពូ​ទីន ​មិនបាន​ «​អនុញ្ញាតឱ្យ​ប្រើប្រាស់​អំណាច​លើ​ប្រទេសជិតខាង​ទេ​។​

​ការលើកឡើង​របស់លោក​ បៃ​ដិ​ន​ បែបនេះ គឺ​ហាក់ដូចជា​ផ្នែក​មួយ​នៃ​ការប្រើ​​ប្រាស់​ពាក្យសម្តី​កាន់តែ​កាច​របស់លោក ​បៃ​ដិ​ន ចំពោះ​លោក ពូ​ទីន ដោយ​កាលពី​ប៉ុន្មាន​ម៉ោង​មុន​លោក ​បៃ​ដិ​ន​បាន​និយាយថា លោក ពូ​ទីន ​ជា «​អ្នក​កាប់សាច់​»​ ក្នុងអំឡុងពេល​នៃ​ការជួប​សំណេះសំណាល​ជាមួយ​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន ហើយ​នៅ​ខែ​នេះ​លោក​និយាយថា លោក ពូ​ទីន ​គឺជា «​ឧក្រិដ្ឋជន​សង្គ្រាម​»​។​

​ការផ្លាស់ប្ដូរ​ភាសា​បែបនេះ​បានធ្វើ​ឱ្យមាន​ភាពច្របូកច្របល់ និង​បង្កើត​ការ​​យល់ឃើញ​អំពី​ការផ្លាស់ប្ដូរ​ដោយ​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​បង្កើន​ការប្រឈមមុខ​ដាក់គ្នា​មួយ​នៅក្នុង​រយៈពេល​ខ្លី និង​អូសបន្លាយ​ភាព​តានតឹង​ ខណៈពេលដែល​លោកពូ​ទីន​បន្ត​កាន់អំណាច​នៅ​វិមាន​ក្រឹម​ឡាំង​។ ភាព​មិនសូវ​ស្រួល និង​តានតឹង​បាន​លេចឡើង​ក្នុងចំណោម​ប្រ​ទេស​អឺរ៉ុប​។ ប្រធានាធិបតី​បារាំង លោក ​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​និយាយថា មិនគួរ​មាន​ «​ការបង្កើន​ភាព​តានតឹង​នៃ​ពាក្យសម្តី ឬ​សកម្មភាព​ទេ​» ហើយ​មន្ត្រី​អង់គ្លេស​មួយចំនួន​បាន​និយាយ​អំពី​សារៈ​​សំខាន់​នៃ​ការរក្សា «​ច្រកចេញ​» សម្រាប់​លោក ពូ​ទីន បញ្ចប់សង្គ្រាម​នេះ​»​។​

​មិន​ថា​ វា​បាន​គ្រោងទុក​ទេ ការលើក​ឡើង​របស់លោក​ បៃ​ដិ​ន បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ថា ក្រុង​វ៉ាស៊ីនតោន កំពុង​បាត់បង់​ការគ្រប់គ្រង​សារ​របស់ខ្លួន​អំពី​សង្គ្រាម​នេះ​។ អ្នកវិភាគ​មួយចំនួន​និយាយថា ការលើកឡើង​របស់លោក​ បៃ​ដិ​ន និង​ការបំភ្លឺ​ក្រោយមក​ដោយ​មន្ត្រីក្រោមឱវាទ​របស់លោក នឹងធ្វើ​ឱ្យ​លោក ពូ​ទីន មាន​ហេតុផល​ប្រើ​វា​ជាការ​បញ្ជាក់ថា សហរដ្ឋអាមេរិក ពិតជា​មាន​គោល​បំ​​ណង​ប្រឆាំង​លោក និង​រុស្ស៊ី​ពិតមែន​។ ពួកគេ​និយាយថា លោក ពូ​ទីន ​អាច​ប្រើ​​ប្រាស់​ការលើកឡើង​នេះ​ជា​លេស​អូស​​បន្លាយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ឬ​ប្រើប្រាស់​យុទ្ធសាស្ត្រ​កាច​សាហាវ​ជាង​មុន​។​

​យ៉ាងណាមិញ​គោលដៅ​ចម្បង​របស់លោក​ បៃ​ដិ​ន ក្នុងអំឡុងពេល​ធ្វើដំណើ​រ​ទៅកាន់​អឺរ៉ុប គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​សម្របសម្រួល​យុទ្ធសាស្ត្រ​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ មុនពេល​ការសម្រេចចិត្ត​ដ៏​លំបាក​ជាងនេះទៅទៀត ​ប្រសិនបើ​លោក ពូ​ទីន បង្កើន​សង្គ្រាម​រួមទាំង​តាមរយៈ​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក​។ ដោយ​ធ្វើដំណើរ​ទៅកាន់​ចំណត​ចុងក្រោយ​ក្នុង​ទីក្រុង​វ៉ា​សូវី មន្ត្រីរដ្ឋបាល​ខ្ពស់ៗ​របស់លោក​ បៃ​ដិ​ន ជឿជាក់ថា ប្រធានាធិបតី​បានសម្រេច​នូវ​អ្វីដែល​លោក​គ្រោង​ធ្វើ​ក្នុង​ដំណើរ​ទៅកាន់​អឺរ៉ុប មុននឹង​លោក​លើកឡើង​បែបនេះ​។​

​ប្រធានាធិបតី​អាយុ ៧៩ ឆ្នាំនេះ គឺ​ហាក់ដូចជា​កាន់តែ​ក្លាហាន​ជាង​មុន​ក្នុងការ​ប្រើប្រាស់​ពាក្យសម្តី​ដោយសារ​ប្រែប្រួល​ស្ថានភាព​នៃ​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន ខណៈពេលដែល​កងទ័ព​រុស្ស៊ី​ប្រកាស​ដកថយ​មក​ផ្ដោតលើ​ការកាន់កាប់​តំបន់​ដុន​បាស​វិញ​។​

​បើទោះបីជា​មានការ​ជឿជាក់​បែបនេះ​ក៏ដោយ ក៏​នៅតែមាន​ភាពមិនប្រាកដ​ប្រជា​អំពី​ដំណើរ​នៃ​សង្គ្រាម គោលបំណង​របស់លោក ​ពូ​ទីន និង​សមត្ថភាព​របស់​ប្រទេស​អឺរ៉ុប​ក្នុងការ​ទ្រទ្រង់​ការដាក់​ទណ្ឌ​​កម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​។ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ សហរដ្ឋអាមេរិក​បាន​និយាយថា ខ្លួន​បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ទី​៣ ដែល​ជួយ​សម្រួល​ដល់​ការ​លុកលុយ​របស់​រុស្ស៊ី​ ដែល​អាច​ពង្រីក​ការដាក់​ទណ្ឌ​​កម្ម​ហិរញ្ញវត្ថុ​ដល់​បុគ្គល​ក្នុងប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំៗ​ដូចជា​ចិន និង​ឥណ្ឌា ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា តើ​អឺរ៉ុប​នឹង​ទៅជា​មួយ​ដែរ ឬទេ​?