​ចៅក្រម​សហរដ្ឋអាមេរិកបានសម្រេច​ កាលពី​ថ្ងៃ​ចន្ទ​ថា អតីត​​ប្រធានាធិបតី​អាមេរិក​ លោក Donald J. Trump និង​មេធាវី​ដែល​បាន​ណែនាំ​គាត់​អំពី​របៀប​លុប​លទ្ធផល​ការបោះឆ្នោត​ឆ្នាំ​ ២០២០ រួមទាំង​ការរារាំង​ការងារ​របស់​សភា និង​ការ​សមគំនិត​ក្នុងការ​បន្លំ ទំនងជា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំងនោះ​មែន​។​

​ការអត្ថាធិប្បាយ​របស់​ចៅក្រម​នៅក្នុង​សំណុំរឿង​រដ្ឋប្បវេណី​រប​ស់លោក​មេធាវី John Eastman បាន​កត់​​សម្គាល់​ពី​របកគំហើញ​ដ៏​សំខាន់​មួយ​សម្រាប់​គណៈកម្មាធិកា​រ​សភា​អា​មេ​រិ​ក​ដែល​កំពុង​ស៊ើបអង្កេត​ការ​វាយ​ប្រហារ​ កាលពី​ថ្ងៃទី​ ៦ ខែ មករា ២០២១ ​លើ​វិមាន​កា​ពី​តូ​ល​របស់​សភា​។ ​គណៈកម្មាធិការ ដែល​កំពុង​ថ្លឹងថ្លែង​ការបញ្ជូន​ការចោទប្រកាន់​ឧក្រិដ្ឋកម្ម​ទៅកាន់​ក្រសួងយុត្តិធម៌​បាន​ប្រើប្រាស់​ឯកសារ​ក្នុង​សំណុំ​រឿងនេះ ដើម្បី​ដាក់ចេញ​នូវ​ការចោទប្រកាន់​ឧក្រិដ្ឋកម្ម​ដែល​ខ្លួន​ជឿថា លោក Trump ប្រហែលជា​បាន​ប្រព្រឹត្ត​មែន​។​

​លោក Trump មិនត្រូវ​បាន​គេ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ណាមួយ​ឡើយ ហើយ​ការសម្រេច​របស់​ចៅ​ក្រម​ពេលនេះ​ មិនមាន​ឥទ្ធិពល​ផ្លូវ​​ច្បាប់​ជាក់ស្ដែង​ភ្លាមៗ​មកលើ​រូប​​លោក​ឡើយ​។ ប៉ុន្តែ​វា​បានផ្ដល់​សច្ចាប័ន​ជាសំខាន់​នូវ​អំណះអំណាង​សម្រាប់​ការងារ​របស់​គណៈ​ក​ម្មា​ធិ​ការ​សភា​ដែលថា កិច្ចខិតខំ​ប្រឹងប្រែងរ​ប​ស់លោក Trump ក្នុងការ​រារាំង​សភា​ពី​ការបំពេញ​កិច្ចការ​អាច​បង្កើន​កម្រិត​ទោស​ទៅជា​ការ​សមគំនិត​ឧក្រិដ្ឋកម្ម​៕